អតីត​គ្រូ​បង្រៀន បង្កើត​ឧបករណ៍​តន្ត្រី​ចម្រុះ​អូស​តាម​កង់ ល្បី​ពេញ​ប្រទេស​ចិន

  • 2015-02-28 16:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចំណាស់​វ័យ ៦៩​ឆ្នាំ​ម្នាក់​នៅ​ក្រុង Luoyang ខេត្ត Henan ប្រទេស​ចិន បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ពី​សាធារណៈ​ជន​យ៉ាង​ខ្លាំង ដោយសារ​លោក​មាន​សមត្ថភាព​អាច​បង្កើត​ឧបករណ៍​តន្ត្រី​ចម្រុះ​ដល់​ទៅ៩ ខុសៗ​គ្នា និង​ប្រគំ​បាន​ដោយ​ប្រើ​ដៃ ជើង ព្រម​ទាំង​ច្រៀង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ​

 

 

លោក Lu Feixing ដែល​ជា​អតីត​គ្រូ​បង្រៀន​នៅ​សាលា​មជ្ឈិម​ក្រុង Luoyang មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​តន្ត្រី និង​ចាប់​យក​​ជំនាញ​ឧបករណ៍​តន្ត្រី​នានា​តាំង​ពី​នៅ​តូច​ម៉្លោះ។ បុរស​វ័យ​ចំណាស់​នេះ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ចិន​មួយ​ថា ខ្លួន​អាច​លេង​ឧបករណ៍​ភ្លេង​ជា​ច្រើន​ដូច​ជា ផ្លុំ​ខ្លុយ និង​កូដ​ទ្រ ចុច​អក​ជាដើម...។ ​

 

បន្ទាប់​ពី​ចូល​និវត្តន៍ លោក​បាន​ចាប់​ផ្ដើម​យក​ទ្រ​របស់​ខ្លួន​ទៅ​ប្រគំ​ជាមួយ​តន្ត្រីករ​ផ្សេង​ទៀត​នៅ​ទីលាន​ក្រុង។ នៅ​ពេល​សមាជិក​ក្រុម​ផ្សេង​ទៀត​មិន​អាច​ប្រគំ​ឧបករណ៍​របស់​ពួក​គេ​បាន លោក​ចាប់​ផ្ដើម​ប្រគំ​ជំនួស​ឧបករណ៍​ទាំង​អស់​នោះ​ព្រម​គ្នា។ បន្ទាប់​ពី​ឃើញ​អ្នក​ចម្រៀង​ពាក់​កាស​ត្រចៀក និង​ដាក់​មីក្រូ​ជាប់​មាត់​កុំ​ឲ្យ​ពិបាក​កាន់ ពេល​ច្រៀង ​និង​រាំ លោក​បាន​បង្កើត​វា​ដោយ​ខ្លួន​ឯង​ទៀត។

 

អតីត​គ្រូ​បង្រៀន​ពោល​ពេញ​ដោយ​ទេព​កោសល្យ​សិល្បៈ បាន​ដឹក​ឧបករណ៍​តន្ត្រី​ទាំង​អស់​របស់​ខ្លួន តាម​រយៈ​កង់​កញ្ចាស់ ដែល​កែច្នៃ​ឡើង​ដោយ​ខ្លួន​ឯង នៅ​ពេល​លោក​ទៅ​សម្ដែង​នៅ​កន្លែង​ណា​មួយ។ លោក Lu បាន​និយាយ​ដោយ​មោទនភាព​ថា "ចាស់ៗ​ចូល​ចិត្ត​តន្ត្រី​បុរាណ ចំណែក​ក្មេង​ៗ​ចូល​ចិត្ត​តន្ត្រី​ប៉ុប... តែ​ខ្ញុំ​វិញ​ស្រលាញ់​ទាំង​ពីរ ហើយ​ចេះ​លេង​ទាំង​ពីរ​ហ្នឹង"។

 

 

 

 

 

 

ចុចអាន៖ ប្លង់​ព្រលាន​យន្តហោះថ្មី​ទីក្រុង​ប៉េកាំង ​មើល​ទៅធំ​មហិមា​អស្ចារ្យ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist