៧​ឆ្នាំ​សោះ​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង​​​​​អាជីព​ក្មេង​បំផុត​​បំបែក​កំណត់ត្រា​​ Guinness

  • 2015-02-28 18:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​នេប៉ាល់​ម្នាក់​បាន​ធ្វើ​ឲ្យ​ពិភព​ភាពយន្ត​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​អាច​ដឹកនាំ​រឿង​​ជា​លក្ខណៈ​អាជីព​ក្នុង​វ័យ​ដ៏​ក្មេង​ត្រឹម ​៧ ​ឆ្នាំ។ ​ក្មេង​ប្រុស​ Saugat Bista ​ត្រូវ​បាន​​កំណត់ត្រា​ពិភពលោក​ Guinness ​ចាត់​ចូល​​​ជា​អ្នក​ដឹកនាំ​រឿង​អាជីព​ក្មេង​បំផុត​​ក្នុង​លោក​​​បំបែក​កំណត់ត្រា​ចាស់​របស់​កុមារា​ Kishan Srikanth ​ក្នុង​ឆ្នាំ ​២០០៦ ​ដែល​កាល​ណោះ​គេ​មាន​អាយុ​ ៩ ​ឆ្នាំ ​ក្នុង​វ័យ​ត្រឹម​ ៧ឆ្នាំ​ និង ៣៤០ថ្ងៃ។

 
 

Saugat Bista ទទួល​​វិញ្ញាបនបត្រ​​​កំណត់ត្រា​ពី​ Guinness

 

​​​​​ក្មេង​ប្រុស​ថ្នាក់​ទី​ពីរ​ដែល​ទទួល​បន្ទុក​ថត​រឿង​អាជីព​រូប​នេះ​ បាន​ដឹកនាំ​រឿង​ដំបូង​របស់​ខ្លួន​មាន​ចំណងជើង​ថា ​"Love You Baba” ​ដោយ​ប្រើ​ពេល​ ២៧ ​ថ្ងៃ​​ថត​ជុំវិញ​ប្រទេស​នេប៉ាល់។ ​​​ពេល​ផ្ដល់​សម្ភាស​ជាមួយ​សារព័ត៌មាន​ចិន​ស៊ីនហួរ​ពី​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​ទទួល​​កំណត់ត្រា​ពិភពលោក​ ​Saugat ​បាន​ឆ្លើយ​ដូច​មនុស្ស​ធំ​ដឹង​ក្ដី​ថា ​"ខ្ញុំ​រីករាយ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​នេះ។ ​​វា​ជា​លទ្ធផល​​នៃ​ចំណង់ចំណូលចិត្ត ​​ក្ដី​ស្រឡាញ់​ ​និង​ការ​ជឿជាក់​ដ៏​ធំធេង​​ពី​ឪពុកម្ដាយ​ខ្ញុំ"។

 
 

សកម្មភាព​ Saugat ​ដឹកនាំ​រឿង

 

​​​Saugat ​​មិន​មែន​​មិន​ធ្លាប់​ពាក់ព័ន្ធ​នឹង​ភាពយន្ត​ទាំង​ស្រុង​ទេ ​​កាល​ពី​អាយុ​ ៥ ​ឆ្នាំ​គេ​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ត​ឯកសារ ​​និង​ពាណិជ្ជកម្ម​ទូរទស្សន៍​​មួយ​ចំណួន​​ដែរ។ ​​ក្រៅ​ពី​នេះ​ គេ​មាន​ឪពុកម្ដាយ​ និង​បង​ប្អូន​ដែល​​ធ្វើ​ការ​ក្នុង​វិស័យ​ភាពយន្ត​ស្រាប់​​ជា​អ្នក​ជ្រោមជ្រែង​ពី​ក្រោយ។

 

ក្មេង​ប្រុស​ដ៏​ពោរពេញ​ដោយ​ទេពកោសល្យ​នេះ​ គ្រោង​ថត​ភាគ​ទី​ពីរ​នៃ​រឿង​ ​"Love You Baba”​ ក្នុង​ពេល​ពេល​ខាង​មុខ​ទៀត​ផង។ ​​មើល​សកម្មភាព​ដឹកនាំ​របស់​ Saugat ​ខាងក្រោម៖

 

http://youtu.be/lfP7gQzxlVQ  

ប្រភព៖ ​Xinhua​