​ផ្កាយរណប​អាមេរិក​ផ្ទុះ​ ខ្ទាត​បំណែក​តូច​ៗ​ចំនួន៤៣ ក្នុង​គន្លង​ផែន​ដី​

  • 2015-03-04 17:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយ​រណប​របស់​សហរដ្ឋអាមេរិក​ដែល​មាន​អាយុ​កាល​ ២០ឆ្នាំ​ បាន​ផ្ទុះ​ និង​បាន​ខ្ទាតបំណែក​​តូច​ៗ ​​​ក្នុង​គន្លង​ផែន​ដី កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​​កន្លង​ទៅ។

 

 

​បើ​តាម​​អង្គការ NASA របស់​អាមេរិក និង​ភ្នាក់ងារ​អវកាស​ ESA របស់​អឺរ៉ុប​​ បាន​ឱ្យ​ដឹង​ថា​ផ្កាយរណប​ផ្ទុះ​នៅ​លើ​អាកាស​នេះ​ឈ្មោះ Defense Meteorological Satellite Program Flight 13 (DMSP-F13) ​ ហើយ​បាន​ខ្ទាត​​បំណែក​តូច​ៗ​ចំនួន ៤៣ នៅ​ក្នុង​លំហ​ ដែល​នៅ​រយៈ​ចម្ងាយ​ប្រមាណ ៨០០គីឡូម៉េត្រ​ពី​ផែនដី​។ ចំពោះ​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ផ្ទុះ​នេះ ​គឺ​បណ្ដាល​មក​ពី​បញ្ហា​​សីតុណ្ហភាព​នៅ​លើ​អាកាស។

 

NASA និង ESA បាន​បន្ថែម​ទៀត​ថា​ផ្កាយរណប DMSP-F13 បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ទល់​ពេល​បច្ចុប្បន្ន ដែល​ក្លាយ​ជា​ផ្កាយរណប​ដំណើរ​ការ​បាន​យូរ​ជាង​គេ​ ហើយ​​ការ​ផ្ទុះ​នេះ​ ​មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​ផ្កាយ​រណប​ផ្សេង​ទៀត​នោះ​ឡើយ។ ផ្កាយ​រណប​ប្រភេទ DMSP នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សិក្សា​ពី​​​​បរិយាកាស និង​មហា​សមុទ្រ។  បច្ចុប្បន្ន​ ផ្កាយរណប​ប្រភេទ​ DMSP នេះ​ចំនួន ៦កំពុង​ស្ថិត​ក្នុង​គន្លង​ផែនដី រីឯ ៧ផ្សេង​ទៀត​នឹង​ចាប់​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៦​ខាង​មុខ។

 

 

អ្នក​ជំនាញ​មួយ​រូប​របស់​អង្គការ NASA លោក Eugene Stansbery និយាយ​ថា បំណែក​​ផ្ទុះ​ចេញ​ពី​ផ្កាយ​រណប​នេះ នៅ​មាន​ទំហំ​តូច​ជាង​បំណែក​ ដែល​ផ្ទុះ​ចេញ​ពី​ផ្កាយរណប ASAT របស់​ចិន​ក្នុង​ឆ្នាំ​ ២០០៧ និង Iridium (របស់​អាមេរិក) និង Cosmos​ (របស់​រុស្ស៊ី)​ នៅ​ឆ្នាំ ២០០៩​ នៅ​ឡើយ​ទេ។ ផ្កាយ​រណប​ទាំង​បី​នេះ បាន​ផ្ទុះ​ចេញ​បំណែក​តូច​ៗ​រាប់​រយ​ចូល​ក្នុង​គន្លង​ផែនដី៕ ​​​​

 

អាន៖ មិន​គួរ​ឲ្យ​ជឿ! ​អវកាស​យានិក​​​​ថត​ Selfie ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail