ទូច សម្ភស្ស និស្សិតឆ្នើមសាលាតិចណូមានទាំងសមត្ថភាព និងសំណាងស្មានមិនដល់
- 2015-03-04 17:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច សម្ភស្ស និស្សិតឆ្នើមសាលាតិចណូមានទាំងសមត្ថភាព និងសំណាងស្មានមិនដល់
ចន្លោះមិនឃើញ
ធំដឹងក្តីនៅរាជធានីភ្នំពេញ កញ្ញា ទូច សម្ភស្ស ត្រូវបានចាត់ទុកជាយុវតីមួយរូបដែលមានទាំងសមត្ថភាព និងសំណាងខ្ពស់មែនទែន។ កញ្ញាប្រជែងបានអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត(PHD)នៅប្រទេសពីរផេ្សងគ្នា ក្រោយចប់ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) កាលពីឆ្នាំ២០០៩លើជំនាញអភិវឌ្ឍន៍ជនបទ និងភូគព្ភសាស្ត្រ ព្រមទាំងជាប់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក។ ជាកូនទី៤ក្នុងចំណោមបងប្អូន៤នាក់ កញ្ញ ទូច សម្ភស្ស ដើមឡើយមិនដែលស្រមៃថានឹងអាចជាប់អាហារូបករណ៍ទៅសិក្សានៅបរទេស ឬមានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ដែលជាដែនដីនៃប្រទេសមហាអំណាចនោះទេ។ ប៉ុន្តែកញ្ញាបានជាប់អាហារូបករណ៍រៀនថ្នាក់អនុបណ្ឌិតសិក្សានៅសាកលវិទ្យាល័យជូឡាឡុងកនលើជំនាញ Civil geotechnic បន្ទាប់មកបានប្រលងជាប់អាហារូបករណ៍សិក្សានៅប្រទេសជប៉ុនថ្នាក់បណ្ឌិត(PHD) លើជំនាញCivil geotechnic and Environment ។ ពេលកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ សម្ភស្ស បានទទួលព័ត៌មានមិននឹកស្មានដល់មួយទៀត គឺការជាប់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក តាមរយៈឯកសារ ដែលមិត្តភ័ក្ដិបានដាក់ឱ្យ។ កញ្ញាបានទទួលសិទ្ធិរស់នៅសហរដ្ឋអាមេរិកតាមរយៈ Green Card ដែលអាចចេញចូលបាន។
និស្សិតឆ្នើម ដែលបានប្រលងជាប់បាក់ឌុបកាលពីឆ្នាំ២០០៤ រូបនេះឲ្យដឹងថា ការជាប់អាហារូបករណ៍សិក្សានៅប្រទេសថៃគឺផ្អែកលើកម្រិតពិន្ទុខ្ពស់ និងការជ្រើសរើស ប្រធានបទដែលយើងគិតថាចាំបាច់ សម្រាប់សិក្សាថ្នាក់អនុបណ្ឌិត។ សម្ភស្ស បានសម្រេចចិត្តប្រឹងរៀនជំនាញមួយ ដែលនិស្សិតស្រីភាគតិចបំផុតជ្រើសរើសរៀន រយៈពេល៥ឆ្នាំនៅសាលាតិចណូ ប៉ុន្តែនេះគឺជាការសម្រេចតាមបំណងអ្នកម្តាយ ដែលបានលាចាកលោកទៅហើយ ដោយសារជំងឺ កាលកញ្ញារៀនឆ្នាំទី១។ ម្តាយ សម្ភស្ស គឺជាអតីតមន្ត្រីបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ចំណែកលោកឪពុកជាមន្ត្រីចូលនិវត្តន៍នៅការិយាល័យលិខិតឆ្លងដែន។ អតីតសិស្សនិទ្ទេស C រូបនេះលើកឡើងថា ការពិតខ្លួនមានបំណងរៀនមុខវិជ្ជាច្បាប់ឯណោះទេ។ ប៉ុន្តែបានប្តូរមករៀនជំនាញខាងលើ និងថា វាជាសម្រេចចិត្តមួយដែលមិនធ្វើឱ្យកញ្ញាស្តាយក្រោយនោះទេ។ កញ្ញាបានយកចិត្តទុកដាក់រៀនសូត្រ បើទោះជាសម្ពាធផ្លូវចិត្តបានវាយប្រហារយ៉ាងធ្ងន់ធ្ងរក្តី។ នៅដើមឆ្នាំ២០១២ សម្ភស្ស បានជាប់អាហារូបករណ៍ជាថ្មីទៀតថ្នាក់បណ្ឌិត(PHD)នៅប្រទេសជប៉ុន ដោយសារកម្រិតពិន្ទុខ្ពស់ ហើយក្នុងពេលឆាប់ៗ ខាងមុខនេះការសិក្សាថ្នាក់បណ្ឌិតនឹងត្រូវចប់ជាស្ថាបពរ តាមពេលកំណត់រយៈពេល៣ឆ្នាំ។ លទ្ធផលដែលទទួលបានទាំងនេះ សម្ភស្ស មិនចាត់ទុកខ្លួនឯងជាមនុស្សអស្ចារ្យនោះទេ។ ប៉ុន្តែកញ្ញាលើកឡើងថា ទាំងនេះកើតចេញពីការសម្រេចចិត្តត្រូវ និងការជ្រើសរើសត្រូវ។ជាក់ស្តែងកញ្ញាបានជ្រើសរើសប្រធានបទសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិតសុទ្ធតែឆ្លងកាត់ការពិគ្រោះយោបល់ពីសាស្រ្តាចារ្យ និងអ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ ហើយខំព្យាយាមដោយខ្លួនឯង។
សម្ភស្ស ប្រៀបបានទៅនឹងដុំពេជ្រមួយគ្រាប់នៅក្នុងក្រសែភ្នែកលោកឪពុក ព្រមទាំងបងប្អូន ព្រោះច្រើនឆ្នាំមកនេះ លោកឪពុកតែងព្រួយបារម្ភពីសុខទុកកូន ខណៈប្រទេសថៃពេលនោះមានបញ្ហាផ្ទៃក្នុង ក៏ដូចទំនាស់ព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែភាពរឹងមាំរបស់ សម្ភស្ស តាំងពីដើមមក និងការទាក់ទងតាមប្រព័ន្ធទូរសព្ទជាប្រចាំបាននាំឲ្យការព្រួយបារម្ភត្រូវកាត់បន្ថយ។
កត្តាដែលនាំមកដល់ចំណុចនេះត្រូវបាន សម្ភស្ស លើកឡើងថា នៅគ្រប់ដំណាក់កាល ខ្លួនបានយកអ្នកមានសមត្ថភាពខ្ពស់ធ្វើជាគំរូ។ អ្នកមានសមត្ថភាពតែងបានអាហារូបករណ៍សិក្សានៅបរទេស។ កញ្ញាប្រកាន់យកទស្សនៈ អ្នកផេ្សងធ្វើបាន យើងក៏អាចធ្វើបាន។ ធ្វើអ្វីដែលយើងចង់ធ្វើ និងប្រឹងប្រែងឲ្យអស់លទ្ធភាព។ មនុស្សម្នាក់មានភាពខ្ជិលដូចៗ គ្នា ប៉ុន្តែសូមកុំឲ្យភាពខ្ជិលនោះគ្រប់ដណ្តប់ដល់កិច្ចការសំខាន់ៗ។ ត្រូវមានគោលដៅសម្រាប់ខ្លួនឯង និងមានទំនាក់ទំនងល្អជាប់ជានិច្ច។
ទៅថ្ងៃអនាគត សម្ភស្ស មានបំណងក្លាយជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ និងបន្តរស់នៅសហរដ្ឋអាមេរិក៣ឆ្នាំ ទម្រាំបានសញ្ជាតអាមេរិកពេញលេញ ព្រមស្វែងរកបទពិសោធន៍ការងារខ្លះ ទើបវិលមកមាតុប្រទេសវិញ៕
អត្ថបទ៖មៃ សុខលីម