ស្ពានអ្នកលឿងនឹងបើកសម្ពោធនៅថ្ងៃទី៦ ខែមេសា
- 2015-03-04 21:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានអ្នកលឿងនឹងបើកសម្ពោធនៅថ្ងៃទី៦ ខែមេសា
ចន្លោះមិនឃើញ
ស្ពានអ្នកលឿង ដែលចាត់ទុកជាស្ពានស្អាត និងវែងជាងគេ នៅកម្ពុជានឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខ មុនបុណ្យចូលឆ្នាំខ្មែរ។ ដោយដកស្រង់ប្រសាសន៍ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សរសេរនៅលើទំព័រ Facebook មុននេះ ស្ពានអ្នកលឿងនឹងត្រូវសម្ពោធដាក់ឲ្យប្រើជាផ្លូវការនៅថ្ងៃច័ន្ទ ទី៦ ខែមេសា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពានអ្នកលឿង ដែលមានប្រវែង សរុបចំនួន ២២២០ ម៉ែត្រ ទទឹងប្រវែង ១៣ ម៉ែត្រ និងមានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ បានក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅកម្ពុជា។ បើតាមឯកឧត្តម កឹម គុណវឌ្ឍន៍ គុណភាពសំណង់ស្ពានអ្នកលឿងគឺ មានអាយុកាលលើស១០០ឆ្នាំ។ សំណង់ស្ពាននេះមានអ្នកជំនាញការជប៉ុនចំនួន៩នាក់ មន្រ្តី-វិស្វករខ្មែរ ៥៧នាក់ កម្មករខ្មែរ ៦៤៧នាក់ និងបរទេស ២៥នាក់ បម្រើការនៅការដ្ឋានសាងសង់ស្ពានអ្នកលឿង៕
អត្ថបទ៖មៃ សុខលីម