រឿង​៧​​​យ៉ាង​ អ្នក​ប្រហែល​មិន​ដឹង​ពី​ជីវិត​ Cristiano Ronaldo

  • 2015-03-05 13:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​នា​ពេល​បច្ចុប្បន្ន​ ​អាច​ចាត់​ទុក​ថា​ជា​កំពូល​កីឡាករ​បាល់ទាត់​ម្នាក់​នៅ​លើ​លោក​នេះ។ ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ ​មាន​អ្នក​គាំទ្រ​នៅ​លើ​គេហទំព័រ​ Facebook ​ជាង​១០៧​លាន​នាក់​មក​ហើយ។ ងាក​មក​រឿង​ផ្ទាល់​ខ្លួន​វិញ​ម្ដង បុរស​សំបូរ​មន្ត​ស្នេហ៍​រូប​នេះ​មាន​មិត្ត​ស្រី​មិន​តិច​ជាង​១២​នាក់​នោះ​ទេ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​នារី​ទាំង​អស់​នោះ​ទៀត​សោត​គឺ​សុទ្ធ​តែ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ដឹង​ទៅ​ហើយ ចុះ​មាន​រឿង​អ្វី​ទៀត​ដែល​ប្រិយមិត្ត​អាច​មិន​ទាន់​ដឹង​នោះ?

 

 

 

ខាង​ក្រោម​នេះ​ Sabay ​នឹង​លើក​យក​រឿង​៧​យ៉ាង​ ដែល​មិត្ត​អ្នក​អាន​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ពី​កំពូល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ៖

 

១. លើ​ខ្លួន​កីឡាករ​ម្នាក់​នេះ​គ្មាន​សាក់​នោះ​ទេ

 

 

 

លើ​ខ្លួន​ Ronaldo ​គ្មាន​ស្នាម​សាក់​នោះ​ទេ ហើយ​ហេតុ​ផល​ដែល​រូប​គេ​មិន​ចាក់​សាក់​ដូច​កីឡាករ​ដទៃ​ទៀត​នោះ ​គឺ​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម​រូប​នេះ​តែងតែ​ទៅ​បរិច្ចាគ​ឈាម​យ៉ាង​តិច​២​ដង​ក្នុង​មួយ​ឆ្នាំ។ មួយ​វិញ​ទៀត American Red Cross ​បាន​និយាយ​ដែរ​ថា​មនុស្ស​ណា​ដែល​មាន​ស្នាម​សាក់​អាច​ប្រឈម​មុខ​ច្រើន​ទៅ​នឹង​ជំងឺ​ផ្សេង​ៗ ដូច្នេះ​មុន​នឹង​អាច​បរិច្ចាគ​ឈាម​បាន​ត្រូវ​ទៅ​ពិនិត្យ​ឱ្យ​បាន​ម៉ត់​ចត់​សិន ។

 

២. Ronaldo ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរសធម៌​ណាស់

 

 

 

នៅ​ឆ្នាំ​២០០៤ រលក​សូណាមិក​បាន​បោក​បក់​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន ​និង​ឥណ្ឌា ខណៈ​ដែល​ពេល​នោះ​មាន​ក្មេង​ប្រុស​ឥណ្ឌា​ម្នាក់​ដែល​មាន​ចិត្ត​ស្រលាញ់​ Ronaldo ​មាន​ជីវិត​រស់​រាន​ប៉ុន្តែ​គ្រួសារ​របស់​គេ​បាន​ស្លាប់​អស់​ទៅ​ហើយ។ គ្រា​នោះ Ronaldo ​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​មូលនិធិ​មួយ​ដើម្បី​ជួយ​ដល់​កុមារ​នោះ​ដូចជា​សាងសង់​ផ្ទះ​នៅ​តំបន់​ដែល​មាន​គ្រោះ​ធម្មជាតិ​នោះ​ឡើង​វិញ។

 

៣. កីឡាករ​បាល់ទាត់​ដំបូង​ដែល​មាន​ឈ្មោះ​នៅ​បញ្ជី​ Forbes

 

 

​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៤ ខ្សែ​ប្រយុទ្ធ​ Real Madrid ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដំបូង​ដែល​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​នៅ​លើ​លោក​នេះ​ របស់​ Forbes។ ពោល​គឺ​គិត​តាំង​ពី​ដើម​ឆ្នាំ​២០១៤ រហូត​ដល់​ខែ​ឧសភា ​រូប​គេ​មាន​ប្រាក់​រហូត​ដល់​ទៅ​៧៣​លាន​ដុល្លារ​អាមេរិក។

 

៤. ជា​កីឡាករ​ដែល​មាន​អ្នក​ស្រាវជ្រាវ​លើ​ Google ​ច្រើន​ជាង​គេ

 

 

 

បច្ចុប្បន្ន​នេះ​ ម្ចាស់​ពាន​ Ballon d'Or ​៣​សម័យ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​អ្នក​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត​ច្រើន​ជាង​គេ។ ខណៈ​ដែល​ការ​ស្រាវជ្រាវ​នោះ​មាន​ដូចជា ស្វែងរក​ពី​ជីវប្រវត្តិ , បញ្ហា​ដោះ​ដូរ​កីឡាករ , កម្ម​វិធី​ប្រកួត​និង​បញ្ហា​របួស​ជា​ដើម។

 

៥. Ronaldo ​មាន​សារមន្ទីរ​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​ព័រទុយហ្គាល់

 

 

 

Ronaldo ​មាន​សារមន្ទីរ​ផ្ទាល់​ខ្លួន​នៅ​ស្រុក​កំណើត​របស់​គេ​ក្នុង​តំបន់ Funchal ​ទីក្រុង Madeira  ​ប្រទេស​ព័រទុយហ្គាល់។ សារមន្ទីរ​នេះ ​គឺ​បើក​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចូល​មើល​ដោយ​សេរី​ ហើយ​ក្នុង​នោះ​ដែរ​មាន​ទៅ​ដោយ​រូបភាព ​និង​ពាន​រង្វាន់​ដែល​កំពូល​កីឡាករ​ខាងលើ​នេះ​ទទួល​​បាន​ពី​មុន​មក។

 

៦. កីឡាករ​ម្នាក់​នេះ​លោត​បាន​ខ្ពស់​ជាង​កីឡាករ​បាល់​បោះ​ធម្មតា​ទៅ​ទៀត

 

 

 

​ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា បុរស​វ័យ​៣០​ឆ្នាំ​រូប​នេះ​អាច​លោត​ខ្ពស់​មែន​ទែន ពោល​គឺ​លោត​តែត​បាល់​ម្ដង​ៗ​គឺ​ផុត​គេ​ផុត​ឯង​។ ទន្ទឹម​នឹង​សមត្ថភាព​នេះ​ដែរ បុរស​កូន​មួយ​រូប​នេះ​អាច​លោត​បាន​៤៤​សង់ទីម៉ែត្រ​នៅ​ពេល​ឈរ​ និង​៧៨​សង់ទីម៉ែត្រ​នៅ​ពេល​ដែល​រត់​លោត។ ខណៈ​ដែល​ការ​លោត​នេះ​ដែរ ប្រសិន​បើ​ប្រៀបធៀប​ទៅ​នឹង​កីឡាករ​បាល់​បោះ NBA ​ល្មម​ៗ​គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

 

៧. ធ្លាប់​មាន​ជំងឺ​គាំង​បេះ​ដូង​

 

 

 

នេះ​ជា​រឿង​មិន​នឹក​ស្មាន​ដល់ ព្រោះ​ថា​ Ronaldo ​ធ្លាប់​កើត​ជំងឺ​គាំង​បេះដូង​ពេល​មាន​អាយុ​១៥​ឆ្នាំ។ គ្រា​នោះ​រូប​គេ​ហ្វឹកហាត់​បាល់ទាត់​នៅ​ប្រទេស​ព័រទុយហ្គាល់​ហើយ​ក្រុម​គ្រូពេទ្យ​នៅ​ទី​នោះ​បាន​ពិនិត្យ​ឃើញ​ថា​បុរស​កម្ពស់​១,៨៦​ម៉ែត្រ​រូប​នេះ ​មាន​បញ្ហា​ខ្សោយ​បេះ​ដូង។ ជា​រឿង​សំណាង​​ដែល​ Ronaldo នៅ​ក្មេង ​ហើយ​ជំងឺ​នេះ​មិន​ទាន់​ធ្ងន់ធ្ងរ​ ក៏​ក្រុម​គ្រូពេទ្យ​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​​ទទួល​បាន​ជោគជ័យ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ sportlobster