ទីបំផុត មូន ម៉ារ៉ា ចូលរោងការស្រេច
- 2015-03-05 15:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត មូន ម៉ារ៉ា ចូលរោងការស្រេច
ចន្លោះមិនឃើញ
ដូចនឹងការបង្ហើបប្រាប់ Sabay ក្នុងថ្ងៃមង្គលការ ពេជ្រ សោភា អតីតតារាចម្រៀងផលិតកម្ម KH មូន ម៉ារ៉ា បានចូលរោងការហើយ កាលពីថ្ងៃទី១ មីនា កន្លងទៅនេះ។
ព័ត៌មាន ទើបធ្លាយនៅព្រឹកនេះ ដោយ មូន ម៉ារ៉ា ជាអ្នកបង្ហោះរូបភាពស្ដីពីពិធីជ័យដោយខ្លួនឯងតែម្តង ដោយភ្ជាប់ជាមួយសារជូនទៅភរិយាមួយផង។ "អរគុណប្រពន្ធសំឡាញ់នូវចិត្តស្រលាញ់ដ៏ស្មោះរបស់អូនចំពោះបង និងព្រមទទួលបងធ្វើជាស្វាមីរបស់អូន...បងសន្យាថាបងនឹងធ្វើជាប្តីល្អរបស់អូន និងស្រលាញ់អូនជារៀងរហូតដល់ថ្ងៃដែលបងអស់ជីវិត... ”។
អ្នកគាំទ្រជាច្រើនចូលមកអបអរសាទរ។ តាមរូបភាពប៉ុន្មានសន្លឹកនោះ បានឲ្យដឹងថា ភរិយារបស់លោកមានឈ្មោះ អេង អ៊ីតា។ កូនកំលោះ បានឆ្លើយប្រាប់ Sabay បន្ថែមថា លោកពិតជាបានរៀបមង្គលការមែន ដោយពិធីជ័យរបស់លោកធ្វើនៅខេត្តព្រះសីហនុជាខេត្តកំណើតរបស់ភរិយា។ ម្ចាស់បទ "ឆ្ងល់ដែរ" ប្រាប់ទៀតថា ភរិយារបស់លោក អេង អ៊ីតា មានវ័យ ១៩ ជានិស្សិតផ្នែកសេដ្ឋកិច្ចឆ្នាំទី១ និងកូនស្រីអ្នកជំនួញម្នាក់នៅខេត្តនេះ។
មុនមកដល់ថ្ងៃចូលរោងជ័យ មូន ម៉ារ៉ា និងភរិយា បានជួបស្គាល់គ្នាមុនអស់រយៈពេល៣ឆ្នាំឯណោះ។ តារាចម្រៀងដែលទើបវិលចូលសិល្បៈវិញនេះ ប្រាប់ថា លោកបានជួបភរិយាដំបូងបំផុតនៅឆ្នេរសមុទ្រក្នុងដំណើរកម្សាន្តផ្ទាល់ខ្លួនមួយកាលពី៣ឆ្នាំមុន។ គ្រានោះគ្រាន់តែជួបភ្លាមលោកចាប់អារម្មណ៍ ដូច្នេះក៏ព្យាយាមបង្កើតឱកាសដើម្បីភ្ជាប់ទំនាក់ទំនងគ្នារហូតមក។
បន្ទាប់ពីទំនាក់ទំនងគ្នាអស់រយៈពេល១ឆ្នាំ មូន ម៉ារ៉ា ក៏បានដាច់ចិត្តសារភាពស្នេហ៍ចំពោះភរិយា ហើយក៏ទទួលបានលទ្ធផលល្អតែម្ដង។ "ពេលយើងសារភាព គាត់អត់ថាអីដែរ អីចឹងក្រោយមកក៏បាននាំប៉ាម៉ាក់ចូលដណ្ដឹងគាត់តែម្ដង(សើច)"។
ដោយសារថា មង្គលការរៀបចំធ្វើនៅខេត្តឆ្ងាយ មិត្តភ័ក្ដិរួមអាជីពតិចនាក់ប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ។ មូន ម៉ារ៉ា ប្រាប់ថា នឹងធ្វើពិធីកាត់ចំណងដៃម្ដងទៀតនៅភ្នំពេញនាពាក់កណ្ដាលខែមីនាខាងមុខនេះ។ "ដល់ពេលនោះ បានខ្ញុំហៅមិត្តភ័ក្ដិសិល្បៈច្រើន នៅកំពង់សោមនេះ ហៅបានតែមិត្តភ័ក្ដិជិតស្និទ្ធបួនដប់នាក់ប៉ុណ្ណោះ"៕
អត្ថបទ៖ ដឹងទេប្រិយមិត្ត...លោក មូន ម៉ារ៉ា វិលវិញហើយណា!!!
(រូបថត៖ FB មូន ម៉ារ៉ា)
អត្ថបទ៖ ទារិកា