ថ្ងៃនេះ​ ២​ឆ្នាំ​មុន បាត់​ខ្លួន MH370 រញ្ជួយ​ពេញ​ពិភពលោក ​

  • 2016-03-08 15:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី០៨ ខែ​មិនា ឆ្នាំ២០១៤ គឺ​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ​ដក់​ជាប់​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាជន​ទូទាំង​ពិភព​លោក និង​ជា​ទុក្ខសោក​មិន​អាច​បំភ្លេច​បាន​សម្រាប់​សាច់​ញាតិ​ជន​រង​គ្រោះ​លើ​ជើង​ហោះ​ហើរ MH370 ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​គត់ ហើយ​នៅ​តែ​ជា​អាថ៌កំបាំង​ស្រាយ​មិន​ទាន់​រួច​នៅ​ឡើយ។ ជើង​ហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ព្រម​ទាំង​ជីវិត​មនុស្ស ២៣៩​នាក់ មិន​ទាន់​ដឹង​ជោគវាសនា​យ៉ាង​ណា បើ​ទោះ​មាន​ការ​រុក​រក​ឥត​ស្រាកស្រាន្តពីបណ្ដា​ប្រទេស​នានា​រួច​មក​ហើយ​​ក្ដី។

 

 

លោក Johnny Begue ដែល​ប្រទះ​ឃើញ​បំណែក​មួយ​នៃ​ស្លាប​យន្តហោះ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​ប្រទះ​ឃើញ​បំណែក​គួរ​ឲ្យ​សង្ស័យ​មួយ​ទៀត​នៅ​លើ​កោះ Reunion របស់​បារាំង​ និង​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ប៉ូលិស​ភ្លាមៗ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ប្រទះ​ឃើញ​បំណែក​គួរ​ឲ្យ​សង្ស័យ​​ជា​ច្រើន​ទៀត ប៉ុន្តែ​មិន​ទាន់​អាច​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​ជើង​ហោះ​ហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីនៅ​ឡើយ។

 

​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា​ឆ្នាំ២០១៥ មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​អះអាង​​ជា​ផ្លូវការ​ថា យន្តហោះ​ដែល​​ដឹក​មនុស្ស​សរុប ២៣៩​នាក់​នោះ បាន​ជួប​ឧបទ្ទវហេតុ​ឆក់​យក​ជីវិត​មនុស្ស​ទាំង​អស់ ខណៈ​ការ​រុក​រក​ពុំ​ទទួល​បាន​តឹក​តាង​​អ្វី​បន្តិច​នៅ​ឡើយ។ ការ​ប្រកាស​ដោយ​គ្មាន​អ្វី​ជា​សំអាង​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​អស់​មន្ទិល​ក្នុង​ចិត្ត និង​ទាមទារ​ឲ្យ​មាន​ការ​បក​ស្រាយ​ច្បាស់​លាស់ ឬ​មាន​ភស្តុតាង​បញ្ជាក់​ការ​ពិត។

 

សាច់ញាតិ​ជន​រង​គ្រោះ​លើ MH370

 

ការ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​បំផុត នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មួយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា ទាំង​អ្នក​ជំនាញ ទាំង​អតីត​ប្រធាន​ក្រុម​ហ៊ុន​អាកាសចរណ៍ ព្រម​ទាំង​អ្នក​វិភាគ​មួយ​ចំនួន។ ការ​លើក​ឡើង​ខុស​ៗ​គ្នា បាន​បង្ហាញ​ថា យន្តហោះ​អាច​ត្រូវ​បាញ់​ទម្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា ឯ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ត្រូវ​គេ​ប្លន់ ខណៈ​សាធារណៈ​មតិ​ផ្សេងៗ​ទៀត គិត​ថា​យន្តហោះ​ជួប​អាកាស​ធាតុ​មិន​ល្អ​ធ្លាក់​ចូល​ទៅ​បាត​សមុទ្រ គ្រាន់​តែ​រក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ។

 

យ៉ាង​ណា​មិញ លោក Jeff Wise ​ជា​អ្នកនិពន្ធ​ផ្នែក​វិទ្យាសាស្ត្រ ដែល​មាន​ការងារ​ស្នូល​ទាក់​ទង​នឹង​ប្រភេទ​យន្តហោះ Boeing 777-200E នៅ​សារព័ត៌មាន CNN បាន​បញ្ចេញ​ទ្រឹស្ដី​ប្លែក​ពី​គេ​មួយ​ថា ​​​​​ជើង​ហោះហើរ MH370 បាន​បន្ត​ហោះហើរ​អស់​រយៈ​ពេល ៧ម៉ោង​ទៀត ក្រោយ​ពេល​បាត់​ការ​ទាក់ទង។ លោក​ហ៊ាន​អះអាង​បែប​នេះ ដោយ​យោង​​តាម​កំណត់ត្រា​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​អង់គ្លេស Inmarsat។ លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី ជា​អ្នក​បញ្ជា​ឲ្យ​គេ​លួច​យន្តហោះ​នេះ រួច​យក​ទៅ​លាក់​ទុក​នៅ​តំបន់ ​Baikonur Cosmodrome ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

 

ប្រតិបត្តិការរុក​រក​​ជើង​ហោះហើរ MH370

 

ការ​រុក​រក​ជើង​ហោះហើរ MH370 គឺ​ជា​ប្រតិបត្តិការ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ចម្រុះ​ជាតិសាសន៍​ជា​ច្រើន​ប្រទេស។ ក្រុម​ការងារ​រុករក​របស់​ប្រទេស​អូស្ត្រាលី សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​យន្តហោះ​ដែល​បាត់​ខ្លួន​​យ៉ាង​អាថ៌កំបាំង​នេះ នៅ​ពេល​ឈាន​ដល់​តំបន់​រុករក​ចុង​ក្រោយ​នា​ខែ​ឧសភា​ឆ្នាំ​២០១៥ កន្លងទៅ ប៉ុន្តែ​នៅ​តែ​គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ឡើយ៕

 

ចុចអាន៖ អ្នក​ជំនាញ៖ MH370 ត្រូវ​រុស្ស៊ី​ប្លន់​យក​ទៅ​លាក់​ទុក​នៅ​ប្រទេស​កាហ្សាក់ស្ថាន

 

ដោយ៖ គង់ វិសាល ប្រភព៖ telegraph

អត្ថបទថ្មី