ក្រសួងអំពាវនាវឲ្យ តន្ត្រីករ អ្នកនិពន្ធចម្រៀង ចូលរួមមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ
- 2015-03-10 22:51:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអំពាវនាវឲ្យ តន្ត្រីករ អ្នកនិពន្ធចម្រៀង ចូលរួមមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ
ចន្លោះមិនឃើញ
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាងនាមរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១៥ សូមអំពាវនាវឲ្យយុវជន យុវនារីទាំងអស់ ពិសេសតន្ត្រីករ អ្នកនិពន្ធជាដើម ចូលរួមទាំងអស់គ្នាកុំខាន។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ដូច្នេះថា “ក្រសួងសូមអំពាវនាវឲ្យតន្ត្រីករ អ្នកនិពន្ធចម្រៀងខ្មែរយើងទាំងអស់ ចូលរួមបំផុសស្នាដៃផលិតថ្មីឲ្យបានច្រើន ប្រសើរជាងយើងអង្គុយចាំតែថា...យើងអង្គុយចាំ វាអត់មានលទ្ធផលអីទេ តែបើយើងរួមគ្នាធ្វើ យ៉ាងណាក៏ដោយ នឹងមានលទ្ធផលទៅថ្ងៃមុខ!"។
នេះជាការអំពាវនាវជាលើកទី១ ចាប់តាំងពីក្រសួងនេះ បានផ្ដួចផ្ដើមគំនិតរៀបចំមហោស្រពប្រឡងចម្រៀងថ្នាក់ជាតិចំនួន២លើករួចមក នៅឆ្នាំ ២០១៣ និង ២០១៤។ ឯកឧត្តម បន្តថា ការអំពាវនាវ គឺធ្វើឡើង ដើម្បីបំផុសការចូលរួមក្នុងកម្មវិធី ប្រយោជន៍ឈានឆ្ពោះទៅកាត់បន្ថយការលួចចម្លងស្នាដៃបរទេសឲ្យមកនៅកម្រិតទាប រួមទាំងសាងប្រវត្តិសាស្ត្រថ្មីឲ្យសិល្បៈតន្ត្រីរបស់យើងផង។
មហោស្រពប្រឡងចម្រៀងថ្នាក់ជាតិ ត្រូវបានបង្កើតឡើងដោយឆន្ទៈផ្ទាល់របស់ក្រសួងព័ត៌មាន អស់រយៈពេល២រដូវកាលកន្លងមកហើយ ជាមួយនឹងការប្រមើលមើលពីការផ្លាស់ប្ដូរនៅរង្វង់១០ឆ្នាំខាងមុខ។ ឯកឧត្តម លើកឡើងថា បើយើងមិនចាប់ផ្ដើមពីពេលឥឡូវនេះ ក៏នឹងមិនមាន១០ឆ្នាំខាងមុខនោះដែរ គឺអ្វីៗនឹងចេះតែអូសបន្លាយយូរតទៅទៀត។
ជាមួយនឹងការអំពាវនាវនេះ ឯកឧត្តម ដែលមានអតីតភាពជាបណ្ឌិតភ្លេងបញ្ចប់ការសិក្សាមកពីប្រទេសប៊ុលហ្ការីរូបនេះ នៅបានស្នើទៀតថា សូមបេក្ខជន បេក្ខនារី កុំឲ្យតម្លៃខ្លាំងទៅលើជយលាភី ប៉ុន្តែតោងយល់ថា ការចូលរួម គឺជាកត្តាសំខាន់បំផុត ក្នុងការបង្កើតឲ្យមានការតាក់តែងស្នាដៃថ្មី ក្នុងវេលាដែលសិល្បៈតន្ត្រីយើងកំពុងតែទទួលយកការចម្លងពីបរទេសនោះ។
កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ ឆ្នាំទី៣ នេះ បានចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតពីបេក្ខជន បេក្ខនារី ពីគ្រប់បណ្ដាខេត្ត និងក្រៅប្រទេសផង តាំងពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៥មក។ ឯការប្រកួតនឹងចាប់ផ្ដើមនាដើមខែកក្កដា និងបញ្ចប់នៅខែ សីហា ឆ្នាំ ២០១៥ ខាងមុខ។
ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បេក្ខជន បេក្ខនារីទាំងក្នុង និងក្រៅប្រទេសផង ជាឯកត្តជនក៏ដោយ ជាក្រុមក៏ដោយ អាចដាក់ពាក្យប្រឡងក្នុងកម្មវិធីខាងលើបានដូចគ្នា ដោយមិនប្រកាន់បក្សពួក ឬក៏និន្នាការនយោបាយឡើយ។
ចំពោះជយលាភីពីកម្មវិធីនេះ លេខ ១ ទទួលបានទឹកប្រាក់ ៤ ពាន់ដុល្លារអាមេរិក និងពានមួយ លេខ ២ ទទួលបានទឹកប្រាក់ ៣ ពាន់ដុល្លារអាមេរិក និងប្រកាសនីយបត្រ១ ហើយលេខ ៣ ទទួលបានទឹកប្រាក់ ២ពាន់ដុល្លារ និងប្រកាសនីយបត្រដូចគ្នា ៕
លក្ខខណ្ឌផ្សេងៗសម្រាប់ចូលរួមកម្មវិធី សូមចុចទីនេះ!!!
អត្ថបទ៖ ទារិកា