មុខ​របរ​ថត​រូប​យ៉ាង​ណា​ហើយ ខណៈ​មនុស្ស​ម្នា​មាន​ទូរសព្ទ​ទំនើប​ស្ទើរ​គ្រប់​គ្នា?

  • 2015-03-11 15:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ស៊េរី​ទំនើប​ឥលូវ​សឹង​តែ​មនុស្ស​គ្រប់​គ្នា​មាន​ប្រើ មិន​ថា​ យុវវ័យ​ឬ​មនុស្ស​វ័យ​កណ្ដាល​ទេ ហើយ​ទូរសព្ទ​ទាំង​នោះ ​ថែម​ទាំង​បំពាក់​កាមេរ៉ា​មក​ជាមួយ​ទៀត​ផង ។ នៅ​ពេល​គេ​ចង់​ថត​រូប​លេង​កម្សាន្ត គេ​​ទាញ​តែ​ទូរសព្ទ​មក​ថត រហូត​ដល់​អ្នក​ខ្លះ​ងាក​ទៅ​ទិញ​កាម៉េរា Digital ថែម​ទៀត ដែល​គេ​អាច​ថត​រូប​បាន​ដោយ​ខ្លួន​ឯង​យ៉ាង​ងាយ​ស្រួល មិន​ចាំ​បាច់​រក​ជាង​ថត​ដូច​មុន​ឡើយ។

 

តែ​បើ​ក្រឡេក​ទៅ​មើល​នៅ​ម្ដុំ​មុខ​វាំង​វិញ អាជីព​ថត​រូប​នៅ​តែ​មាន។ ចុះ​ការ​រក​ស៊ី​របស់​គាត់​វិញ​យ៉ាង​ណា​ដែរ ខណៈ​មនុស្ស​ថត​រូប​ប្រើ​តែ​កាមេរ៉ា​ទូរសព្ទ?

 

 

 

លោក អ៊ុក សំណាង អ្នក​ថត​រូប​ប្រចាំ​ការ​នៅ​មុខ​វាំង​ជាង​ ១០​ ឆ្នាំ ប្រាប់​ Sabay ថា របរ​ថត​រូប​លោក​ពិត​ជា​មាន​ការ​ប៉ះ​ពាល់​មែន ស្រប​ពេល​បច្ចេកវិទ្យា​កាន់​​តែ​ទំនើប​ដោយ​សារ​សព្វ​ថ្ងៃ​​ពេល​​គេ​ទិញ​ទូរសព្ទ​​មាន​កាមេរ៉ា​​មក​ជាមួយ​ស្រាប់។

 

បុរស​មក​ពី​ព្រៃ​វែង​បន្ត​ថា​ ភ្ញៀវ​មក​ពី​តាម​ខេត្ត​ទើប​គេ​ហៅ​ថត បើ​គេ​នៅ​ភ្នំពេញ​ ​មិន​សូវ​ថត​ទេ ព្រោះពួក​គេ​មាន​កាមេរ៉ា​ទំនើប​ៗ​ស្រាប់​ហើយ ម្ល៉ោះ​ហើយ​ក្នុង​មួយ​ថ្ងៃ​រក​បាន​ប្រហែល​ ៣​ ម៉ឺន​រៀល​។ មុខរបរ​ជាង​ថត​នៅ​មុខ​វាំង​នេះ មិន​ទៀង​ឡើយ មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ ដូច្នេះ​លោក​ឆ្លៀត​រក​ក្រៅ​បន្ថែម​ទៀត​ដូច​ជា​ទៅ​ថត​រូប​នៅ​ពេល​មាន​រវល់​តាម​បុណ្យ​ការ​។ ដោយ​ឡែក​សម្រាប់​ថ្ងៃ​បុណ្យ​ទាន​ដូច​ជា​អុំ​ទូក ពេញ​មួយ​ថ្ងៃ​លោក​អាច​រក​បាន​ដល់​ទៅ​ជាង​ ២០ ម៉ឺន​រៀល​ដែរ ហើយ​មួយ​សន្លឹក តម្លៃ​ ៤០០០​ រៀល ចំពោះ​រូប​ថត​ទំហំ ១៣ x ១៨។

 

ស្រដៀង​គ្នា​នេះ​ដែរ លោក ហេង ឡេង និយាយ​ថា លោក​មក​ឈរ​មុខ​វាំង​ដើម្បី​ថត​រូប​ចាប់​តាំង​ពី ម៉ោង​ ៨ ដល់ ​១១ ​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង ​៣​ ដល់ ​៨ យប់ តែ​ចំណូល​ទទួល​បាន​ត្រឹម​តែ ​៤​ ទៅ ​៥ ​ម៉ឺន​រៀល​ ដោយសារ​តែ​លោក​មាន​ឧបករណ៍​គ្រប់​គ្រាន់​ដូច​ជា ម៉ាស៊ីន​ព្រីន និង ​ម៉ាស៊ីន​ថត​ខ្លួន​ឯង​ផង បើ​គ្មាន​ទេ​ចំណូល​ដែល​បាន​មក​ត្រូវ​កាត់​ខាត​ទៅ​តាម​នោះ។

 

ប្រកប​របរ​នេះ​ជិត​ ២០ ​ឆ្នាំ បុរស​មក​ពី​ខេត្ត​កណ្ដាល បន្ត​ថា មុខ​របរ​នេះ​​មិន​ថេរ​ទេ​ជួន​កាល​ទៅ​ផ្ទះ​វិញ​ទទេ​ក៏​មាន។ លោក​​ និយាយថា សព្វ​ថ្ងៃ​បាន​គុណ​បុណ្យ​សត្វ​ព្រាប​នៅ​មុខ​វាំង​ទេ ទើប​មាន​គេ​មក​ថត ព្រោះ​គេ​នាំ​កូន​មក​បាច​ចំណី​ឲ្យ​សត្វ​ដល់​គេ​ឃើញ​ស្អាត​ទៅ គេ​ហៅ​ឲ្យ​ថត ​​ពីរ-​បី​ ប៉ុស្ត៏​។ បើ​ថា​ក្មេង​ៗ​នៅ​ភ្នំពេញ​វិញ គឺ​គេ​មិន​ថត​ឡើយ។ ចំណែក​រូប​ថត​​មួយ​សន្លឹក លោក​ ឡេង ​យក​តម្លៃ ៣០០០ រៀល និង ​១០០០០ រៀល ហើយ​ថត​ប្រហែល​ ៣ ​នាទី​ ​គឺ​បាន​ហើយ។

 

រូបតំណាង

ចំពោះ​និស្សិត​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សា កក្កដា បញ្ចេញ​យោបល់​ថា ឥលូវ​នៅ​ពេល​ចង់​ថត​រូប​ ប្រើ​តែ​ទូរសព្ទ​ថត​ មិន​ដែល​ទៅ​រក​ជាង​ឬ​ហាង​ថត​រូប​ឡើយ លុះ​ត្រា​តែ​ថត​កាត​សិស្ស ឬ​ថត​តែង​ទើប​រក​ជាង​នៅ​តាម​ហាង​ធំ​ៗ​តែ​ម្ដង។

 

កក្កដា លើកឡើង​ថា ​សព្វ​ថ្ងៃ​ឃើញ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ថត​រូប​លេង ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម ក៏​ពួក​គេ​ភាគ​ច្រើន​ប្រើ​តែ​កាមេរ៉ា​ទូរសព្ទ​ដែរ ព្រោះ​វា​ងាយ​ស្រួល​ហើយ​មិន​ចំណាយ​លុយ ពេល​ថត​ស្អាត​ក៏​ទុក​មើល​ដល់​មិន​ស្អាត​ក៏​លុប​ចោល ខុស​ពី​ថត​នៅ​ជាង​ទាំង​ស្អាត ​និង ​មិន​ស្អាត​គេ​គិត​លុយ​ទាំង​អស់ ហើយ​ថ្លៃ​ទៀត៕

 

សូមអាន ៖   តាំង ឈិន​សុធី ទោះ​ត្រូវ​គេ​វ៉ៃ គេ​ដេញ​យ៉ាង​ណា​ ក៏​មិន​បោះ​បង់​អាជីព​អ្នក​ថត​រូប​នេះ​ដែរ

 

 

អត្ថបទ៖ លឹម សុ​នា