ស្ងាត់ៗ...ឡូរ៉ា ម៉ម ក្លាយជាស្រីស្អាតប្រចាំកម្មវិធី "អង្គរសង្ក្រាន្ត២០១៥"
- 2015-03-11 16:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ...ឡូរ៉ា ម៉ម ក្លាយជាស្រីស្អាតប្រចាំកម្មវិធី "អង្គរសង្ក្រាន្ត២០១៥"
ចន្លោះមិនឃើញ
ស្ងាត់ៗតារាចម្រៀងខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យនោះ បានក្លាយជាតួឯកស្រីក្នុងកម្មវិធី "អង្គរសង្ក្រាន្ត ២០១៥" បន្ទាប់ពីឆ្នាំមុន តំណែងនេះគ្រងដោយតារាសម្ដែង ចន្ធី វល័ក្ខ និងពិធីការិនី ណាក់ ស្រីណា។
ព័ត៌មាននេះ បានបែកធ្លាយក្រោយឃ្លិបផ្សព្វផ្សាយពីកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានចែកចាយនៅបណ្ដាញសង្គម ដែលក្នុងឃ្លិបដែលមានរយៈពេល៣១វិនាទីនេះ គេឃើញ ឡូរ៉ា ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ។ សាមីខ្លួនបានឆ្លើយប្រាប់ Sabay នៅព្រឹកនេះថា នាងមានអារម្មណ៍រីករាយណាស់ ដែលបានមានវត្តមានក្នុងឃ្លិបរបស់កម្មវិធី "អង្គរសង្រ្កាន្ត២០១៥" នេះ។
“ដំបូងគេសួរខ្ញុំថា ចង់ចូលរួមទេ ខ្ញុំថាចង់...ក្រោយបានថតខ្ញុំកាន់តែមានអារម្មណ៍ថា Great Honor មែនទែនពេលបានស្លៀកសំលៀកបំពាក់ជាខ្មែរ ហើយខ្ញុំក៏បានយល់ដឹងបន្ថែមពីវប្បធម៌ខ្មែរទៀតដែរ និយាយទៅខ្ញុំមានអារម្មណ៍ដូចមោទនភាពណាស់"។
មិនទាន់ដឹងច្បាស់នៅឡើយទេថា ឃ្លិបពីកម្មវិធីនេះនឹងមានចេញបន្តបន្ទាប់ទៀតឬយ៉ាងណា ព្រោះបើយោងទៅលើឆ្នាំចាស់ តួឯកស្រីសម្ដែងដោយ ចន្ធី វល័ក្ខ មានចំនួនពីរឃ្លិប ខណៈតួស្រីថ្មីនៃកម្មវិធី ឡូរ៉ា ម៉ម សុំមិនអធិប្បាយវែងឆ្ងាយ។ "ដោយសារខ្ញុំអត់ទាន់ទទួលព័ត៌មានលំអិត ខ្លាចនិយាយទៅខុស ដូច្នេះសុំត្រឹមប៉ុណ្ណឹងសិន ចាំបន្ទាប់សន្និសីទសារព័ត៌មានស្អែកសិនណាបង!"។
កម្មវិធី "អង្គរសង្ក្រាន្ត២០១៥" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ដែលជារយៈពេលនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ តាមអ្នករៀបចំ ឲ្យដឹងថា អង្គរសង្ក្រាន្តឆ្នាំនេះ នឹងអធិកអធមទ្វេដង ក្នុងនោះក្រៅពីកម្មវិធីសិល្បៈសម័យ សិល្បៈប្រពៃណីធំៗ កម្មវិធីបានរៀបចំធ្វើនំអន្សមយក្សទម្ងន់ជាង ៣តោនមួយ ដើម្បីបង្ហាញដល់ពិភពលោកពីសក្ដានុពលនៃស្រូវអង្ករខ្មែរយើង រួមទាំងមួកយក្សមួយ ដែលជាវត្ថុតំណាងមួយរបស់ជាតិខ្មែរផង។
កម្មវិធីនេះអស្ចារ្យ ចាំមើលទាំងអស់គ្នា តែឥឡូវមើល ឡូរ៉ា ក្នុងឃ្លិបនេះសិន ស្អាតប៉ុណ្ណា...!!!
អត្ថបទ៖ ទារិកា