១០​នាក់ PSG ​សង​សឹក​​​បាន​សម្រេច ​ទម្លាក់ Chelsea នៅ​ម៉ោង​បន្ថែម​២​ដង

  • 2015-03-12 14:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Paris St-Germain ​បាន​កក់​កៅអី​​នៅ​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League ហើយ​ បន្ទាប់​ពី​ពួកគេ​សង​សឹក​ក្រុម​ Chelsea ​បាន​សម្រេច ក្រោយ​​យក​ឈ្នះ​ដោយ​​គ្រាប់​បាល់​ក្រៅ​ដី ២-២ នៅ​ម៉ោង​បន្ថែម​១៥​នាទី​​២​ដង កាល​ពី​យប់​មិញ ខណៈ​ដែល​ Zlatan Ibrahimovic ​ទទួល​កាត​ក្រហម​ តាំង​ពី​នាទី​៣២។

 

 

 

​​នៅ​រដូវ​កាល​មុន ក្រុម​តោ​ខៀវ​របស់​អង់គ្លេស ​បាន​ទម្លាក់​​ក្រុម​ខ្លាំង​បារាំង​មួយ​នេះ ដោយ​គ្រាប់​បាល់​​ក្រៅ​ដី (away goal) ​ដូចគ្នា​ដែរ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ដូច្នេះ​នេះ​​អាច​ជា​ការ​សង​សឹក​​ ដ៏​ពេញ​ចិត្ត​មួយ​សម្រាប់​ក្រុម​អ្នក​មាន​ PSG។

 

​ងាក​​ទៅ​ការ​ប្រកួត​នៅ​សមរភូមិ​​កីឡដ្ឋាន Stamford Bridge ​វិញ​កាល​ពី​យប់​មិញ ពិត​ជា​ក្ដៅ​គគុក​ពិត​មែន ព្រោះ​ក្រុម​ខ្លាំង​ទាំង​២ សុទ្ធ​តែ​ចង់​ឡើង​ និង​ជឿជាក់​ដូច​គ្នា​ថា​ខ្លួន​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​ជា​បន្ត​បាន ដែល​ក្នុង​ប្រកួត​នោះ​ធ្វើ​ឲ្យ​មាន​កាត់​លឿង​ជា​ច្រើន និង​មាន​ទាំង​​កាត​ក្រហម​ផង​ដែរ។

 

​​Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ដ៏​មុត​ស្រួច​របស់​ PSG ​ត្រូវ​ពិន័យ​កាត​ក្រហម​ តាំង​តែ​ពី​នាទី​៣២ បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នឹង​​ខ្សែ​បម្រើ​ Oscar។ ទោះ​សល់​គ្នា​ ត្រឹម​តែ​១០​នាក់ ក៏​ក្រុម​អង់គ្លេស​មិន​អាច​ធ្វើ​អ្វី​ក្រុម​ PSG បាន​ដែរ​នៅ​តង់​ទី​១។ ចូល​តង់​ទី​២ ខ្សែ​ការពារ​ Gary Cahill ​​មាន​ឱកាស​ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន នៅ​នាទី​៨១ ប៉ុន្តែ​​នៅ​នាទី​៨៦ David Luiz ​បាន​តែត​ឲ្យ​ PSG ​តាម​ស្មើ​បាន​វិញ។

 

​ក្រោយ​ចប់​ម៉ោង​៩០​នាទី​ស្មើ​គ្នា ១-១ ​ក្រុម​ទាំង​២​នេះ ត្រូវ​កាត់​ក្ដី​គ្នា ដោយ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត។ Eden Hazard ​បាន​ស៊ុត​បាល់​ប៉េណាល់ទី ស្រាលៗ​បញ្ចូល​ទី​យ៉ាង​ស្រួល​នៅ​នាទី​៩៦​ ក្រោយ​ Thiago Silva ​យក​ដៃ​ប៉ះ​បាល់​នៅ​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ​​យ៉ាង​ណា​ក្ដី​ប្រធាន​ក្រុម PSG (Silva) រូប​នេះ បាន​តែត​សង​សឹក​មក​វិញ នៅ​នាទី​១១៤ ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​តែ​ម្ដង៕

 

 

 

 

 

ដោយ៖ វិន ជីវ័ន្ត ​ប្រភព៖ BBC

អត្ថបទពេញនិយម