អ្នក​គាំទ្រ​ហែ​ក្បួន​​កក្រើក​ក្រុង​ភ្នំពេញ​ទាំង​យប់​ ក្រោយ​កម្ពុជា​ឈ្នះ​ម៉ាកាវ

  • 2015-03-13 16:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់​ទាត់​ក្រុម​​ Arsenal នៅ​កម្ពុជា និង​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​ទូទៅ​​​​​​បាន​រៀបចំ​​ពិធី​​ដង្ហែ​​ក្បួន​អបអរ​ជ័យជម្នះ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ដូច​បំណង​មែន​កាល​ពី​យប់​មិញ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​លើ​ក្រុម​កោះ​ម៉ាកាវ​​ ​​៣-០ ក្នុង​យុទ្ធនាការ​វគ្គ​ជម្រុះ​​បឋម​ប្រចាំ​ទ្វីប​អាស៊ី​ជើង​ទី​១​ នៃ​ពានរង្វាន់​២០១៨ World Cup Russia ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​​​​នៅ​ទីលាន​ស្តាត​ចាស់។

 

លោក តុង សុ​ប្រាជ្ញ​ អ្នក​វិភាគ​សង្គម​​ប្រចាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ជា​​មេ​ក្រុម​អ្នក​គាំទ្រ​ Arsenal នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​យប់​មិញ​ក្បួន​ដង្ហែ​បាន​ចាប់​ផ្តើម​វេលា​ម៉ោង​៦:៣០​នាទី​​យប់​ និង​បញ្ចប់​​នៅ​វេលា​ម៉ោង​​៧:៤៥​នាទី​យប់។ ដោយ​សារ​បាន​ Sabay ​ជួយ​ផ្សព្វផ្សាយ​កាល​ពី​ព្រឹក​ម្សិល​មិញ​បណ្តាល​ឲ្យ​អ្នក​គាំទ្រ​ដឹង​បាន​ច្រើន​ពី​គម្រោង​ហែ​ ហើយ​ទី​បំផុត​អ្នក​គាំទ្រ​ប្រហែល​២០០​នាក់​បាន​ចូល​រួម​កាល​ពី​យប់មិញ។

 

 

លោក​បាន​និយាយ​ថា នេះ​ជា​សកម្មភាព​មួយ​ជួយ​បំផុស​សកម្មភាព​អ្នក​គាំទ្រ​កីឡា​នៅ​ស្រុក​ខ្មែរ​​ឲ្យ​មាន​សកម្មភាព​​រស់​រវើក​ និង​ជា​ចលនា​ជួយ​ដល់​វិស័យ​កីឡា​ខ្មែរ​កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេង​ទូទាំង​ប្រទេស​ និង​​លើ​ឆាក​​អន្តរជាតិ​ផង​ដែរ។

 

លោក​បាន​បញ្ជាក់​ថា ៖«បន្ទាប់​ពី​បាន​រៀប​ចំ​ហែ​កាល​ពី​យប់​មិញ​ យើង​ឃើញ​ថា ​យុវវ័យ​ចាប់​អារម្មណ៍​​ច្រើន អីចឹង​យើង​ងាយ​ស្រួល​រៀប​ចំ​ក្រោយៗ​​ទៀត។ យប់​មិញ​យើង​ហែ​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដោយ​សារ​ហត់នឿយ​ពេល​ទៅ​គាំទ្រ​នៅ​ស្តាត​ម្តងហើយ»។

 

ក្បួន​ដង្ហែ​កាល​ពី​យប់​មិញ​ចាប់​ផ្ដើម​ចេញ​ពី​មុខ​ស្ថានទូត​បារាំង​​តាម​មហាវិថី​ព្រះ​នរោត្ដម​ឆ្ពោះ​ទៅ​​កាន់​​វិមាន​​ឯករាជ្យ​​ និង​បន្ត​ដំណើរ​ទៅ​កោះពេជ្រ។ បន្ទាប់​ពី​ដល់​កោះពេជ្រ​ ក្បួន​ដង្ហែ​ដោយ​ម៉ូតូ​ក៏​បាន​វិលត្រឡប់​មក​វិមានឯករាជ្យ​ដើម្បី​ថត​រូប​ជុំ​គ្នា​ទុក​ជា​អនុស្សាវរីយ៍៕

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទពេញនិយម