ពិធីករ​ល្បី​នៅ​​អាមេរិក​ត្រូវ​​​ដក​ចេញ​ ក្រោយ​ថា​ភរិយា​​អូប៉ាម៉ា​មុខ​ដូច​ស្វា

  • 2015-03-13 17:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​អាមេរិក​និយាយ​ភាសា​អេស្ប៉ាញ Univision បាន​បណ្ដេញ​ពិធីករ​​​ម្នាក់​ឈ្មោះ Ronder Figueroa ចេញ​ បន្ទាប់​ពី​ពិធីករ​រូប​នេះ​បាន​ប្រៀបធៀប​មុខ​ភរិយា​មេ​ដឹកនាំ​អាមេរិក លោក​ស្រី Michelle Obama ទៅ​នឹង​តួ​អង្គ​ស្វា​ក្នុង​ភាពយន្ត​ល្បី "Planet of the Apes”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានីយ​ទូរទស្សន៍​ខាង​លើ​កាល​ពី​ម្សិលមិញ។

 

 

ពិធីករ​វ័យ ៤២ឆ្នាំ Figueroa បាន​ធ្លោយ​មាត់​និយាយ​ដូច្នេះ​អំឡុង​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​​ Talk Show “El Gordo y La Flaca” កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​កំពុង​ពិភាក្សា​អំពី​អ្នក​ជំនាញ​តុបតែង​មុខ​តួ​អង្គ​ឲ្យ​ដូច​ជន​ល្បី​ៗ។ Figueroa បាន​និយាយ​ជា​ភាសា​អេស្ប៉ាញ​ថា "មើល​ចុះ អ្នក​ដឹង​ទេ​ថា​ Michelle Obama មើល​ទៅ​ដូច​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង 'Planet of the Apes' អីចឹង”។

 

ការ​ប្រៀបធៀប​នេះ បាន​ធ្វើ​ឲ្យ​ពិធីករ​រូប​នេះ​រង​ការ​ចោទ​ប្រកាន់​ពី​រឿង​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ​ យ៉ាង​រហ័ស។ ​

ស្ថានីយ​ទូរទស្សន៍ Univision បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​ថា "Rodner Figueroa បាន​ពោល​ពាក្យ​មិន​សមរម្យ​ចំពោះ​ស្ត្រី​ទី​មួយ​លើ​ពិភពលោក Michelle Obama ដែល​ជា​រឿង​ខុស​ទាំង​ស្រុង និង​​មិន​បាន​​ឆ្លុះ​បញ្ចាំង​ពី​គំនិត និង​តម្លៃ​របស់​ស្ថានីយ​ទូរទស្សន៍ Univision ទេ។ ជា​លទ្ធផល លោក Figueroa ត្រូវ​បាន​បញ្ឈប់ពី​​ការងារ​ភ្លាម​ៗ"។​

 

ក្រោយ​មាន​រឿង​នេះ​កើត​ឡើង Figueroa បាន​ចេញ​លិខិត​សូមទោស​តាម​រយៈ​គេហទំព័រ Latin World Entertainment និង​បកស្រាយ​ថា​ សម្ដី​របស់​លោក​មិន​បាន​សំដៅ​លើ​លោក​ស្រី Michelle Obama នោះ​ទេ ប៉ុន្តែ​គឺ​សំដៅ​លើ​ក្រុម​បច្ចេកទេស​តុបតែង​មុខ ដែល​ព្យាយាម​តុបតែង​មុខ​តួ​អង្គ​ឲ្យ​ដូច​លោក​ស្រី។​

 

លោក​បាន​សរសេរ​ថា “ខ្ញុំ​មាន​អារម្មណ៍​​ខ្មាស​អៀន ហើយ​ខ្ញុំ​សូម​អភ័យ​ទោស​​ចំពោះ​រឿង​នេះ ព្រោះ​អ្នក​សិល្បៈ​អាជីព​ដូច​ជា​ខ្ញុំ​មិន​សម​នឹង​និយាយ​ពាក្យ​បែប​នេះ​ទាល់​តែ​សោះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ និង​ក្លាយ​ជា​រឿង​ប្រកាន់​ពូជសាសន៍​បែប​នេះ"។

 

Figueroa បាន​បម្រើការ​ជា​អ្នក​ជំនាញ​ផ្នែក​ Fashion សម្រាប់​ស្ថានីយ​ទូរទស្សន៍ Univision ក្នុង​ចំណោម​ការងារ​ជា​ច្រើន​ទៀត។ កាល​ពី​ឆ្នាំ​មុន​ពិធីករ​សញ្ជាតិ​វេណេហ្ស៊ុយអេឡា​រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ទេពកោសល្យ​ពី​កម្មវិធី Emma Awards៕

 

ចុច​អាន៖Pharrell Williams ​និង​​​​Robin Thicke ​​​​ត្រូវ​តុលាការ​ពិន័យ​ ​៧,៤ ​លាន​ដុល្លារ​រឿង​ចម្លង​បទ​គេ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia