នេះ​នែ! តិចនិក​ចាយ​​​លុយ​ឲ្យ​អស់​​តិច​​ អ្នក​មាន​សង្សារ​មិន​គួរ​មើល​រំលង​​

  • 2014-10-07 17:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"លុយ​មិន​សំខាន់​ទេ​ សំខាន់​គឺ​អត់​​លុយ"។ មួយ​ឃ្លា​ទាក់​ទង​រឿង​លុយ​នេះ ​ប្រហែល​ជា​​ត្រូវ​ចំ ​ចំណុច​​​រសើប​ខ្លះ​ហើយ​មើល​ទៅ​ ជាពិសេស​យុវវ័យ​ ដែល​​កំពុង​តែ​មាន​គូ​​សង្សារ​កៀក​កើយ​​ ជារឿយៗ​ការ​ចំណាយ​ពេល​ដើរ​លេង​ជាមួយ​សង្សារ​ច្បាស់​ជា​កំពុង​តែ​គំរាមកំហែង​ហើយ​មើល​ទៅ។​ ​អ្នក​ណា​​ក៏​ដឹង​ដែរ​ថា​ ឲ្យ​តែ​ពេល​ចេញ​ក្រៅ​​​ដើរ​លេង​ ឬ​ទៅ​ញ៉ាំ​អី​ជា​មួយ​សង្សារ​ ភាគ​ច្រើន​​ខាង​ប្រុស​ចេញ​មុខ​រហូត។ បើ​យ៉ាង​ហ្នឹង​ៗ​ តើ​មាន​តិច​និក​អ្វី​ដែល​អាច​ ជួយ​សន្សំសំចៃ​​ការ​ចំណាយ​របស់​យុវវ័យ​​ឲ្យ​អស់​តិច​ពេល​មាន​សង្សារ​ដែរ​ឬ​ទេ?

 

បើ​ចង់​ដឹង​ សាក​ស្ដាប់​យុវជន​​ដែល​ធ្លាប់​មាន​បទពិសោធន៍​​ជុំវិញ​បញ្ហា​នេះ​បន្តិច​មើល៍ តើ​ពួក​គេ​និយាយ​អ្វី​ខ្លះ?

 

លើក​ឡើង​ទាក់​ទង​ជាមួយ​នឹង​ការ​ចាយ​លុយ​ឲ្យ​ត្បិត​ត្បៀត​​នៅ​ពេល​ដែល​មាន​សង្សារ​ យុវជន គឹម ឈុន អាយុ​២៥ឆ្នាំ អតីត​និស្សិត​​​ជំនាញ​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​បៀល​ប៊្រាយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ "អញ្ចឹង​មែន​ហ្នឹង ​​អ្នក​​ដែល​ធ្លាប់​មាន​សង្សារ​សុទ្ធ​តែ​និយាយ​ពី​បញ្ហា​នេះ​គ្រប់​គ្នា​ហ្នឹង តែ​សម្រាប់​ខ្ញុំ​មាន​វិធី​សាស្ត្រ​​មួយ​ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ"។

 

ឈុន​ បន្ថែម​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល យក​សង្សារ​ក៏​ដូច​គ្នា​ដែរ ត្រូវ​រក​មើល​អ្នក​ណា​ដែល​មិន​សូវ​ចេះ​លេង​ខ្លួន ឡូយឆាយ​ទើប​ល្អ។ មើល​អ្នក​ណា​ដែល​ចូល​​ចិត្ត​រៀន​សូត្រ ព្រោះ​អ្នក​ស្រលាញ់​ការ​សិក្សា​គេ​មិន​សូវ​ខ្វាយ​ខ្វល់​ហ្នឹង​ការ​ចំណាយ​​​លើ​ការ​តុប​តែង​ខ្លួន​ខ្ជះខ្ជាយ​ពេក​នោះ​ទេ ហើយ​មាន​សង្សារ​ជា​អ្នក​រៀន​សូត្រ​ទៀត​សោត​ គឺ​មិន​សូវ​មាន​ពេល​ជួប​គ្នា​ ឲ្យ​ចំណាយ​លុយ​អស់​ច្រើន​ដែរ។

 

វិធី​សាស្ត្រ​ចង់​ឲ្យ​ចាយ​លុយ​អស់​តិច​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ សម្រាប់​យុវជន លុច្ស ដារា អាយុ​២៤ឆ្នាំ និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ន័រតុន​ និយាយ​ថា តែ​មាន​សង្សារ​ គឺ​ជៀស​មិន​ផុត​ពី​ការ​ត្រូវ​ចំណាយ​លុយ​នោះ​ទេ សម័យ​នេះ​ទៅ​ហើយ​ មិន​មែន​ដូច​បទ​ចម្រៀង​ "ទិញ​លៀស​ហាល​​ប្រាំ​រយ ញ៉ាំ​ពីរ​នាក់​សង្សារ​បាន​​នោះ​ទេ"។

 

តែ​យើង​ជា​ប្រុស​​ត្រូវ​​ឆ្លាត​បន្តិច​ទើប​បាន​ កុំ​សូវ​ណាត់​គេ​ចេញ​ក្រៅ​ញឹក​ញាប់​ពេក​ ហើយ​បើ​សិន​ជា​ចេញ​ក្រៅ​ ត្រូវ​ចេះ​ជ្រើស​រើស​កន្លែង​ណា​ដែល​​មើល​ទៅ​ទំនង​ថា​ ចំណាយ​អស់​លុយ​តិច​ ដូច​ជា​តែ​បៃ​តង អាហារ​សមុទ្រ​តាម​ផ្លូវ ឬ​​នាំ​ដើរ​ផ្សារ​មើល​ឥវ៉ាន់​ជាដើម។

 

រូបតំណាង

ដោយ​ឡែក​យុវជន ចន្ទ្រា អាយុ​២៥ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ បាន​ប្រាប់​ពី​គន្លឹះ​ដើម្បី​ចាយ​លុយ​​ឲ្យ​អស់​​តិច​នៅ​​ពេល​​មាន​សង្សារ​ថា "ខ្ញុំ​មិន​សូវ​​នាំ​សង្សារ​ទៅ​ដើរ​លេង និង​ញ៉ាំ​អី​​នៅ​កន្លែង​ណា​ដែល​ថ្លៃៗ​នោះ​ទេ គឺ​ទៅ​ម្ដង​ម្កាល​​ប៉ុណ្ណោះ តែ​​ពេល​ទំនេរ​ខ្ញុំ​ចូល​ចិត្ត​នាំ​សង្សារ​ទៅ​ហាត់​ប្រាណ​នៅ​តាម​សួន​ និង​ស្តាត​អូឡាំពិក​អី​ហ្នឹង"។

 

ចន្ទ្រា​ ប្រាប់​ទៀត​​ថា​ មិន​មែន​មក​ពី​ខ្ញុំ​រិះ​ថាំ​ក្នុង​ការ​ចាយ​លុយ​នោះ​ទេ​ តែ​មក​ពី​ខ្ញុំ​មិន​សូវ​មាន​លុយ​ចាយ​​ ហើយ​សង្សារ​របស់​ខ្ញុំ​ក៏​យល់​ពី​ស្ថាន​ភាព​​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដែរ ធ្វើ​ដូចនេះ​ចំណេញ​ទាំង​លុយ​ ហើយ​បាន​ហាត់​ប្រាណ​​ជាមួយ​សង្សារ​ទៀត​ផង។

 

ជួប​ជាមួយ​យុវជន ហៃ តុលា អាយុ​២៤ឆ្នាំ និស្សិត​ជំនាញ​​អក្សរ​សាស្ត្រ​អង់គ្លេស​​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​វិញ ​និយាយ​ថា មាន​សង្សារ​ពិត​ជា​ត្រូវ​ចំណាយ​ច្រើន​ជាង​កាល​នៅ​ខ្លួន​មួយ​មែន​ឲ្យ​តែ​ជួប​មុខ​គ្នា​ តិច​ច្រើន​អី​ដឹង​តែ​ខាង​ប្រុស​ត្រូវ​អស់​លុយ​រហូត។

 

"តែ​បើ​ចង់​ឲ្យ​ចំណាយ​តិច​ ត្រូវ​ចេះ​រៀប​ពេល​ណាត់​ជួប​គ្នា​ លៃ​យ៉ាង​ណា​កុំ​សូវ​ចេញ​ក្រៅ​ញឹក​ញាប់​ពេក ហើយ​បើ​សិន​ជា​មិន​សូវ​មាន​លុយ​ទេ គួរ​តែ​រក​លេស​ថា​រវល់​​ទៅ​ សុខ​ចិត្ត​ឲ្យ​សង្សារ​ខឹង​ក៏​ខឹង​ចុះ​ ចាំ​លួង​ពេល​ក្រោយ​ក៏​មិន​អី​ដែរ"។ តុលា​ បន្ថែម​ចុង​ក្រោយ​ដូច្នេះ៕

 

ចុះ​មិត្ត​យុវវ័យ​វិញ​ មាន​ធ្លាប់​​ប្រើ​តិចនិក​ខាង​លើ​នេះ​​ដែរ​អត់?

អត្ថបទ៖ យិន សំបូរ​

​​​​​