ដួង ហ្សូរីដា រវល់​រហូត​គ្មាន​ពេល​សម្រក​ទម្ងន់

  • 2014-09-16 13:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ការ​មមាញឹក​ក្នុង​អាជីព​សិល្បៈ និង​ មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ក្នុង​បច្ចុប្បន្ន​នេះ ធ្វើ​ឲ្យ​ពិធី​ការិនី ដួង ហ្សូរីដា មិន​អាច​រក​ពេលវេលា​បាន សូម្បី​រត់​ហាត់​ប្រាណ​ឲ្យ​ទៀងទាត់ ដើម្បី​សម្រក​ទម្ងន់ ដែល​កំពុង​ឡើង​ដល់ ៥៥ គីឡូ​ក្រាម​។ នេះជា​ការ​លើក​ឡើង​​របស់​ កញ្ញា ដួង ហ្សូរីដា ប្រាប់​ Sabay កាល​​​ពី​ថ្ងៃទី ១៥ កញ្ញា ម្សិលមិញ។

សូមចុចអាន៖ បិណ្ឌ​៦ ម្សិលមិញ​តារា​ខ្មែរ​សម្រុក​ទៅ​វត្ត​ដល់​ក​!

 

ហ្សូរីដា បាន​ប្រាប់​ Sabayថា ក្រៅ​ពី​ការ​គ្រប់គ្រង​ក្រុម​បង្ហាញ​ម៉ូដ Cambodia Supper Model នាង​ក៏​នៅ​មាន​ហាង​កាត់​សំលៀកបំពាក់​ផ្ទាល់​ខ្លួន កំពុង​មាន​អតិថិជន​ចូល​មក​រក​សេវាកម្ម​ជា​មិន​លុះ​ពេល​វេលា។ ក្រៅ​ពី​នេះ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខាង​លើ ក៏​បាន​ចុះ​កុងត្រា​ថត​កម្មវិធី​ចាក់​ផ្សាយ​ជា​ប្រចាំ​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ធ្វើ​ឲ្យ​នាង​កាន់​តែ​មមាញឹក​មិន​អាច​ដក​ឃ្លា​បាន។

 

“ កុំ​ថា​ឡើយ​រត់​ហាត់​ប្រាណ​សម្រក​រាងរៅ សូម្បី​តែ​រក​ពេល​ម៉ាស្សា​មុខ ឬ​លាប​ឡេ​ឲ្យ​ស្បែក​ស​ស្អាត​ដូច​គេ ក៏​ខ្ញុំ​រក​ពេល​មិន​បាន​ដែរ"។ ដួង ហ្សូរីដា បញ្ជាក់។

 

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខាង​លើ បាន​បង្ហើប​ថា កំពុង​មាន​គម្រោង​ទៅ​សម្រក​ទម្ងន់​ឲ្យ​បាន​៣ ទៅ​៥​គីឡូ​ក្រាម​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​រាង​សមសួន​ដូច​ពី​មុន និង​ ចាប់​ផ្ដើម​ថែរក្សា​សម្បុរ​ស្បែក​ឡើង​វិញ ព្រោះ​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​បណ្ដើរៗ​ហើយ។ ម្យ៉ាង​ទៀត រាល់​សេវាកម្ម​ទាំង​អស់ មិន​មាន​ការ​​ចំណាយ​លុយ​នោះ​ទេ ក្នុង​នាម​ជា​ឯក​អគ្គរដ្ឋទូត នៃ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស មេហ្គាប៊ែល។

សូមចុចអាន៖ បទ “កុំ​អាណិត​បង” របស់ Jimmy Kiss ជា​រឿង​ពិត​បុរស​ ៣​ នាក់

 

ដួង ហ្សូរីដា សព្វ​ថ្ងៃ​កំពុង​សប្បាយ​ចិត្ត​ចំពោះ​ឯករាជ្យ​ភាព ក្នុង​ការងារ​ជា​អ្នក​គ្រប់​គ្រង​ហាង​កាត់​សំលៀកបំពាក់ ដែល​ជា​ញើស​ឈាម​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ប៉ុន្តែ​ពិធី​ការិនី​មាន​ឥទ្ធិពល​រូប​នេះ គ្មាន​គម្រោង​បោះបង់​ចោល​អាជីព​សិល្បៈ​នោះ​ទេ ព្រោះ​យល់​ថា ការងារ​សិល្បៈ​ជា​ការ​ផ្សព្វផ្សាយ​ពី​កេរ្តិ៍​ឈ្មោះ​ហាង​របស់​ខ្លួន​ដោយ​មិន​អស់​លុយ។

 

ពិធី​ការិនី​រូប​នេះ​បន្ត​ថា៖ “តាម​រយៈ​ការងារ​សិល្បៈ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ហាង​របស់​ខ្ញុំ​ហ្នឹង កាន់​តែ​មាន​ការ​គាំទ្រ​ច្រើន​ឡើង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ សូម្បី​រដូវ​ភ្លៀង​អញ្ចឹង ​ក៏​នៅ​តែ​មាន​ភ្ញៀវ​មិន​ដាច់​ដែរ"។

 

ទោះ​បី​ជា​និន្នាការ​ផលិត​ភាពយន្ត​ខ្នាត​ធំ មាន​ការ​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​អតីត​តួ​ឯក​ស្រគត់ស្រគំ​រូប​នេះ​ប្រាប់​ថា គ្មាន​គម្រោង​ត្រឡប់​ទៅ​សម្ដែង​វិញ​នោះ​ទេ ព្រោះ​បាន​ប្រកាស​ផ្អាក​តាំង​ពី​ ៤ ​ឆ្នាំ​ មុន​មក​ម្ល៉េះ។ ផ្ទុយ​ទៅ​វិញ បើ​មាន​លទ្ធភាព ដួង ហ្សូរីដា នឹង​​ពង្រីក​មុខ​របរ​​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ​២០១៥ ​ខាង​មុខ​នេះ ដោយ​បង្កើត​ជា​សាលា​បណ្ដុះបណ្ដាល​អាជីព​កាត់ដេរ និង​ បង្កើត​កន្លែង​បង្រៀន​ដើរ​បង្ហាញ​ម៉ូដ​ដល់​ក្មេង​ជំនាន់​ក្រោយ៕

អត្ថបទ៖ សំ ជំនាញ