តារា​ល្បី​ៗ​ហូលីវូដ ៧រូប ដែល​អ្នក​មិន​ដឹង​ថា​ជា​កសិករ

  • 2015-03-16 21:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​តារា​ល្បី​ហូលីវូដ​ភាគ​ច្រើន ពោរពេញ​ដោយ​ភាព​ទំនើប ​ស៊ីវិល័យ ខុស​ឆ្ងាយ​ពី​ជីវិត​កសិករ​ដែល​ស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ និង​ច្រើន​តែ​ប្រឡាក់​ប្រឡូក។ ប៉ុន្តែ​អ្នក​ណា​ធ្លាប់​គិត​ដែរ​ទេ​ថា​ តារា​​ដែល​ធ្លាប់​តែ​សម្ដែង​រឿង​ល្បី​ៗ​មាន​ជីវិត​ជា​កសិករ​​នោះ?

 

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ល្បី​ៗ​ចំនួន ៧រូប​ដែល​មាន​មុខ​របរ​បន្ថែម​ជា​កសិករ ដែល​ភាគ​ច្រើន​គឺ​ជា​កសិករ​លំដាប់​ខ្ពស់៖​

 

៧. Brad Pitt

 

 

Brad Pitt មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ដ៏​ល្បី​ម្នាក់​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ម្ចាស់​កសិដ្ឋាន​ផលិត​ស្រា​លំដាប់​ពិភពលោក​មួយ​ដែរ។ ចម្ការ​ទំពាំងបាយជូរ​របស់​គេ​នៅ​តំបន់ Provence ប្រទេស​បារាំង គឺ​ជា​ទី​កន្លែង​ដាំដុះ​ទំពាំងបាយជូរ​ដ៏​មាន​គុណភាព​មួយ​ក្នុង​ពិភពលោក។ តួ​ឯក "World War Z” រូប​នេះ បាន​យក​ទំពាំងបាយជូរ​ទាំង​នេះ ទៅ​ផលិត​ស្រា​ដែល​មាន​យីហោ Côtes de Provence Rosé Miraval ដែល​បាន​ជាប់​ជា​ស្រា​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក​កាល​ពី​ឆ្នាំ២០១២។

 

Pitt និយាយ​ថា​គេ​រីករាយ​នឹង​ជីវិត​ស្ងប់ស្ងាត់​​បែប​កសិករ ហើយ​តារា​រូប​នេះ​​បាន​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ផលិត​ស្រា និង​ការ​ប្រមូល​ផល​ដំណាំ​របស់​ខ្លួន។​​​​​​

 

៦. Carrie Underwood

 

 

តារា​ចម្រៀង​ចង្វាក់ Country និង​ម្ចាស់​ជយលាភី American Idol Carrie Underwood គឺ​ជា​នារី​កសិករ​សុទ្ធសាធ​តែ​ម្ដង។ នាង​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ នៅ​រដ្ឋ Oklahoma​ និង​តែងតែ​ជួយ​ឪពុក​នាង ឲ្យ​ចំណី​គោ​ជា​រឿយៗ។ លើស​ពី​នេះ នាង​ក៏​មាន​គម្រោង​បង្កើត​កសិដ្ឋាន​ផ្ទាល់​ខ្លួន​មួយ​ដែរ​នៅ​តំបន់ Williamson រដ្ឋ Tennessee។

 

តារា​ចម្រៀង​ស្រី​ដែល​ទើប​មាន​កូន​មួយ​រូប​នេះ និយាយ​ថា​ជីវិត​នៅ​កសិដ្ឋាន​គឺ​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​នាង ហើយ​ស្វាមី​របស់​នាង​ក៏​ពេញចិត្ត​នឹង​ជីវិត​បែប​នេះ​ដែរ។ Underwood ចង់​ចិញ្ចឹម​សត្វ​ឲ្យ​បាន​ច្រើន​ក្នុង​កសិដ្ឋាន​របស់​នាង ប៉ុន្តែ​នាង​ហាក់​មិន​ចង់​ចិញ្ចឹម​គោ​ឡើយ ព្រោះ​នាង​ជា​អ្នក​តម​សាច់។

 

៥. Thomas Haden Church

 

 

តារា​សម្ដែង Thomas Haden Church មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វ​​​មួយ ដែល​មាន​ទំហំ​ដល់​ទៅ ៨គីឡូម៉ែត្រ​ការ៉េ។ កសិដ្ឋាន​របស់​តារា​សម្ដែង​រឿង "Spider-Man 3” រូប​នេះ ស្ថិត​នៅ​ទីក្រុង Kerrville រដ្ឋ​ Texas។ Church ធ្លាប់​ឃ្វាល​គោ​តាំង​ពី​អាយុ ១៣ឆ្នាំ និង​ធ្លាប់​ធ្វើ​ការងារ​ផ្សេង​ៗ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ។ បច្ចុប្បន្ន កសិដ្ឋាន​របស់​លោក​មាន​គោ​ជាង ៤០០ក្បាល។​

 

៤. Jennifer Aniston

 

 

តារា​សម្ដែង Jennifer Aniston និង​គូ​ដណ្ដឹង​របស់​នាង Justin Theroux ក៏​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ដែរ។ ពួក​គេ​មិន​ធ្លាប់​មាន​គម្រោង​ចង់​ធ្វើ​ការ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ទទួល​បាន​កសិដ្ឋាន​មួយ​នេះ​នៅ​ពេល ទិញ​ផ្ទះ​ថ្មី​ដែល​មាន​តម្លៃ ២១លាន​ដុល្លារ។ យ៉ាង​នេះ​ក្ដី ​អតីត​ភរិយា​តារា​សម្ដែង Brad Pitt រូប​នេះ នៅ​តែ​បន្ត​ចិញ្ចឹម​មាន់​ទាំង​នោះ​ដដែល ហើយ​នាង​​ក៏​ធ្លាប់​ជូន​ពង​មាន់​ជា​អំណោយ​ដល់​មិត្ត​រួម​អាជីព​ជា​ច្រើន​ដែរ។​​

 

៣. Russell Crowe

 

 

តារា​សម្ដែង Russell Crowe មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ខ្មៅ​ជាង ៧០០ក្បាល នៅ​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Crowe បាន​ទិញ​ដី​បន្ថែម​ជា​ច្រើន ដែល​ឥលូវ​​តារា​សម្ដែង​រូប​នេះ បាន​ក្លាយ​​ម្ចាស់​​កម្មសិទ្ធិ​ដី​ច្រើន​ជាង​គេ​បំផុត​មួយ​រូបក្នុង​​រដ្ឋ​នេះ។​

 

Crowe បាន​សង់​ព្រះវិហារ​ផ្ទាល់​ខ្លួន​មួយ​នៅ​ក្នុង​កសិដ្ឋាន​នោះ ហើយ​គេ និង​ប្អូន​ប្រុស​របស់​គេ​បាន​រៀបការ​ក្នុង​ព្រះវិហារ​នោះ​ទាំង​អស់​គ្នា។

 

២. Julia Roberts

 

 

Julia Roberts គឺ​ជា​តារា​សម្ដែង​ល្បី​ម្នាក់​ទៀត​ដែល​ចូលចិត្ត​ការងារ​កសិកម្ម​ដែរ។ ខុស​ប្លែក​ពី​តារា​​ដែល​បាន​រៀបរាប់​ខាង​លើ​ដែល​ចិញ្ចឹម​សត្វ​ក្នុង​កសិដ្ឋាន Roberts និង​គ្រួសារ​របស់​នាង​បាន​យក​ទីធ្លា​ខាង​ក្រោយ​ផ្ទះ​ជា​កន្លែង​ចិញ្ចឹម​មាន់​ក្នុង​ទ្រុង។ Robert និង​ស្វាមី​ចូលចិត្ត​ចិញ្ចឹម​មាន់ ព្រោះ​ពួក​គេ​យល់​ថា​ការ​ចិញ្ចឹម​មាន់​មាន​ផល​ល្អ​សម្រាប់​បរិស្ថាន។

 

១. Nicole Kidman

 

 

តារា​សម្ដែង Nicole Kidman និង​ស្វាមី​របស់​នាង Keith Urban ក៏​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ដែរ ប៉ុន្តែ​​អ្វី​ដែល​ប្លែក​គឺ​ពួក​គេ​ចិញ្ចឹម​សត្វ​​ប្លែក​ៗ​ច្រើន​ប្រភេទ ដូច​ជា​ក្ដាន់ មាន់​បារាំង (Turkey) និង​សត្វ Alpacas នៅ​ក្នុង​កសិដ្ឋាន​ នៅ​ទីក្រុង Nashville រដ្ឋ Tennessee។ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ដែរ ៕

 

ចុច​អាន៖តារា​ស្រី​ល្បីៗ ៩​ដួង មាន​គូ​ស្នេហ៍​ជា​ប្រុស​ក្មេង ​អាយុ​ខុស​គ្នា​ឆ្ងាយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest