កញ្ញា​​ វិចិត្រ​ ពិសី​ ​​​និស្សិត​ខ្មែរ​រៀន​នៅ​ចិន​​​​ នឹង​យក​ចំណេះដឹង​​​ដើម្បី​បម្រើ​​សង្គម​​ឲ្យ​​​រីក​ចម្រើន

  • 2014-10-07 17:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​​វ័យ​ ២១ ឆ្នាំ​ កញ្ញា​​ វិចិត្រ​ ពិសី​ ​​​គឺជា​អតីត​សិស្ស ​ពូកែ​គណិត​​វិទ្យា​នៅ​វិទ្យាល័យ​បាក់​ទូក ​​​កាល​​ពី​ឆ្នាំ​២០១០​។ បច្ចុប្បន្ន​កញ្ញា​​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​​អាហារូបករណ៍​​នៅ​សាធារណៈរដ្ឋប្រជាមានិត​ចិន​​លើ​មុខ​ជំនាញ​ទំនាក់​ទំនង​ និង​សេដ្ឋកិច្ច​អន្តរ​ជាតិ​នៅ​សាកលវិទ្យាល័យ​ក្វាង​ស៊ី ខេត្ត​ក្វាង​ស៊ី​ ប្រទេស​​ទេស​ចិន​​។​ ការ​ជ្រើស​រើស​មុខ​ជំនាញ​ខាង​លើ​គឺ​ជា​ចំណូល​ចិត្ត​របស់​កញ្ញា ​ម្យ៉ាង​ប្រទេស​ចិន​ក៏​ជា​​​មហា​អំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក​​ផង​ដែរ។ អាហារូបករណ៍ ដែល​កញ្ញា​ទទួល​​បាន​​​គឺ​​តាម​រយៈ​ប្រលង​ប្រជែង​យ៉ាង​​ស្វិត​ស្វាញ​ ពី​រដ្ឋាភិបាល​ចិន​​ផ្តល់​ដល់​និស្សិត​​កម្ពុជា​។​

 

កញ្ញា បាន​ចាក​ចេញ​ពី​ប្រទេស​​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​​កាល​​ពី​ឆ្នាំ​២០១១​។ យុវតី ដែល​ជា​កូន​ទោល​នៅ​ ក្នុង​​គ្រួសារ​មួយ​ ដែល​ម្តាយ​​​ជា​អ្នក​កាត់​ដេរ​ និង​កំព្រា​ឪពុក​​តាំង​ពី​កុមារភាព​ បាន​ប្រលង​ជាប់​បាក់​ឌុប​កាល​ពី​ឆ្នាំ​២០១០ ដោយ​ទទួល​បាន​និទ្ទេស​ B។ ក្រោយ​ប្រលង​ជាប់​បាក់​ឌុប​បាន​​និទ្ទេស​ល្អ​​ហើយ​ កញ្ញា បាន​ជាប់​អាហារូបករណ៍​នៅ​​សាកលវិទ្យាល័យ​បួន​ ក្នុង​នោះ​មាន​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាញ​ព័ត៌មាន​វិទ្យា​ សាកលវិទ្យាល័យ​ខេមរៈ​ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ និង​សាលកវិទ្យាល័យ​​​ហ្សាម៉ាន់​​​លើ​មុខ​ជំនាញ​វិស្វកម្ម​។

 

 

មុន​បាន​អាហារូបករណ៍​ កញ្ញា​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​​​​តាម​រយៈ​សេចក្តី​ជូន​​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដោយ​តម្រូវ​ឲ្យ​ដាក់​ពាក្យ​ សម្រាប់​តែ​និស្សិត​ជាប់​និទ្ទេស​ A ដល់​ និទ្ទេស​ C ប៉ុណ្ណោះ​។ កញ្ញា​បាន​ឆ្លង​កាត់​​ការ​ប្រលង​​គណិត​វិទ្យា​ និង​តេស្ត​ភាសា​អង់គ្លេស​កម្រិត​ TOFLE បាន​យ៉ាង​ជោគជ័យ​។ "ខ្ញុំ​មាន​បំណង​ប្រលង​យក​អាហារូបករណ៍​សិក្សា​​នៅ​​ក្រៅ​ប្រទេស​តាំង​ពី​​​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​គាត់​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​​ប្រទេស​វៀត​ណាម​ កូរ៉េ​ និង​ប្រទេស​អេស្បាញ​ ក៏​មាន​ចិត្ត​ចង់​បាន​អាហារូបករណ៍​ដូច​គាត់​​ដែរ។”

 

បើ​តាម​កញ្ញា ពិសី​ ការ​សិក្សា​នៅ​ទី​នោះ​ឆ្នាំ​ដំបូង​ ត្រូវ​សិក្សា​​ភាសាចិន​​មួយ​ឆ្នាំ​​​ និង​បន្ទាប់​មក​រៀន​ជំនាញ​បួន​ឆ្នាំ​​។​សរុប​ទៅ​​​​ការ​សិក្សា​មាន​ពេល​រយៈ​ពេល​ ៥ ឆ្នាំ​​ទើប​អាច​បញ្ចប់​​បរិញ្ញាបត្រ​។ "​នៅ​​ឆមាស​ដំបូង​ខ្ញុំ​មាន​ការ​លំបាក​វេទនា​​មែន​ទែន​ ទាក់​ទង​នឹង​បញ្ហា​ភាសា​ ព្រោះ​ក្នុង​ថ្នាក់​រៀន​គ្រូ​ប្រើ​ភាសា​​ចិន​​។ ខ្ញុំ​ខំ​ស្តាប់ និង​ថត​សម្លេង​គ្រូ​ពន្យល់​​​ ក្នុង​ថ្នាក់​ទុក​ ហើយ​ចំណាយ​ពេល​​ស្តាប់​ពី​១០​ ទៅ​ ១៥ នាទី​​។ ចំណុច​ណា​មិន​ច្បាស់​សួរ​មិត្ត​ភ័ក្កិ​ជន​ជាតិ​ចិន​​បន្ថែម។ ខ្ញុំ​បាន​ព្យាយាម​រហូត​មក​ដល់​​ បច្ចុប្បន្ន​ អាច​តាម​ទាន់​​ និង​​​ទ​ទួល​បាន​​ចំណាត់​ថ្នាក់​ល្អ​​”។

 

ទាក់ទង​ការ​ស្នាក់​នៅ​ប្រទេស​ចិន​ ពិសី​ ពេញ​ចិត្ត​នឹង​បរិយាកាស​រស់​ និង​សិក្សា​នៅ​ទី​​នោះ​​ជា​ខ្លាំង។​ សព្វ​ថ្ងៃ​​ កញ្ញា​​ស្នាក់​នៅ​ក្នុង​អន្ទេវា សិកដ្ឋាន​ ​ជាមួយ​​​​​និស្សិត​ខ្មែរ​បី​នាក់​ផេ្សង​ទៀត​។ អ្នក​ទាំង​បី​នាក់​​​​ប្រៀប​បាន​នឹង​បង​ប្អូន​​បង្កើត​នឹង​គ្នា ខណៈ​កញ្ញា​​​មិន​ដែល​មាន​បង​ប្អូន​​រស់​នៅ​ជាមួយ​គ្នា​ពី​មុន​មក​ទេ​​។​ ​ ​

 

ទោះ​បី​ កញ្ញា​ ពិសី កំពុង​សិក្សា​​ឆមាស​ទី​១ ឆ្នាំ​ទី​៣ ក៏​ពិត​មែន​​ តែ​កញ្ញា​មាន​​មហិច្ឆតា​ចង់​បាន​អាហារូបរកណ៍​ថ្នាក់​អនុបណ្ឌិត​ ក៏​ដូច​ជា​បណ្ឌិត​ ដើម្បី​​​យក​​​ចំណេះ​ដឹង​​ដែល​មាន​​​មក​អភិវឌ្ឍន៍​សង្គម​ជាតិ​​ ពិសេស​​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាតិ​​តែ​ម្តង។ "​ខ្ញុំ​គិត​ថា​​​ចិន​ជា​ប្រទេស​មហា​​អំណាច​សេដ្ឋកិច្ច​ទី​២ ​ជិត​តាម​ទាន់​​​​សហរដ្ឋអាមេរិក​​ហើយ​ ដូច្នេះ​​​​គេ​ប្រហែល​​​​គេ​មាន​យុទ្ធសាស្រ្ត​អី​​ពិសេស​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​គេ​​មាន​ការ​រីក​ចម្រើន​​។ ទៅ​ថ្ងៃ​អនាគត​ ខ្ញុំ​​សង្ឃឹម​ថា​នឹង​យក​​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​​ ចែក​​ចាយ​ដល់​អ្នក​​ជំនាន់​ក្រោយ​ ហើយ​បើ​សិន​ជា​អាច​ ​ចូល​រួម​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ ក្នុង​ប្រទេស​យើង។ ម្យ៉ាង​​ការ​ចង់​បាន​ជំនាញ​ភាសា​ចិន​​ក៏​ជា​​បំណង​ប្រាថ្នា​របស់​ខ្ញុំ​​ផង​ដែរ​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​​​ មាន​តម្រូវ​ការ​ភាសា​ចិន​ច្រើន​​​​​​​​”។

 

 

ពិសី​ បាន​ផ្តាំ​​ផ្ញើ​ទៅ​យុវជន​ជំនាន់​ក្រោយ​ប្រសិន​​​ចង់​បាន​​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស​​ ត្រូវ​ប្រឹង​គណិត​វិទ្យា​ និង​ភាសាអង់គ្លេស​ ព្រោះ​​ភាគ​ច្រើន​​អាហារូបករណ៍​​នៅ​បរទេស​​យក​​តែ​ពីរ​មុខ​វិជ្ជា​នេះ​ទេ​​។ យុវជន​ត្រូវ​ហ៊ាន​សាកល្បង​​ និង​មាន​​ជំនឿ​ចិត្ត​លើ​​ខ្លួន​ឯង​ សូម​​កុំ​និយាយ​ថា​ "ខ្ញុំ​ធ្វើ​អត់​កើត​ ​ គួរ​និយាយ​ថា​ ខ្ញុំ​មិន​ទាន់​ធ្វើ​កើត​ ហើយ​ខិត​​ខំ​ប្រឹង​ប្រែង​ថែម​​ទៀត​”។ កុំ​អស់​សង្ឃឹម​​ពេល​​ទទួល​បាន​​​និទ្ទេស​ D C E ព្រោះ​និទ្ទេស​​ មិន​​បញ្ជាក់​​​ពី​សមត្ថភាព​នោះ​ទេ​​វា​គ្រាន់​ជា​​ការ​ប្រលង​តែ​ម្តង។ ​បរ៉ាជ័យ​លើក​ទី​១​ មិន​​មែន​​មាន​ន័យ​ថា​ យើង​គ្មាន​​សមត្ថភាព​នោះ​ទេ​​ ត្រូវ​ព្យាយាម​សារ​ជា​ថ្មី​ ។ ជាក់​ស្តែង​កញ្ញា​ផ្ទាល់​ធ្លាប់​បរ៉ាជ័យ​​ពីរ​លើក​មក​​ហើយ​ មុន​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ចិន​ ក្នុង​នោះ​មាន​​ប្រទេស​​ សឹង្ហបុរី​ និង​ប្រទេស​ចិន​ ប៉ុន្តែ​អាហារូបករណ៍​ផេ្សង​គ្នា​។ ​ដូច្នេះ​​ការ​ធ្លាក់​ឬ​​ជាប់​​គឺ​ជា​រឿង​ធម្មតា​។​ អ្នក​ត្រូវ​គិត​ថា​ ​ឱកាស​​ល្អ​ទៅ​វិញ​ទេ​ ដែល​មិន​ទាន់​មក​ដល់​ វា​នឹង​មក​ដល់​នៅ​ថ្ងៃ​អនាគត។ ការ​សិក្សា​នៅ​​ក្នុង​ស្រុក​ក៏​ល្អ​ដែរ​​ប្រសិន​​ បើ​យើង​មាន​​ការ​ព្យាយាម​​​។ ផ្ទុយ​មក​វិញ​​អ្នក​សិក្សា​នៅ​ប្រទេស​ក៏​មិន​ប្រាកដ​ថា​​ មាន​ការងារ​ល្អ​​​ជាង​អ្នក​សិក្សា​ក្នុង​ស្រុក​នោះ​ទេ​​។ ម្យ៉ាង​លក្ខណៈ​ពិសេស​មួយ​​ទៀត​អ្នក​​សិក្សា​នៅ​ក្នុង​ស្រុក​មិន​ខាត​ឆ្នាំ​ផង​៕

 

អានអត្ថបទ៖ ៤​យ៉ាង​កម្ពុជា​លេច​មុខ​នៅ​អន្តរជាតិ​ ខ្មែរ​ខ្លួន​ឯង​តិច​តួច​ដែល​​ដឹង!

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម