សំណង់​​៤​យ៉ាង​ទាក់ទង​​នឹង​​ខ្មែរ​នៅបរទេស ដែល​ឃើញ​ហើយ​រំភើបចិត្ត​

  • 2014-10-07 21:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របស់​បួន​យ៉ាង​នោះ​មាន​ "សេចក្ដី​ប្រកាស​ស្ដី​ពី​សិទ្ធិ​មនុស្ស​ជា​អក្សរ​ខ្មែរ", “សិលា​ចារិក​ខ្មែរ", “ផ្ទះ​ខ្មែរ" និង​ "ខ្លោងទ្វារ​ប្រាសាទ​ខ្មែរ"​ កំពុង​មាន​វត្តមាន​នៅ​បរទេស​ ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ពុំ​សូវ​បាន​ដឹង​នោះ​ទេ។

 

១) “The Way of Human Rights" នៅ​ទីក្រុង​ Nuremberg​ ប្រទេស​អាល្លឺម៉ង់៖ ជា​សសរ​បេតុង​កម្ពស់​៩​ម៉ែត្រ​ចំនួន​៣០​ដើម​តម្រៀប​គ្នា​យ៉ាង​ត្រង់ភ្លឹង។ សសរ​នេះ​ជា​គំនិត​រចនា​ដោយ​សិល្បករ​ជនជាតិ​អ៊ីស្រាអែល​ ក្នុង​ឆ្នាំ​១៩៩៣។ សរសេរ​នីមួយ​ៗ​ត្រូវ​បាន​ចារ​សេចក្ដី​ប្រកាស​ជា​សាកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​​មនុស្ស​ចំនួន​៣០​ភាសា​ផ្សេង​ៗ​គ្នា​ ដោយ​ក្នុង​នោះ​ មាន​មួយ​ដើម​ត្រូវ​បាន​ចារ​ជា​អក្សរ​ខ្មែរ។

 

 

 

២) ខ្លោងទ្វារ​ប្រាសាទ​បាយ័ន​នៅ​ឧទ្យាន​កម្សាន្ត​ PortAventura​ ស្ថិត​នៅ​ខាង​ត្បូង​ទីក្រុង​ Barcelona​ ប្រទេស​អេស្ប៉ាញ។ ដើម្បី​ទាក់ទាញ​មនុស្ស​ឲ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ ឧទ្យាន​កម្សាន្ត​ PortAventura​ បាន​រចនា​បន្ថែម​នូវ​ "អង្គរ៖ ដំណើរ​ផ្សងព្រេង​ក្នុង​អាណាចក្រ​ដែល​មិន​មាន​អ្នក​ដឹង"​ ដោយ​បង្កើត​ព្រៃ​ព្រឹក្សា​ រួម​ទាំង​ប្រាសាទ​បុរាណ​បែប​ហិណ្ឌូ​ផង។ ការ​រចនា​ទិដ្ឋភាព​ទាំង​នេះ​ឡើង​ គឺ​ដើម្បី​ឲ្យ​អ្នក​មក​កម្សាន្ត​ទាំង​ប៉ុន្មាន​បាន​រីករាយ​ ដូច​នឹង​ដំណើរ​ផ្សង​ព្រេង​ពិត​ៗ​អីចឹង​ដែរ។

 

 

៣) ផ្ទះ​ខ្មែរ​ Maison du Cambodge​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង៖​ ត្រូវ​បាន​សង់​ឡើង​ដោយ​មូលនិធិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ឆ្នាំ​១៩៥០។ ផ្ទះ​នេះ​រចនា​ជា​រាង​អក្សរ​អ៊ុយ​ (U) ​ដោយ​មាន​បញ្ចូល​​លក្ខណៈ​ខ្មែរ​ ដោយ​ស្ថាបត្យករ​បារាំង​ Alfred Audoul។ កាល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ផ្ទះ​នេះ​ត្រូវ​បាន​បិទ​ចោល​អស់​រយៈ​ពេល​៣០​ឆ្នាំ​ ដោយសារ​កើត​មាន​ជម្លោះ​ហិង្សា​រវាង​អ្នក​ស្នាក់​នៅ​ទី​នោះ។ បច្ចុប្បន្ន​ ផ្ទះ​ខ្មែរ​នេះ​បាន​ក្លាយ​ជា​អន្តេវាសិកដ្ឋាន​ ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​ខ្មែរ​ និង​បរទេស​​ជា​ច្រើន​នាក់។

 

 

 

៤) សិលា​ចារិក​ខ្មែរ​ក្នុង​ឆ្នាំ​​៦៣៩​នៃ​គ្រិស្តសករាជ​ នៅ​ប្រទេស​ថៃ៖ នៅ​សារមន្ទីរ​ជាតិ​នៃ​ប្រទេស​ថៃ​ មាន​សិលា​ចារិក​មួយ​ត្រូវ​បាន​គេ​យក​មក​ពី​ភ្នំ​ Khao Rang ​ខេត្ត​ Pracheenburi ​ប្រទេស​ថៃ​ មាន​ចារ​ជា​អក្សរ​ខ្មែរ​បុរាណ​ ជា​ភាសា​​សំស្រ្កឹត​ ស្ដី​អំពី​ការ​បូជា​វត្ថុ​ផ្សេង​ៗ​ទៅ​ដល់​ប្រាសាទ។

 

 

 

ចុះ​មិត្ត​យុវវ័យ​​​ដឹងថា​​មាន​អ្វី​ទាក់ទង​នឹង​ខ្មែរ​ទៀត​ទេ​នៅ​បរទេស?

 

-មើល​ព័ត៌មាន​ជា​ច្រើន​ទៀត​​ទាក់​ទង​នឹង​កម្ពុជា​ ចុច​ត្រង់​នេះ

 

អត្ថបទ៖ មាស រ័ត្ន ប្រភព៖ ndlciup, inparkmagazine, tourismus.nuernberg

អត្ថបទថ្មី