អគារកូនភ្លោះដូចគ្នាស្ទើរបេះបិទ តែមួយនៅកម្ពុជាមួយនៅថៃ បង្កប់រឿងរ៉ាវជំពាក់វាក់វិនកូនខ្មែរគួរដឹង!
- 2015-01-20 18:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារកូនភ្លោះដូចគ្នាស្ទើរបេះបិទ តែមួយនៅកម្ពុជាមួយនៅថៃ បង្កប់រឿងរ៉ាវជំពាក់វាក់វិនកូនខ្មែរគួរដឹង!
ចន្លោះមិនឃើញ
អ្នកស្រឡាញ់ស្ថាបត្យកម្មមួយចំនួនតែងនឹកឆ្ងល់រឿងអគារ មួយនៅប្រទេសកម្ពុជា និងមួយទៀតនៅប្រទេសថៃ ប៉ុន្តែមានរូបរាងដូចគ្នាស្ទើរបេះបិទ នោះគឺសាលាខេត្តបាត់ដំបង និងមន្ទីរពេទ្យ Chaophraya Abhaibhubejhr ខេត្ត Prachin Buri។
តាមពិតទៅអគារទាំងពីរនេះសង់ឡើងដោយមនុស្សតែម្នាក់ទេ។ បើយោងតាមគម្រោងស្រាវជ្រាវ “ស្ថាបត្យកម្មខេត្តបាត់ដំបង” ពេលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសង់ផ្ទះនេះ ដែលជាអគារសាលាខេត្តបាត់ដំបងសព្វថ្ងៃ ក្នុងឆ្នាំ១៩០៥។ ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលបារាំងទាមទារបានខេត្តនេះពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងផ្ទះនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំងទាំងអស់។
អគារសាលាខេត្តបាត់ដំបងសង់ក្នុងឆ្នាំក្នុងឆ្នាំ១៩០៥
គម្រោងស្រាវជ្រាវដដែលឲ្យដឹងដែរថា ពេលស្ដេចត្រាញ់រូបនេះទៅរស់នៅក្នុងខេត្ត Prachin Buri ប្រទេសថៃ លោកបានសង់ផ្ទះមួយទៀតដូចគ្នាបេះបិទនឹងផ្ទះចាស់នេះដែរ សូម្បីជាងចម្លាក់ក៏ជួលពីអ្នកធ្លាប់ឆ្លាក់នៅផ្ទះចាស់របស់លោកដែរ។
មន្ទីពេទ្យ Chaophraya Abhaibhubejhr សង់ក្នុងឆ្នាំ១៩០៩
យោងតាមកាសែតបាងកកប៉ុស្តិ៍ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៩ លើអត្ថបទមួយមានចំណងជើងថា “ថៃ និងកម្ពុជាមានមរតកស្ថាបត្យកម្មតែមួយ” ផ្ទះនេះមានឈ្មោះថា Chaophraya Abhaibhubejhr សង់ឡើងក្នុងឆ្នាំ១៩០៩ លេងស្ទីល Baroque Style ដែលក្រោយមកម៉ូដនេះល្បីល្បាញនៅអឺរ៉ុប។ ផ្ទះនេះបានក្លាយជាមន្ទីរពេទ្យខេត្ត Prachin Buri និងក្រោយមកបានប្ដូរឈ្មោះទៅជា Chaophraya Abhaibhubejhr Hospital វិញ។ បើគេមើលរូបរាងនៃអគារមន្ទីរពេទ្យនេះ គឺដូចគ្នានឹងអគារសាលាខេត្តបាត់ដំបងដែរ លើកលែងតែហោជាងខាងមុខបន្តិច៕
អត្ថបទ៖ មាស រ័ត្ន
រូបភាព៖ mangocambodia & Bangkok Post