Gerrard សុំទោសអ្នកគាំទ្រ និងមិត្តរួមក្រុម ក្រោយកាតក្រហម
- 2015-03-23 15:36:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gerrard សុំទោសអ្នកគាំទ្រ និងមិត្តរួមក្រុម ក្រោយកាតក្រហម
ចន្លោះមិនឃើញ
Steven Gerrard ប្រធានក្រុមហង្សក្រហម Liverpool បាននិយាយសុំទោសដល់អ្នកគាំទ្រ និងមិត្តរួមក្រុមទាំងអស់ បន្ទាប់ពីទទួលបានកាតក្រហម ក្នុងការប្រកួតទល់នឹងក្រុមគូសត្រូវ Manchester United ធ្វើឲ្យក្រុមបរាជ័យក្នុងទឹកដីខ្លួនឯង និងបាត់បង់ឱកាសឡើងកាន់តំណែង Top 4។
ក្រុមរបស់លោក Brendan Rodgers បានបរាជ័យ ២-១ នៅកីឡដ្ឋាន Anfield បន្ទាប់ពី Juan Mata ស៊ុត ២គ្រាប់នៅនាទី១៤ និង៥៩។ ហង្សក្រហម ដែលមានគ្នាតែ១០នាក់ បានសងមួយគ្រាប់វិញ ដោយ Daniel Sturridge នៅនាទី៦៩ ប៉ុន្តែក្រុមមួយនេះ គ្មានលទ្ធភាពរកគ្រាប់បានស្មើទេ។
ត្រឹមរយៈពេលតែ ៤៨វិនាទី ក្រោយដូរចូលនៅតង់ទី២ Gerrard បានបង្កកំហុសលើ Ander Herrera ហើយត្រូវបានលោកអាជ្ញាកណ្ដាល Martin Atkinson ពិន័យកាតក្រហមតែម្ដង។ ក្រោយប្រកួតចប់ អតីតប្រធានក្រុមអង់គ្លេសរូបនេះ បាននិយាយសុំទោសដល់អ្នកគាំទ្រ និងមិត្តរួមក្រុម ថាគ្រប់យ៉ាងគឺជាកំហុសរបស់គេតែម្នាក់។
Gerrard បានប្រាប់ដល់ Sky Sports ថា៖ "ខ្ញុំត្រូវតែទទួល ការសម្រេចចិត្តគឺត្រឹមត្រូវ។ ខ្ញុំបានធ្វើឲ្យមិត្តរួមក្រុម និងអ្នកគាំទ្រហង្សក្រហម បាក់មុខ។ ខ្ញុំសូមទទួលខុសត្រូវទាំងអស់។ ខ្ញុំមិនដឹងពីមូលហេតុនោះច្បាស់ទេ ខ្ញុំពិតជាមិនដឹងមែន។ ប្រហែលជា ការប្រជែងយកបាល់របស់ខ្ញុំប៉ះទង្គិចខ្លាំងពេក។ ខ្ញុំមិនគួរនិយាយច្រើនជាងនេះទេ ខ្ញុំគ្រាន់តែមកទីនេះ ដើម្បីសុំទោសដល់មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់តែប៉ុណ្ណោះ"។
Gerrard នឹងត្រូវពិន័យ៣ប្រកួត ហើយកីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងខកខានប្រកួតប៉ះ Arsenal នៅថ្ងៃទី៤ ខែមេសា, FA Cup លេងលើកទី២ ប៉ះ Blackburn ថ្ងៃទី៨ ខែមេសា និងខកខានប៉ះ Newcastle នាថ្ងៃទី១៣ ខែមេសាថែមទៀត៕
ចុចអាន៖ Man Utd ធ្វើឲ្យ Liverpool ចាញ់លើកដំបូងឆ្នាំ២០១៥
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror