៨​នាទី​ យន្តហោះ​អាល្លឺម៉ង់​ធ្លាក់​តែ​​គ្មាន​សញ្ញា​អាសន្ន

  • 2015-03-25 16:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះហើរ 4U 9525 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Germanwings បាន​ជួប​គ្រោះ​ថ្នាក់ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទាំង​អស់ ១៥០​នាក់ (អ្នក​ដំណើរ​១៤៤នាក់ បុគ្គលិក​៦នាក់)។ ទោះ​យ៉ាង​ណា មក​ទល់​ពេល​នេះ មូលហេតុ​ពិត​ប្រាកដ​នៃ​សោកនាដកម្ម​មិន​ទាន់​អាច​ស្រាយ​ចេញ​នៅ​ឡើយ ប៉ុន្តែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​អំឡុង​ពេល​យន្តហោះ​ជួប​គ្រោះ​ថ្នាក់ ៨​នាទី មិន​មាន​ការ​ផ្ដល់​សញ្ញា​អាសន្ន។

 

ក្រុម​ជួយ​សង្គ្រោះ​នៅ​តំបន់​ដែល​យន្តហោះ​ធ្លាក់

 

មន្ត្រី​អាកាសចរណ៍​បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​ជុំវិញ​ហេតុការណ៍​ដែល​កើត​ឡើង​ចុង​ក្រោយ លើ​យន្តហោះ Germanwings Airbus A320 ដែល​ជួប​គ្រោះ​ថ្នាក់ នៅ​ចន្លោះ​សង្កាត់ Barcelonnette និង Digne តំបន់​ភ្នំ​ Alps ក្នុង​ប្រទេស​បារាំង។

 

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Germanwings លោក Thomas Winkelmann បាន​បង្ហាញ​នៅ​ទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់​ថា យន្តហោះ​ចាប់ផ្ដើម​ដាំ​ក្បាល​ចុះ បន្ទាប់​ពី​ហោះ​ឡើង​ដល់​ចំណុច​កម្ពស់​ធម្មតា​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

 

ខាងក្រោម​នេះ​វិវឌ្ឍន៍​ចុងក្រោយ​របស់​យន្តហោះមុន​ជួប​គ្រោះ​ថ្នាក់៖

 

ម៉ោង ១០:០១ ព្រឹក (ម៉ោង ០៤:០១​ល្ងាច នៅ​កម្ពុជា) ជើង​ហោះហើរ 4U 9525 ចាប់​ផ្ដើម​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង Barcelona

ម៉ោង ១០:៤៤​ព្រឹក (ម៉ោង ០៤:៤៤​ល្ងាច នៅ​កម្ពុជា) យន្តហោះ​បាន​ឡើង​ដល់​កម្ពស់​ហោះហើរ​មធ្យម

ម៉ោង ១០:៤៥​ព្រឹក (ម៉ោង ០៤:៤៥​ល្ងាច នៅ​កម្ពុជា) យន្តហោះ​ចាប់ផ្ដើម​ធ្លាក់​ចុះ ដែល​មិន​អាច​ពន្យល់​បាន

ម៉ោង ១០:៤៧​ព្រឹក (ម៉ោង ០៤:៤៧​ល្ងាច នៅ​កម្ពុជា) ការិយាល័យ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស បាន​រាយការណ៍ ពី​ការ​ទាក់ទង​ដោយ​អាសន្ន​លើក​ទី​បី​ទៅ​កាន់​យន្តហោះ

ម៉ោង ១០:៥៣​ព្រឹក (ម៉ោង ០៤:៥៣​ល្ងាច នៅ​កម្ពុជា) រ៉ាដា និង​វិទ្យុ​ទាក់ទង បាន​កាត់​ផ្ដាច់​ទាំង​ស្រុង។ ​ ​​ក្នុង​ចន្លោះ​ពេល ៨​នាទី ចាប់​ពី​ពេល​ដែល​យន្តហោះ​ឡើង​ដល់​កម្ពស់​មធ្យម រហូត​ដល់​បាត់​ចេញ​ពី​រ៉ាដា និង​ដាច់​ការ​ទាក់​ទង​ទាំង​ស្រុង ពុំ​មាន​ការ​រាយការណ៍​ពី​សញ្ញា​អាសន្ន​ណាមួយ​ឡើយ។

 

បើ​តាម​លោក Winkelmann បាន​បញ្ជាក់​ថា យន្តហោះ​ចាប់ផ្ដើម​ធ្លាក់​ចុះ​មក​វិញ បន្ទាប់​ពី​ឡើង​ដល់​កម្ពស់​មធ្យម និង​បន្ត​ដាំ​ក្បាល​ចុះ​អស់​រយៈពេល ៨​នាទី រហូត​ដល់​ធ្លាក់​ក្នុង​តំបន់​ភ្នំ​នៃ​ប្រទេស​បារាំង។

 

លោក បាន​បន្ត​ទៀត​ថា មិន​ទាន់​មាន​អ្វី​អាច​បញ្ជាក់​បាន ហេតុអ្វី​យន្តហោះ​ចាប់​ផ្ដើម​ធ្លាក់​ពី​កម្ពស់ ៣៨០០០​ហ្វីត (ជិត ១២​គីឡូម៉ែត្រ)។ យ៉ាង​ណា​មិញ យន្តហោះ​ដែល​មាន​អាយុកាល ២៤​ឆ្នាំ នោះ ត្រូវ​បាន​ត្រួតពិនិត្យ​មួយ​ថ្ងៃ​មុន​ការ​ហោះ​ហើរ​រួច​ហើយ ចំណែក​ឯ​អ្នក​បញ្ជា​មាន​បទពិសោធន៍​ជាង ១០​ឆ្នាំ ជាមួយ​ការ​ហោះហើរ ៦០០០​ម៉ោង។

 

ប្រធានាធិបតី​បារាំង Francois Hollande បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​រក​មូលហេតុ​ពិត​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ។ ចំណែក​នាយករដ្ឋមន្ត្រី​បារាំង Manuel Valls បាន​និយាយ​ថា ក្រុម​រុករក​បាន​ទៅ​ដល់​ជិត​តំបន់​កើត​ហេតុ​រួច​ហើយ ប៉ុន្តែ​គ្មាន​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ទេ ហើយ​ក៏​គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ពី​មូលហេតុ​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​នេះ​ដែរ៕

 

ចុចអាន៖ ក្ដៅៗ! ធ្លាក់​យន្តហោះ​នៅ​បារាំង ប៉ុន្មាននាទី​មុន​នេះ

 

​​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ independent

អត្ថបទថ្មី