៩រឿងគួរឲ្យភ្ញាក់ផ្អើល ពីចំណូលរបស់តារាហូលីវូដ
- 2015-03-25 20:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩រឿងគួរឲ្យភ្ញាក់ផ្អើល ពីចំណូលរបស់តារាហូលីវូដ
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នាពិតជាដឹងថាតារាហូលីវូដអាចរកលុយបានច្រើនសន្ធឹកសន្ធាប់ពីការសម្ដែងភាពយន្ត រឿងភាគ ពាណិជ្ជកម្ម និងវីដេអូហ្គេមជាដើម។ ប៉ុន្តែបើតាមរបាយការណ៍ថ្មីពីគេហទំព័រ Hollywood Reporter បានឲ្យដឹងថា តារាមួយចំនួនអាចរកលុយបានច្រើនហួសពីការស្មានរបស់ទស្សនិកជន ស្របពេលដែលតារាមួយចំនួនទៀតរកបានតិចតួចបំផុត។ ខាងក្រោមនេះគឺជាអាថ៌កំបាំង ៩ដែលគេទទួលបានពីរបាយការណ៍មួយនេះ៖
១. Robert Downey Jr. រកបាន ៧៥លានដុល្លារ ពីខ្សែភាពយន្ត "Iron Man”
"Iron Man” គឺជាខ្សែភាពយន្តជាស៊េរីដែលរកចំណូលបានច្រើនជាងគេ ហើយក្នុងកិច្ចសន្យា Robert Downey Jr. ដែលជាតួឯក អាចទទួលបាន ៧%នៃប្រាក់ចំណូលសរុបរបស់ភាពយន្ត។
២. Leo និង Jonah សម្ដែងរឿង "Wolf Of Wall Street” ដូចគ្នា តែចំណូលខុសគ្នាដូចមេឃ និងដី
តារាសម្ដែង Leonardo DiCaprio និង Jonah Hill បានជាប់បេក្ខភាពចុងក្រោយដណ្ដើមពានរង្វាន់ OSCAR ដូចគ្នាសម្រាប់ការសម្ដែងរឿង “The Wolf Of Wall Street” ប៉ុន្តែ Leo អាចរកបាន ២៥លានដុល្លារ ពីការសម្ដែងរឿងនេះ។ ចំណែក Jonah គឺទទួលបានតែ ៦ម៉ឺនដុល្លារប៉ុណ្ណោះ។
៣. Jennifer Lawrence រកបាន ៣៥លានដុល្លារពី "Hunger Games”
តារាសម្ដែង Jennifer Lawrence និង Jennifer Aniston គឺជាតារាស្រីពីររូប គេចាត់ទុកថាមានចំណូលខ្ពស់លេចធ្លោក្នុងវិស័យភាពយន្តហូលីវូដ។ ទោះយ៉ាងណា Jennifer Lawrence អាចរកចំណូលបានដល់ទៅ ៣៥លានដុល្លារ ពីការសម្ដែងរឿង "Hunger Games” កាលពីឆ្នាំមុន ស្របពេលដែល Aniston អាចរកបានតែ ១៥លានដុល្លារប៉ុណ្ណោះ នៅឆ្នាំមុនដូចគ្នា។
៤. តារាល្បីៗអាចរកលុយបានមួយផ្នែកធំពីការថតពាណិជ្ជកម្ម
តារាសម្ដែងអាចរកលុយបានច្រើនពីការថតភាពយន្ត ប៉ុន្តែតាមរយៈការថតឈុតពាណិជ្ជកម្ម ពួកគេក៏រកលុយបានច្រើនមិនស្ទើរដែរ។ ក្រៅពីចំណូល ៧៥លានដុល្លារ ពីខ្សែភាពយន្ត "Iron Man” Robert Downey Jr. អាចរកបាន១២លានដុល្លារ ពីការថតពាណិជ្ជកម្មឲ្យ HTC។ ចំណែកចំណូល Jennifer Aniston ពីការថតពាណិជ្ជកម្មឲ្យក្រុមហ៊ុន Aveeno និង Smartwater គឺស្មើនឹងចំណូលដែលនាងទទួលបានពីការសម្ដែងភាពយន្តដែរ។ ហើយពិធីករ Betthenny Frankel ដែលជាប់កុងត្រាជាមួយផលិតផល Skinnygirl អាចរកបាន ១០០លានដុល្លារហើយពីផលិតផលនេះ។
៥. Liam Neeson រកបាន ២០លានដុល្លារ ពីការសម្ដែងរឿង "Taken 3”
បើទោះជាមានវ័យ ៦២ឆ្នាំហើយក៏ដោយ ប៉ុន្តែ Liam Neeson នៅតែអាចថតរឿងបាញ់ប្រហារបាន ហើយទទួលបានប្រាក់ដល់ទៅ ២០លានដុល្លារពីការសម្ដែងរឿង "Taken 3”។
៦. ចំណូលតារាសម្ដែងរឿងភាគ ១នាទី ស្មើនឹងប្រាក់ខែមធ្យមរបស់ប្រជាជនអាមេរិក
តារាសម្ដែង Ashton Kutcher ដែលជាតួអង្គម្នាក់ក្នុងរឿងភាគទូរទស្សន៍ " Two And A Half Men” អាចរកចំណូលបាន ៧៥ម៉ឺនដុល្លារ ក្នុងមួយភាគ ដែលស្មើនឹង ៣៤០០០ដុល្លារ ក្នុងមួយនាទី។ ស្រដៀងគ្នានេះដែរ តារាសម្ដែង Mark Harmon ដែលសម្ដែងរឿង "NCIS” អាចរកបាន ៥០ម៉ឺនដុល្លារ ក្នុងមួយភាគ។ ចំណែកតួឯករឿង "The Big Bang Theory” Jim Parsons, Johnny Galecki និង Kaley Cuoco-Sweeting សុទ្ធតែអាចរកបាន ១លានដុល្លារក្នុងមួយភាគ។
៧. Jon Stewart ជាពិធីករកម្មវិធីពេលយប់ដែលរកចំណូលបានច្រើនជាងគេ
ពិធីករល្បី Jimmy Fallon ត្រូវគេដឹងថាអាចរកចំណូលបាន ១៥លានដុល្លារ ក្នុងមួយឆ្នាំ។ Stephen Colbert ក៏មានចំណូលប្រហាក់ប្រហែលនេះដែរ ប៉ុន្តែអាចនឹងកើនឡើងច្រើនជាងនេះទៀត បន្ទាប់ពីចូលកាន់កម្មវិធីជំនួស David Letterman បន្ថែមទៀត។ Seth Mayers អាចរកបានតែ ៣លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដោយឡែកពិធីករកម្មវិធីកំប្លែង "The Daily Show” លោក Jon Stewart អាចរកបានចាប់ពី ២៥លានដុល្លារ ទៅ៣០លានដុល្លារក្នុងមួយឆ្នាំ។
៨. ចំណូលជាមធ្យមរបស់តារាសម្ដែងភាគច្រើនមិនដូចអ្វីដែលអ្នកគិតឡើយ
តារាសម្ដែងជួរមុខអាចរកបានខ្ទង់លានដុល្លារ ក្នុងមួយរឿងៗ ប៉ុន្តែតារាសម្ដែងភាគច្រើនដែលមិនមានឈ្មោះល្បី អាចរកចំណូលបានជាមធ្យមត្រឹមតែ ៥២០០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក៏មានតារាមួយចំនួនធំទៀតដែរដែលអាចរកបានត្រឹមតែ ១០០០ដុល្លារ ក្នុងមួយឆ្នាំពីការងារសម្ដែង។ នេះបើតាមរបាយការណ៍របស់ Hollywood Reporter។
៩. ស្វាមួយក្បាលមានតម្លៃខ្លួនខ្ពស់ជាងតារាសម្ដែងធម្មតាទៅទៀត
សត្វស្វាមួយក្បាល ឈ្មោះ Crystal ដែលបានលេចមុខក្នុងកម្មវិធី “Animal Practice” របស់ទូរទស្សន៍ NBC អាចរកបានប្រមាណ ១០ម៉ឺនដុល្លារ ពីការថតកម្មវិធី ទាំង ៩ភាគ ៕
ចុចអាន៖តារាល្បីៗហូលីវូដ ៧រូប ដែលអ្នកមិនដឹងថាជាកសិករ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ etonline