ព្រីម ភ្លឿន កូនខ្មែរធំនៅ កាណាដា តែមិនទៅណាស៊ូផ្ដល់ដង្ហើមដល់សិល្បៈបូរាណខ្មែរ
- 2015-03-26 16:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម ភ្លឿន កូនខ្មែរធំនៅ កាណាដា តែមិនទៅណាស៊ូផ្ដល់ដង្ហើមដល់សិល្បៈបូរាណខ្មែរ
ចន្លោះមិនឃើញ
១៩៧៩ យន្តហោះបាននាំប្រជាពលរដ្ឋខ្មែរជាច្រើន រួមទាំងប្ដីប្រពន្ធមួយគូមានកូនប្រុសអាយុ៣ឆ្នាំម្នាក់ ចាកចេញពីជំរំជនភ្លៀសខ្លួនក្នុងដីថៃ ឆ្ពោះទៅ កាណាដា គេចពីរបបវាលពិឃាដខ្មែរក្រហម។ ១៩ឆ្នាំក្រោយមក កុមារ ព្រីម ភ្លឿន ធំពេញរូបរាង បែរជាបានចាកចេញពីប្រទេសស៊ីវីល័យ ត្រលប់មកប្រទេសកំណើតវិញ។ បន្តបន្ទាប់ទៀតលោក ភ្លឿន បានចូលកាន់តួនាទីកំពូលនៅអង្គការសិល្បៈខ្មែរអមតៈ ដែលនាំមុខលើការថែរក្សា និងផ្សព្វផ្សាយសិល្បៈបូរាណខ្មែរ ក្នុងសម័យកាលសិល្បៈសម័យបរទេសទន្ទ្រានគ្រប់ទិសទី និងមានលោក អាន ចនផន ជាស្ថាបនិក។
បញ្ចប់ការសិក្សា គ្រប់គ្រង់ នៅកាណាដា មកខ្មែរតែម្នាក់ឯងបើក សណ្ឋាគារ
បញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Université du Québec à Montréal និងចេះឆ្អិនភាសាបារាំង អង់គ្លេស ភ្លឿន បានធ្វើដំណើរតែឯង មកប្រទេសកំណើតក្នុងឆ្នាំ១៩៩៨ ដើម្បីចាត់ចែងបើកសណ្ឋាគារនៅ សៀមរាប ដែលជាស្រុកកំណើតមុនសម័យខ្មែរក្រហម និងជម្លៀសទៅ កាណាដា។
គម្រោងមកកម្ពុជាតែ១ឆ្នាំ តែទីបំផុតលង់ស្នេហ៍ទៅ កាណាដា វិញលែងរួច
ភ្លឿង មានគម្រោងថានឹងនៅកម្ពុជា តែមួយឆ្នាំប៉ុណ្ណោះ គឺចាំឲ្យតែសណ្ឋាគារដើរស្រួបបួល នឹងវិលទៅបន្តការសិក្សា MBA នៅ កាណាដា ទឹកដី ដែលបានចំណាយពេលធំធាត់រហូតពេញវ័យ និងឃើញសព្វវប្បធម៌ជឿនលឿន។ ប៉ុន្តែប៉ុន្មានខែប៉ុណ្ណោះ គម្រោងការស្នាក់នៅ១ឆ្នាំត្រូវផាត់ចោល ដោយសារអ្វីៗគ្រប់យ៉ាងនៅកម្ពុជា របៀបប្រជាជនរស់នៅ វប្បធម៌របស់ខ្មែរ បានវេញឆាបឆក់អារម្មណ៍ឲ្យស្រលាញ់មិនចង់ទៅណាចោលកម្ពុជាឡើយ បើទោះជាបុរសនិយាយខ្មែរច្បាស់តែជាប់តុងបរទេសតិចៗរួបនេះ មិនធ្លាប់មានអនុស្សាវរីយ៍នៅទីនេះឡើយ ក្រៅតែពេលវេលាជាទារកនិងកុមារភាពដ៏តូច៣ឆ្នាំ ក្នុងសម័យអត់ឃ្លានរបស់ប្រជាជនខ្មែរ កាលពីជាង២០ឆ្នាំមុន។
បង្កើតការងារ និងផ្សព្វផ្សាយផលិតផលសិល្បៈខ្មែរ ដែលមកដល់បច្ចុប្បន្នមានចំណូលលក់១៥លានដុល្លារក្នុងមួយឆ្នាំ
ក្នុងឆ្នាំ១៩៩៨នោះដែរ លោក ព្រីម ភ្លឿន រួមជាមួយ ស្ថាបនិកខ្មែរនិងបរទេសបួនប្រាំនាក់ទៀត បានបង្កើតគម្រោងលក្ខណៈអង្គការមួយឈ្មោះថា សិប្បកម្មអង្គរ បណ្ដុះបណ្ដាលកូនខ្មែរផ្នែកសិប្បកម្មចម្លាក់ នៅខេត្តសៀមរាប។ អង្គការធ្វើការលើការ ផលិតនិងលក់សម្ភារៈសិល្បៈខ្មែរដូចជា ចម្លាក់ថ្ម ឈើការងារនេះ មានទិសដៅលើកកម្ពស់សិល្បៈចម្លាក់ខ្មែរ បណ្ដុះយុវជនឲ្យចេះជំនាញសិប្បកម្ម និងជំរុញការលក់ផលិតផលសិល្បៈខ្មែរ។ ក្រោយដាច់ជំនួយមូលនិធិពីអឺរ៉ុបនៅឆ្នាំ២០០១ អង្គការនោះបានប្ដូរទៅជា ក្រុមហ៊ុន វិញដើម្បីបន្តនិរន្តរភាពការងារ ដែលមានឈ្មោះថា Artisans Angkor។ Artisans Angkor ដំបូងឡើយមានបុគ្គលិកជាង៥០នាក់ និងមានចំណូលប្រចាំឆ្នាំត្រឹមខ្ទង់ម៉ឺនដុល្លារប៉ុណ្ណោះ តែបច្ចុប្បន្នក្រុមហ៊ុនចម្រុះនេះ បានរីកចម្រើនមានបុគ្គលិកប្រមាណ១ពាន់៥រយនាក់ និងចំណូលប្រចាំឆ្នាំជាង១០លានដុល្លារ។
បោះបង់មុខតំណែងកំពូលនៅ Artisans Angkor ព្រោះចង់បង្កើតការងារថ្មីជួយសង្គម
១០ឆ្នាំនៅ Artisans Angkor លោក ភ្លឿន បានកាន់កាប់មុខតំណែងធំៗ ដូចប្រធានទីផ្សារ និងឡើងជាអគ្គនាយករង។ ប៉ុន្តែនៅឆ្នាំ២០០៧លោក ក៏សម្រេចចិត្តដាក់ពាក្យឈប់ពីការងារ គឺ១ឆ្នាំមុនពេលឈប់ ដើម្បីឲ្យក្រុមហ៊ុនត្រៀមរួចរាល់។ ១០ឆ្នាំ វាច្រើនល្មមឲ្យស្គាល់និងចេះការងារដែលឆ្លងកាត់ ហើយលោករំពឹងថានឹងអាចចាប់ផ្ដើមការងារថ្មី ដែលអាចជួយដល់សង្គមបានច្រើនជាងនេះទៀត។
បង្កើតឲ្យមានការសម្ដែង «ទីដំរីយំ» ល្ខោនអូប៉េរ៉ា ខ្មែរដ៏ធំនិងដំបូងបំផុត
មិនទាន់ដឹងថានឹងត្រូវធ្វើអ្វីទៀត នៅឆ្នាំ២០០៨ លោកបានចូលរួមការងារជាមួយ អង្គការសិល្បៈខ្មែរអមតៈ បើកឲ្យមានការសម្ដែងទម្រង់សិល្បៈខ្មែរថ្មីដ៏ដំបូង គឺអូប៉េរ៉ាមានចំណងជើងថា «ទីដំរីយំ»។ ទីដំរីយំ ទម្រង់សិល្បៈបែបថ្មីរបស់ខ្មែរ ដែលសម្ដែង៦ដងនៅ ភ្នំពេញ ទទួលការគាំទ្រ រហូតសាលសម្ដែង ភ្ញៀវទិញសំបុត្រចូលណែនៗគ្មានសល់កន្លែង ពិសេសបរទេស។
លោក ព្រីម ភ្លឿន ក្នុងការិយាល័យរបស់លោក
ទីដំរីយំជាទម្រង់ល្ខោនអូប៉េរ៉ា បែបខ្មែរ ដែលរាល់ការនិយាយរបស់តួអង្គស្ដែងដោយចម្រៀងរៀបរាប់។ ល្ខោន១ម៉ោងកន្លះនេះ បាននិយាយពីតួអង្គបរទេសម្នាក់បានតាមពួកម៉ាកមកសាងផ្នួសនៅស្រុកខ្មែរ ហើយបានជំពាក់ស្នេហ៍លើតារាស្រីល្បីនិងស្អាតសោភាម្នាក់គ្រាដែលនិមន្តទៅសូត្រធម៌បុណ្យឡើងផ្ទះនាង។ សង្ឃនោះបានផ្សឹក ប៉ុន្តែមានរឿងរ៉ាវជាច្រើនបានកើតឡើង ដោយសារស្នេហានោះ រហូតធ្វើឲ្យមិត្តភ័ក្តិដែលនាំសង្ឃនោះមកកម្ពុជា ស្លាប់ដោយសារគេបាញ់នឹងកាំភ្លើង។ ឆ្លងកាត់រឿងរ៉ាវជាច្រើន ទីបំផុតព្រះសង្ឃនោះក៏វិលសាងផ្នួសវិញ។
ស្រលាញ់សិល្បៈខ្មែរ ព្រោះមិនធ្លាប់ឃើញ
ធំឡើងលើទឹកដី កាណាដា លោកមិនដែលឃើញថាសិល្បៈ និងវប្បធម៌ខ្មែរមានរបៀបបែបម៉េចនោះទេ ហើយវាជាដើមចមដែលធ្វើឲ្យលោកស្រលាញ់សិល្បៈនៅពេលបានស្គាល់ បានឃើញ។ លោកថាធំនៅក្រៅស្រុក គឺមិនដែលឃើញឡើយ ហើយសូម្បីប្រជាជនខ្មែរក្នុងស្រុកខ្លះក៏មិនស្គាល់វប្បធម៌ និងសិល្បៈខ្លួនឯងផង គឺជារឿងកួរឲ្យសោកស្ដាយ។ នៅសម័យខ្មែរក្រហម អ្នកសិល្បៈប្រមាណ៨០% បានស្លាប់បាត់បង់ជីវិត ហើយឆ្លងកាត់ការជ្រាវសិល្បៈខ្មែរយូរៗ លោក ភ្លឿន ក៏កាន់តែស្រលាញ់សិល្បៈ និងចង់ធ្វើការងារដែលលើកស្ទួយសិល្បៈ កោះកកាយសិល្បៈខ្មែរ ឲ្យគេឯងបានស្គាល់។ រហូតឆ្នាំ២០០៩ ភ្លឿន បានជាប់មុខតំណែង នាយកប្រតិបត្តិការនៅអង្គការ សិល្បៈខ្មែរអមតៈ ដែលជាអង្គការ នាំមុខលើការថែរក្សាសិល្បៈខ្មែរ ច្រើនទម្រង់។
បង្កើតប្រវត្តិសាស្ត្រសិល្បៈខ្មែរគ្រប់ទម្រង់នៅ ទីក្រុងញូវយ៉ក
ក្រុម របាំព្រះរាជទ្រព្យខ្មែរ បានបង្ហាញខ្លួននៅ ញ៉ូវយ៉កចុងក្រោយបង្អស់ឆ្នាំ១៩៧១ ហើយទីបំផុត របាំដែលជាប់បញ្ជី យូណេស្កូ និងបន្សល់តាំងពីរាប់សតវត្សកន្លងមករបស់បុព្វបុរសខ្មែរបានទៅដល់ដែនដីមហាអំណាចសាជាថ្មីគឺនៅ Time Square នៅឆ្នាំ ២០១៣។ នោះគឺដំណើរឆ្ពោះទៅមហោស្រពសិល្បៈខ្មែរនៅអាមេរិក Season of Cambodia ដែលមានក្រុមសិល្បៈគ្រប់ទម្រង់ មានទាំង ភ្លេងបូរាណ របាំ គំនូរ សិល្បៈសម័យ គឺទាំងផ្នែកបូរាណ និងសម័យ ចំនួន១២៥នាក់។ វាជាគម្រោងផ្សព្វផ្សាយសិល្បៈខ្មែរ ធំបំផុត របស់អង្គការសិល្បៈខ្មែរអមតៈ នៅនាយសមុទ្រ។
ក្រុមរបាំព្រះ រាជទ្រព្យខ្មែរ នៅ Time Square ទីក្រុងញូវយ៉ក ឆ្នាំ ១៩៧១
របាំព្រះ រាជទ្រព្យខ្មែរ លេចមុខជាថ្មីនៅ Time Square ក្នុងឆ្នាំ២០១៣
គម្រោងផ្លែផ្កា
ជាក្បាលម៉ាស៊ីនអង្គការលោក ភ្លឿន ក៏កំពុងដឹកនាំគម្រោងសិល្បៈខ្មែរធំៗដើម្បីបង្ហាញសិល្បៈខ្មែរទៅសាធារណជន គឺគម្រោង ផ្លែផ្កា នៅភ្នំពេញ និង សៀមរាប ដែលចាប់ផ្ដើម៣ឆ្នាំមកហើយ និងបន្តដូចភ្លៀងរលឹម។ គម្រោងផ្លែផ្កា នៅភ្នំពេញ បានបើកការសម្ដែងសិល្បៈខ្មែរ យីកេរឿងបុរាណ ល្ខោននិយាយជាលក្ខណៈសម័យ និងរបាំប្រជាប្រិយ ដែលសម្ដែងជាប្រចាំពីច័ន្ទដល់សៅរ៍ម៉ោង៧ដល់៨យប់។ ឯ ផ្លែផ្កា នៅសៀមរាប មានការសម្ដែងល្ខោនស្បែកធំ នៅវត្តបូណ៌ ក្រុងសៀមរាប។
សំឡេងអង្គរ កកាយ ឧបករណ៍សិល្បៈខ្មែរ ដែលបាត់បង់តាំងពីសម័យអង្គរ
សំឡេងអង្គរ ជាគម្រោងស្រាវជ្រាយឧបករណ៍សិល្បៈសម័យ អង្គរ។ គម្រោងនេះបានកកាយ និងបង្កើតឡើងវិញ នូវឧបករណ៍តាំងពីសម័យអង្គរដែលបាត់បង់ បានជាង៤០ឧបករណ៍ ដូចជាពិណខ្មែរជាដើម ដែលបានបាត់ខ្លួនយ៉ាងយូរ និងបន្តធ្វើការងារជីកកាយឧបករណ៍ផ្សេងៗបន្តទៀត។
សិល្បៈបូរាណខ្មែរ ចាប់កម្រើករស់រាន
បុរស ដែលបានការប្រពន្ធនៅសៀមរាប កាល២០១១ និងមកដល់ឥឡូវមានកូនប្រុសស្រី៤នាក់ ថាសិល្បៈខ្មែរ ចាប់មានប្រិយភាពឡើងវិញបន្តិចក្នុងស្រទាប់សង្គមខ្មែរ។ លោកថាពីមុនអ្នកសិល្បៈបូរាណរកបានចំណូលតិចតួចណាស់ពីការងារនេះ ដោយសារសិល្បៈសម័យទន្ទ្រានយកទីផ្សារគ្រប់ទី តែរយៈពេលចុងក្រោយស្ថានភាពបានប្រសើរឡើង។ លោកថាប្រជាជនចាប់ផ្ដើមឲ្យតម្លៃលើសិល្បៈបូរាណ។ សិល្បៈបូរាណកាន់តែមានការគាំទ្រ ហើយថ្ងៃមុខអ្នកសិល្បៈបុរាណនឹងអាចពឹងអាស្រ័យជីវភាពលើជំនាញនេះបាន។ លោកលើកយកថាអ្នកមានប្រាក់ល្មមៗគេបែរមកគាំទ្រ ដូចជាមង្គលការកូន ឬមានកម្មវិធី គេរៀបឲ្យមានការសម្ដែងសិល្បៈ របាំ ជាដើម។ ជំហានបន្តដើម្បីឲ្យ សិល្បៈ បូរាណមានស្ថានភាពល្អ គឺត្រូវតែមានការអភិវឌ្ឍន៍រកអ្វីដែលថ្មីៗ និងអភិរក្សទម្រង់ដើមផង។
សោកស្ដាយ បរទេស បែរជាគាំទ្រសិល្បៈខ្មែរ ជាងខ្មែរជាម្ចាស់ទៅវិញ
រាល់ការសម្ដែង សិល្បៈបូរាណខ្មែរ គឺសម្បូរដោយជនបរទេសគាំទ្រ តែបែជាយុវជនខ្មែរមួយចំនួនធំមិនខ្វល់ខ្វាយ។ លោកថាមានតែខ្មែរទេដែលនៅសេសសល់ ទម្រង់សិល្បៈបូរាណច្រើន ហើយយុវជនជាផ្នែកសំខាន់ ក្នុងការថែរក្សាវប្បធម៌ សិល្បៈខ្មែរមិនឲ្យសាបសូន្យ។ «គឺមិនមែនថាមិនឲ្យទទួលយកវប្បធម៌ សិល្បៈសម័យបរទេសទេ តែយើងត្រូវដឹង ត្រូវច្បាស់ពីសិល្បៈខ្មែរ គឺយើងត្រូវតែមានគ្រឹះសិល្បៈខ្មែរយើង អីចឹងសិល្បៈបរទេសមិនអាចបុកផ្ដួលយើងទេ។ នរណាក៏ចូលចិត្ត ខ្ញុំក៏ចូលចិត្តរាំបាផឹកស្រា តែយើងត្រូវដឹងពីអ្វីដែលយើងមាន»។ លោកពន្យល់។
គោលបំណង បណ្ដុះគំនិតប្រើសិល្បៈខ្មែរដើម្បីរកស៊ី
អ្វីដែល ភ្លឿន នឹងធ្វើជាបន្តបន្ទប់តាមរយៈបេសកកម្មរបស់អង្គការ សិល្បៈខ្មែរអមតៈ គឺការបណ្ដុះឲ្យមានគំនិតប្រកបរបរកលុយដោយប្រើសិល្បៈខ្មែរ។ គឺសិល្បៈនឹងក្លាយជាស្នូលសេដ្ឋកិច្ចគ្រួសារ លើសពីការដើម្បីតែកម្សាន្ត។ គោលដៅធំគឺអង្គការនឹងមានគម្រោងសហការជាមួយក្រសួងអប់រំនិងកីឡា បើកឲ្យមានមជ្ឈមណ្ឌលសិល្បៈតាមសាលារដ្ឋទៀតផង។
ជួប អ្នកលើកទង់ជាតិខ្មែរ នៅ WTO
អត្ថបទ៖ ប៉ែន សុផាន់ណា