អ្នកលក់ផ្កា នៅមុខវាំង ប្រាប់ពីក្បួនរកស៊ី មិនប្រជែងគ្នា
- 2015-03-26 16:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ផ្កា នៅមុខវាំង ប្រាប់ពីក្បួនរកស៊ី មិនប្រជែងគ្នា
ចន្លោះមិនឃើញ
អ្នកលក់ផ្កាម្នាក់ តែងស្រែកហៅដោយដាក់ឈ្មោះប្លែកៗពេលមាននរណាម្នាក់ សំដៅមកព្រះអង្គដងកើ ដើម្បីបន់ស្រន់ ឬលាបំណន់។ តែប្លែកត្រង់អ្នកមកពីទិសមហោស្រពចតុមុខឆ្ពោះទៅមុខវាំងប៉ុណ្ណោះ ទើបស្ត្រីលក់ផ្ការូបនេះអើពើ ប្រឹងដកក និយាយលឺៗ។ ប្រសិនបើមកពីទិសផ្សេងៗគាត់បែរជាស្ងៀមស្ងាត់និង អស់សង្ឃឹមទៅវិញ។
ស្ត្រីវ័យប្រមាណ ២២ ឆ្នាំរូបនេះ បន្តថា គេធ្វើអីចឹងដើម្បីកុំឲ្យឈ្លោះគ្នា ដណ្ដើមម៉ូយ។ ដូច្នេះ ទោះអ្នកលក់ផ្កាច្រើន ក៏មិនដណ្ដើមគ្នារញ៉េរញ៉ៃដែរ សូម្បីតម្លៃក៏ត្រូវតែលក់ឲ្យដូចគ្នាទាំងអស់។
បើទោះជាគ្មានការប្រជែងគ្នារឿងម៉ូយយ៉ាងណាក៏ដោយ ក៏ក្នុងមួយថ្ងៃនារីរូបនេះ រកបានត្រឹម ២០០០០ រៀល បន្ទាប់ពីកាត់ថ្លៃដើមចោល។ ដោយឡែកថ្ងៃសីល រកបានរហូតដល់ជាង ២០0 ០០០រៀល វិញ។
ចំណែក ថាវុធ មុខរបរលក់ផ្កានៅមុខវាំងដែរ និយាយថា ទីនេះពិតជាកំណត់រឿងម៉ូយតាមទិសអីចឹងមែន។ ស្ត្រីនេះបន្តថា គេធ្វើរបៀបនេះ យូរហើយ ព្រោះ កាលមុនៗ ឈ្លោះគ្នារឿងម៉ូយមិនស្វាង។ គេរកស៊ីផ្សេងៗ អ្នកទិញគ្រប់ច្រកល្ហកសុទ្ធតែជាអតិថិជន។ ប៉ុន្តែសម្រាប់អ្នកលក់ផ្កានៅព្រះអង្គដង្កើ មិនមែនគ្រប់អ្នកមករកទិញគ្រឿងសក្ការៈសម្រាប់បូជាថ្វាយព្រះ ជាអតិថិជនទាំងអស់នោះទេ។ ពួកគេមានបែងចែកម៉ូយ ដែលមករកទិញ គឺតម្រូវតាមទិស។
អង្គុយកាច់ផ្កាបណ្ដើរ និយាយប្រាប់ Sabay បណ្ដើរថា៖ "បើយើងកំណត់ថា យកជ្រុងឬទិសនេះហើយ យើងមិនអាចទៅហៅអ្នកទិញមកពីទិសផ្សេងបានទេ គឺ បានតែទិសហ្នឹងមួយប៉ុណ្ណោះ។ មិនថា អ្នកទិញនោះជាអ្នកដើរ ជិះម៉ូតូ ឬឡានអីទេ ហើយបើឃើញមុន យើងស្រែកហៅឈ្មោះគេសំគាល់ថាគេហ្នឹងជារបស់យើង គឺយើងឃើញមុន។ អីចឹងអ្នកលក់ផ្កាដែលយកទិសជាមួយយើងដែរ ក៏មិនអាចយកម៉ូយហ្នឹងពីយើងបានដែរ។ ឧទាហរណ៍ អ្នកជិះម៉ូតូគ្នាពីរនាក់ហើយអ្នកឌុបពាក់អាវខៀវ ហើយមកពីទិសយើង ដូច្នេះហៅថាអាវខៀវម៉ូតូអីចឹងទៅ"។
យ៉ាងណាមិញ ថាវុធ អាចរកប្រាក់ចំណេញបានពី២ម៉ឺនទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយផ្កាមួយគូតម្លៃ២០០០រៀល ទៅ៣០០០រៀល៕
សូមអាន ៖ មុខរបរថតរូបយ៉ាងណាហើយ ខណៈមនុស្សម្នាមានទូរសព្ទទំនើបស្ទើរគ្រប់គ្នា?
អត្ថបទ៖ លឹម សុនា