នារីអូតេសដ៏ស្រស់ស្អាត បច្ចុប្បន្នមានក្រុមហ៊ុន៣ក្នុងដៃ
- 2015-03-27 15:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអូតេសដ៏ស្រស់ស្អាត បច្ចុប្បន្នមានក្រុមហ៊ុន៣ក្នុងដៃ
ចន្លោះមិនឃើញ
ប្រធានក្រុមហ៊ុនវ័យ៣១ ឆ្នាំ មានអតីតកាលជានារីអូតេសនៅលើយន្តហោះ បើទោះបីវ័យច្រើនបន្តិចក្ដី ប៉ុន្តែប្រធានក្រុមហ៊ុនសម្រស់នៅតែស្អាតរូបនេះ បានទទួលជោគជ័យក្នុងជីវិត ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនរហូតដល់ទៅ៣ក្នុងដៃ។ តើឆាកជីវិតរបស់អ្នកស្រីមានភាពបត់បែនយ៉ាងណាខ្លះ?
វ័យកុមារ
អ្នក ស្រី ស្រ៊ាត មុំសុភា កើតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៨២ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជាកូនទី២ ដែលមានលោកឪពុកឈ្មោះ ពេជ្រ រស្មី និងអ្នកម្ដាយឈ្មោះ ហុង មុំ។ គ្រួសាររបស់អ្នកស្រី មានមុខរបរលក់គ្រឿងសំណង់។
ចេះកាន់កាប់លុយកាក់តាំងពីក្មេង
ដោយសារ តែគ្រួសារជាអ្នកលក់ដូរ ដូច្នេះក្រៅពីការសិក្សា អ្នកស្រីត្រូវជួយលក់ដូរឪពុកម្ដាយដូចជាទទួលលុយពីអ្នកទិញ កុម្ម៉ង់ទំនិញពីអ្នកផ្គត់ផ្គង់ ទៅទារលុយជំពាក់ពីម៉ូយ ឬឡើងផ្សារជាដើម។ សកម្មភាពទាំងនេះបានបណ្ដុះគំនិតរបស់អ្នកស្រីថា បើបញ្ចេញកម្លាំងត្រូវតែមានអត្ថប្រយោជន៍ត្រលប់មកវិញ ដូច្នេះគ្រប់ពេលដែលអ្នកផ្ទះប្រើអ្នកស្រីធ្វើអ្វី ត្រូវតែមានលុយឈ្នួលឲ្យអ្នកស្រី ទើបបំពេញការងារបាន។
នៅ ឆ្នាំ១៩៩៥ គ្រួសាររបស់អ្នកស្រីបានផ្លាស់ប្ដូរលំនៅមករស់នៅម្ដុំសំណង់១២ រាជធានីភ្នំពេញ ហើយអ្នកស្រីបានបន្តការសិក្សានៅវិទ្យាល័យបាក់ទូក។ ឪពុកម្ដាយអ្នកស្រីធ្វើយ៉ាងនេះក៏ព្រោះចង់ឲ្យកូនៗ មកនៅទីក្រុងរៀនសូត្របានខ្ពស់ និងអាចចាប់ឱកាសបានច្រើន និយាយជារួមមានអនាគតល្អជាងការរស់នៅតាមស្រុក ដែលមានការវិវឌ្ឍយឺត។ នៅ ឆ្នាំ១៩៩៨ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យបាក់ទូក ហើយចូលរៀនបន្តនៅមហាវិទ្យាល័យ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ជាសិស្សជំនាន់ទី៣ នៃសាកលវិទ្យាល័យន័រតុន។ នៅឆ្នាំ២០០០ ពេលអ្នកស្រីកំពុងសិក្សានៅឆ្នាំទី២ អ្នកស្រីបានដាក់ពាក្យប្រឡងជាប់ការងារនៅក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ ដែលមានស្នាក់ការនៅក្រៅប្រទេស ក្នុងតួនាទីជា Assistant Secretary។ ធ្វើច្រើនចេះច្រើន អ្វី ដែលជំរុញឲ្យអ្នកស្រីចូលធ្វើការ មិនមែនដើម្បីប្រាក់ខែតែមួយមុខនោះទេ។ គោលបំណងរបស់អ្នកស្រី គឺចង់រៀនសូត្រពីអ្វីទៅ ដែលហៅថាក្រុមហ៊ុន ព្រោះអ្នកស្រី ជាកូនអ្នករកស៊ីស្រាប់។ អ្នកស្រីតែងតែចង់ដឹងពីអ្វីទៅជាភាពខុសគ្នាដូចម្ដេចខ្លះ រវាងការរកស៊ីបែបក្រុមហ៊ុន និងការរកស៊ីបែបគ្រួសារ។ អ្នក ស្រីក៏ចាប់ផ្ដើមដឹងរឿងជាច្រើន នៅពេលដែលចូលបម្រើការនៅក្រុមហ៊ុននោះ ក្នុងអគារមួយដែលមានបន្ទប់អគ្គនាយក និង តុរបស់អ្នកស្រី។ត្រង់នេះគឺបង្ហាញគំនិតសន្និដ្ឋានជំហានដំបូងថា ក្រុមហ៊ុនគឺគ្រាន់តែមានផ្ទះហើយមានតុ លើកស្លាក នោះហើយហៅថាក្រុមហ៊ុន។ ជាមួយតួនាទីជា Assistant Secretary ជាបុគ្គលិកដំបូងតែម្នាក់គត់ក្នុងក្រុមហ៊ុន ដូច្នេះគ្រប់កិច្ចការទាំងអស់ ចាប់ផ្ដើមពីការធ្វើអនាម័យ បោសសម្អាត រត់ឯកសារ ជាមួយស្ថាប័នរដ្ឋ និងការជ្រើសរើសបុគ្គលិកផ្នែកផ្សេងៗ ទាំងស្រុងរបស់ក្រុមហ៊ុន គឺអ្នកស្រីជាអ្នករ៉ាប់រង។ លើកលែងតែការសម្រេចចិត្តប៉ុណ្ណោះ ព្រោះអគ្គនាយកជា អ្នកធ្វើ។ ប៉ុន្តែចំណុចពិសេស គឺអគ្គនាយកម្នាក់នោះ គឺជាមនុស្សដែលមានចិត្តបើកទូលាយ ហើយជាមនុស្សដែលសកម្មភាពទៀតផង។
ជានារីអូតេស្តហោះហើរជាង១០ប្រទេសនៅអាស៊ី នៅ ចុងឆ្នាំ២០០១ ដោយសារក្រុមហ៊ុនមានបញ្ហាបុគ្គលមួយចំនួន អ្នកស្រីបានលាឈប់ទៅធ្វើការនៅក្រុមហ៊ុនទេសចរណ៍ទី២។ នៅឆ្នាំ២០០៣ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យផង អ្នកស្រីក៏សម្រេចចិត្តលាឈប់ពីការងារផង ហើយក៏ប្រឡងជាប់ការងារថ្មី ជានារីអូតេស្ត ឲ្យក្រុមហ៊ុនអាកាសចរណ៍សៀមរាប អ៊ែរវ៉េ ដែលភាគច្រើនការងាររបស់អ្នកស្រី គឺនៅលើយន្តហោះ ធ្វើដំណើរទៅកាន់ប្រទេសជាង១០នៅតំបន់អាស៊ី ដែលគិតទាំងប្រាក់ខែ និងប្រាក់ម៉ោង១ខែ អ្នកស្រីអាចរកបានចំណូលជាង១ពាន់ដុល្លារ។
មានឧបនិស្ស័យជាមួយវិស័យទេសចរណ៍
ដោយ មានបទពិសោធន៍ជាមួយក្រុមហ៊ុនទេសចរណ៍ផង និងគួបផ្សំអ្នកស្រីរៀនជំនាញធនាគារ និងហិរញ្ញវត្ថុផង បានធ្វើឲ្យអ្នកស្រីចាប់ផ្ដើមមានគំនិតចង់បើកក្រុមហ៊ុនទេសចរណ៍ មួយ។ ដូច្នេះនៅខែមករា ឆ្នាំ២០០៥ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍មួយឈ្មោះថា Sophiya បានចេញជារូបរាងឡើង ដោយមានបុគ្គលិកត្រឹមតែ២រូបប៉ុណ្ណោះ គឺរំលែកប្រាក់ខែរបស់អ្នកស្រីទ្រទ្រង់ក្រុមហ៊ុន។
វិស័យទេសចរណ៍កំពុងតែធ្លាក់ចុះ តែអ្នកស្រីមើលឃើញវាជាឱកាស ទន្ទឹម នឹងនេះដែរ អ្នកស្រីក៏មិនបានលាឈប់ពីការងារជាអូតេសនោះទេ គឺបន្តធ្វើការងារនោះបណ្ដើរ ហើយដំណើរការក្រុមហ៊ុនខ្លួនឯងបណ្ដើរៗ។ ក្នុងអំឡុងពេលនោះពិភពលោកកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបណ្ដាលឲ្យការធ្វើដំណើរតាមយន្តហោះធ្លាក់ចុះជាខ្លាំង ធ្វើឲ្យអ្នកស្រីមានពេលវេលាច្រើនពីការងារជាអូតេស ព្រោះជួនកាលមួយខែ អ្នកស្រីធ្វើការតែ៨ទៅ១០ថ្ងៃប៉ុណ្ណោះ ដូច្នេះអ្នកស្រីមានពេលច្រើនដើម្បីមើលការងារក្នុងក្រុមហ៊ុន ផ្ទាល់ខ្លួន។
ខ្លួននៅលើមេឃ គ្រប់គ្រងបុគ្គលិកនៅស្រុកខ្មែរពីចម្ងាយ ចំណុច ពិសេស ដោយសារមានបទពិសោធន៍ធ្វើការជាមួយក្រុមហ៊ុនអន្តរជាតិ ដូច្នេះអ្នកស្រីបានរៀបចំប្រព័ន្ធគ្រប់គ្រងរួចជាស្រេច មុនបង្កើតក្រុមហ៊ុន គឺធ្វើការតាមរយៈអ៊ីមែល។ ដូច្នេះក្នុងអំឡុងពេល១ឆ្នាំដំបូង អ្នកស្រីចំណាយលុយលើក្រុមហ៊ុនថ្មីថ្មោងនេះប្រហែលជា៧០០ទៅ៨០០ដុល្លារ ក្នុង១ខែ ដែលធ្វើឲ្យប្រាក់ខែរបស់លោកស្រីកាន់តែខើចៗទៅ។ ក្រោយ មកក្រុមហ៊ុនក៏ត្រូវការបុគ្គលិកបន្ថែម កើនរហូតដល់៧នាក់ ដែលទាមទារពង្រីកបន្ថែមទៀត ប៉ុន្តែម្ដាយលោកស្រីប្រឆាំងគំនិតនេះ ថាចង់ឲ្យបិទចោលក្រុមហ៊ុននេះវិញ ព្រោះការងារបច្ចុប្បន្នរបស់អ្នកស្រីគឺគ្រប់គ្រាន់ទៅហើយ។ ប៉ុន្តែដោយសារមានគំនិតជាសហគ្រិន និងចង់បង្ហាញថា គំនិតដែលអ្នកស្រីគិតគឺត្រឹមត្រូវ ចុងក្រោយម្ដាយអ្នកស្រីក៏គាំទ្រ អ្នកស្រីក៏សម្រេចចិត្តដើរឆ្ពោះទៅមុខដោយឥតរួញរាឡើយ។
ជាន់ទូកមួយជាប់ទើបលែងទូកមួយ រហូត ដល់ឆ្នាំ២០០៧ ទោះក្រុមហ៊ុនមួយនេះបានដំណើរល្អហើយក្ដី ដោយក្នុងមួយខែអាចរកប្រាក់ចំណេញជូនលោកស្រីចន្លោះពី២០០ ទៅ៣០០ដុល្លារ ប៉ុន្តែមានខែខ្លះក៏ចូលដើមដែរ អ្នកស្រីនៅមិនទាន់លាឈប់ការងារជាអូតេសឡើយ។ រហូតដល់ឆ្នាំ២០១១ ទើបអ្នកស្រីសម្រេចលាឈប់ពី ក្រុមហ៊ុនអាកាសចរណ៍នោះ មកកាន់កាប់ក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នេះមានគេស្គាល់ច្រើនរហូតមកដល់បច្ចុប្បន្ន។
ប្រែក្លាយពីអ្នកផ្គត់ផ្គង់ទៅជាអតិថិជន
ពិត ណាស់ថា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍របស់អ្នកស្រី គឺនាំភ្ញៀវមកពីស្រុកក្រៅ ចូលមកស្រុកខ្មែរ ធ្វើឲ្យរីកចំរើនខាងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដូច្នេះគេបានទម្លាក់សេវាកម្មទាំងនោះឲ្យមកក្រុមហ៊ុនអ្នកស្រី។ ដោយមើលឃើញឱកាសបែបនេះ នៅឆ្នាំ២០១២ អ្នកស្រីបានសម្រេចចិត្តបើកក្រុមហ៊ុនមួយទៀត ដោយនាំចូលសម្ភារៈសំណង់ប្រើប្រាស់ក្នុងបន្ទប់ មានយីហោល្បីៗ តម្លៃខ្ពស់ មកកាន់កម្ពុជា លក់ជូនទៅតាមសណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលធ្លាប់តែទម្លាក់សេវាកម្មឲ្យក្រុមហ៊ុនអ្នកស្រីធ្វើពីមុន ក្លាយជាអតិថិជនរបស់អ្នកស្រីវិញ ព្រោះតែមានទំនុកចិត្តលើអ្នកស្រី។ ផលិតផលទាំងនោះត្រូវបានទទួលការបញ្ជាទិញយ៉ាងច្រើន។
បច្ចុប្បន្នភាព
អ្នកស្រី ស្រ៊ាត មុំសុភាព រៀបការនៅឆ្នាំ២០០៨ មានក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុនទេសចរណ៍ Sophiya Travel and Tours ក្រុមហ៊ុននាំចូលគ្រឿងសំណង់ម៉ាកល្បីៗ Sophiya Home និង ក្រុមហ៊ុនស្ប៉ា U & Me Spa ។
បទពិសោធន៍ជីវិត និងការចែករំលែក
គិតមុនគូរ “រកស៊ីមិនមែនជាការផ្សងព្រេងឡើយ”ខ្ញុំបើកក្រុមហ៊ុនមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតចេញពីការគិតគូរយ៉ាងល្អិត មានផែនការហិរញ្ញវត្ថុ និងសកម្មភាព ទើបអាចឈរជើងមកដល់សព្វថ្ងៃ។ ដូច្នេះជាការ ផ្ដាំផ្ញើ ដើម្បីអាចក្លាយជារកស៊ីជោគជ័យ យុវជនគួរតែគិតគូរ និងរៀបចំផែនការធ្វើអាជីវកម្មនោះឲ្យបានហ្មត់ចត់ និងច្បាស់លាស់ មិនមែនធ្វើដោយប្រថុយប្រថាននោះទេ ដូចដែលពាក្យថា ប្រថុយខ្លាំង ចំណេញខ្ពស់ High Risk; High Return គឺអាចជាពាក្យត្រឹមត្រូវ ប៉ុន្តែខ្ញុំមិនអនុវត្តតាមទេ។ មុនចាប់ផ្ដើមអាជីវកម្ម អ្នកគួរតែវិភាគថា មុខរបរមួយនោះមានឧបសគ្គអ្វីខ្លះ? យើងមានជំនាញដែរ ឬអត់? គួរតែចាប់ផ្ដើមពីពេលណាទើបជាការប្រសើរ? តើគូប្រជែងរបស់យើងជាអ្នកណា? សំខាន់មួយទៀត តើមុខរបរនោះស័ក្ដិសមសមត្ថភាពយើងដែរ ឬទេ? តើយើងអាចទៅរួចដែរ ឬអត? ចំណុច សំខាន់មួយទៀត គឺផ្លូវក្រោយ។ ទោះបីជាយើងមានលុយគ្រប់គ្រាន់សម្រាប់វិនិយោគក៏ដោយ ក៏យើងត្រូវសម្លឹងមើល ឬរំពឹងថា អ្នកណាម្នាក់ដែលអាចឲ្យយើងខ្ចី ឬជួយគាំទ្រយើងបាន នៅពេលយើងដួលរលំ។ ធ្វើបែបនេះ យើងនឹងមានទំនុកចិត្តឆ្ពោះទៅមុខ ដោយមិនសូវខ្លាចបរាជ័យឡើយ៕
អត្ថបទ៖ កង ចាន់បញ្ញា