ក្តារ​ចុច​ខ្មែរលើ iOS 8 អាច​​បន្ត​យឺត​យ៉ាវ​​​ ដោយសារ​រង់ចាំ​ការ​យល់​ព្រម​ពី Apple

  • 2014-10-08 16:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រំពឹង​ទុក​សម្រាប់​ការ​ដាក់​ក្តារ​ចុច​ខ្មែរ​នៅ​លើ iOS 8 អាច​មាន​ភាព​យឺតយ៉ាវ​បន្ថែម​ទៀត​ បើទោះ​បី​មាន​ការ​ប្រឹងប្រែង​ពី​ក្រុម 4KhmeriPhone ដើម្បី​ឲ្យ​ដំណើរការ​​ទាន់​ពេល​វេលា​ក៏​ដោយ។

 

គម្រោង​ដំបូង ​ក្តារ​ចុច​ខ្មែរ​នេះគ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដែល Apple បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8 ​នៅ​លើ​ iDevices កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ តែ​ក៏​ត្រូវ​ពន្យារពេល។

 

 

 

សមាជិក​ក្រុម​ 4KhmeriPhone មួយ​រូប​បាន​ប្រាប់​ Sabay ថា ការ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ចេញ​ក្តារ​ចុច​ខ្មែរ​លើ​ iOS 8 នេះ​គឺ​មិន​អាស្រ័យ​លើ​ក្រុម​ពួក​លោក​ទេ ដោយ​ក្រុម​បាន​បញ្ជូន​សំណើរ​ទៅ Apple រួច​ហើយ ​រង់​ចាំ​តែ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុណ្ណោះ។

 

សមាជិក​មួយ​​រូប​នេះ​បាន​​បន្ត​ថា​ ប្រធាន​ក្រុម​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ សូម្បី​ពេល​​វេលា​សេស​សល់​ក៏​មិន​មាន​ឲ្យ​គ្រួសារ​ផង ដើម្បី​បង្ហើយ​កិច្ចការ​នេះ​​ឲ្យ​រួច​រាល់។​

 

ក្តារចុច​ខ្មែរ​មិន​ទាន់​មាន​​នៅ​​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8 ​នៅ​ឡើយ​ លើក​លែង​តែ​ពុម្ភ​អក្សរ​ខ្មែរ។ ​ យ៉ាង​ណា ក្រុម 4KhmeriPhone បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ក្តារ​ចុច​ខ្មែរ​​ដើម្បី​ឲ្យ​ប្រិយមិត្ត​ iDevices ទាំង​អស់​បាន​ប្រើ​ប្រាស់​។

 

ប្រធាន​ក្រុម​ 4KhmeriPhone ធ្លាប់​បាន​បញ្ជាក់​​​ថា Apple ត្រូវ​ការ​ធ្វើ​តេស្ត​​ជា​មុន​សិន​មុន​សម្រេច​ដាក់ឲ្យ​ប្រើ​ឬ​យ៉ាង​ណា​នោះ។

 

លោក​បាន​បន្ត​ថា​ ការ​​បញ្ជូន​សំណើ​ទៅ​កាន់​ក្រុមហ៊ុន Apple មិន​មាន​បញ្ហា​អ្វី​ទេ​នោះ។ App ក្តារ​ចុច​ខ្មែរ​នឹង​ឃើញ​មាន​លើ App Store ជា​មិន​ខាន​ឡើយ តែ​គ្រាន់​តែ​ពេលវេលា​ជាក់លាក់ ​លោក​​មិន​ទាន់​ហ៊ាន​អះអាង។

 

​ក្តារ​ចុច​ខ្មែរទាំង​​ ៤ ជួរ​ និង ៥ ជួរ​មាន​វចនានុក្រមណែនាំ​ពាក្យ​ខ្មែរ​ពេល​វាយ​ ដែល​អាច​វាយ​លេខ​ និង អក្សរ​ដោយ​មិន​បាច់​ឆ្លាស់​ Key។ ប្រិយមិត្ត​ពេញ​ចិត្ត​ ៤ ជួរ​ ឬ ៥ ជួរ​ អាច​ជ្រើស​រើស​ប្រើ​តាម​ចិត្ត​ដែល​ប្រិយមិត្ត​ត្រូវ​ការ។ សម្រាប់​ App ក្តារ​ចុច​ខ្មែរ​នេះ​គឺ​អាច​ប្រើ​បាន​គ្រប់​ iPhone ,iPad ,iPod និង​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​ បញ្ឈរ​ បាន​ដោយ​រីករាយ។

 

ប្រធាន​ក្រុម​រូប​នេះ​បញ្ជាក់​ថា App ក្តារ​ចុច​​ខ្មែរ​ដែល​បាន​ដាក់​សំណើ​នេះ​គឺ​ក្នុង​ Versions 1.0 ដោយ​ Versions នេះ​នៅ​មាន​បញ្ហា​បន្តិច​បន្តួច។ ចំណែក Versions ក្រោយ​ៗ​លោក​បាន​រៀប​ចំ​រួច​រាល់​ហើយ​ លោក​នឹង​ដាក់​សំណើ​បន្ត​បើ​សិន​ជា​ Apple បាន​បញ្ចេញ​ Versions 1.0 ឲ្យ​ប្រើ​ប្រាស់។

 

អាន​អត្ថបទ៖ បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ក៏​បាន​ដែរ

 

អាន​អត្ថបទ៖ Note 4 មក​ដល់​ស្រុក​​ខ្មែរ​ក្នុង​​អំឡុង​ខែ​តុលា​ ក្នុង​តម្លៃ​ស្រពិចស្រពិល

 

អត្ថបទ​៖ ដារ៉ាឆានី​