ការប្រើឆ្នាំងសាកខុសម៉ូដែល អាចធ្វើខូចទូរសព្ទ ឬ Tablet?
- 2015-03-31 17:24:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រើឆ្នាំងសាកខុសម៉ូដែល អាចធ្វើខូចទូរសព្ទ ឬ Tablet?
ចន្លោះមិនឃើញ
រាល់ឧបករណ៍បច្ចេកវិទ្យាដូចជាទូរសព្ទ Smartphone , Tablet, eReader និង កុំព្យូទ័រ Laptop គឺសុទ្ធតែត្រូវបានបង្កើតឡើងមានឧបករណ៍សាកថាមពលរៀងៗខ្លួន។ តែសម្រាប់ Smartphone និង Tablet ស៊េរីទំនើបបច្ចុប្បន្ននេះភាគច្រើនប្រើប្រភេទឆ្នាំងសាកដូចគ្នា។ ដូចនេះហើយទើបមានអ្នកប្រើប្រាស់មួយចំនួនមិនច្បាស់ ថាតើការប្រើឆ្នាំងសាកខុសម៉ូដែលអាចធ្វើឲ្យខូចទូរសព្ទ ឬ Tablet ដែរ ឬទេ?
ប្រភេទឆ្នាំងសាក Lightning connector
ចំពោះប្រភេទឆ្នាំងសាក Lightning connector របស់ក្រុមហ៊ុន Apple ដែលប្រើសម្រាប់សាក iPhone និង Tablet គឺអាចប្រើបានជាមួយគ្នា មានន័យថា ឆ្នាំងសាក iPhone គឺអាចប្រើសម្រាប់សាក iPad ហើយឆ្នាំងសាក iPad ក៏អាចប្រើសម្រាប់សាក iPhone បានដែរ។
ប្រភេទឆ្នាំងសាក Micro USB
តែចំពោះឆ្នាំងសាកប្រភេទ Micro USB វិញគឺមានម៉ូដែលជាច្រើនដូចជាទូរសព្ទ Smartphone និង Tablet ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android , Windows Phone និង Blackberry សុទ្ធតែប្រើឆ្នាំងសាកប្រភេទនេះដូចគ្នា។ ជាធម្មតាគ្រប់ឆ្នាំងសាក Micro USB គឺអាចប្រើជាមួយនឹងឧបករណ៍ដែលមានរន្ធសាក USB ដូចគ្នាបាន ហើយវាក៏អាចប្រើដោតភ្ជាប់ជាមួយនឹងរន្ធ USB របស់កុំព្យូទ័រដើម្បីសាកថ្មបានផងដែរ។ គ្រប់ប្រភេទ USB Connection គឺផ្ដល់កម្រិតថាមពល ៥ វ៉ុល ហើយកម្រិតអំពែរវិញគឺផ្ដល់ទៅតាមប្រភេទ Tablet និង Smartphone។
ឆ្នាំងសាកដែលភ្ជាប់មកជាមួយនឹង Android Tablet គឺអាចផ្ដល់កម្រិតអំពែរខ្ពស់ជាឆ្នាំងសាករបស់ Android Smartphone។ ឧទារហណ៍ឆ្នាំងសាករបស់ Tablet គឺផ្ដល់ថាមពល២អំពែរ ចំណែកឯឆ្នាំងសាក Smartphone គឺផ្ដល់តែ១អំពែរតែប៉ុណ្ណោះ។ ដូច្នេះកម្រិតអំពែរកាន់តែខ្ពស់ ការសាកក៏កាន់តែលឿនដែរ។ បើយកឆ្នាំងសាក Tablet ទៅសាក Smartphone គឺវាសាកឆាប់ពេញជាងការយកឆ្នាំងសាក Smartphone ទៅសាក Tablet។
ការបញ្ចូលភ្លើងជាមួយឆ្នាំងសាកខុសម៉ូដែល គឺមិនអាចបង្កឲ្យមានបញ្ហានោះទេ តែចំពោះឆ្នាំងសាកដែលមិនមែនជាផលិតផលស្តង់ដារ ឬរបស់ក្លែងក្លាយ គឺមិនធានាបានទេ ដូច្នេះគួរចៀសវាងការប្រើប្រាស់ផលិតផលមិនស្គាល់ម៉ាក ព្រោះវាអាចធ្វើឲ្យខូចខាតរបស់ជាទីស្រលាញរបស់អ្នកបាន។
មួយវិញទៀតនោះ គួរប្រយ័ត្ននៅពេលដែលធ្វើដំណើរទៅប្រទេសផ្សេងៗ ព្រោះក្នុងបណ្ដារប្រទេសមួយចំនួន កម្រិតកំលាំងចរន្តអគ្គិសនី (អំពែរ និង អំពែរ) គឺមិនដូចគ្នានេះទេ។ ដូច្នេះគួរយល់ដឹងឲ្យបានច្បាស់ពីកម្រិតវ៉ុល និងអំពែពីប្រទេសទាំងនោះឲ្យបានច្បាស់ ព្រោះវាអាចបង្កឲ្យខូចឧបករណ៍អេឡិកត្រូនិចបាន៕
អានបន្ត៖ វិធីងាយៗសាកថ្ម iPhone ចូលលឿនជាងធម្មតា
ប្រែសម្រួល៖ សំនៀង
ប្រភព៖ howtogeek