U-22 ថៃ និង វៀតណាម តំណាង​ឱ្យ​អាស៊ាន ឆ្ពោះ​​ទៅពាន​ទ្វីប​អាស៊ី​ជុំ​ផ្ដាច់ព្រ័ត្រ

  • 2015-04-01 16:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រទេស​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) មាន​តែ​​ក្រុម​យុវជន​ក្រោម​អាយុ ២២ ឆ្នាំ របស់​ប្រទេស​ថៃ និង វៀតណាម ទេ​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ក្នុង​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី 2016 AFC U-23 Championship ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​ត្រឹម​ថ្ងៃ​ទី ៣១ ខែ មីនា ម្សិលមិញ។

 

 

ក្រុម U-22 ថៃ ប្រកួត​បិទ​ពូល​ម្សិលមិញ (រូបថត៖ Siamsport)

 

សម្រាប់​ក្រុម U-22 ថៃ ជា​ក្រុម​លេខ ២ នៅ G ក្រោយ​រក​បាន ៧ ពិន្ទុ ស្មើ​នឹង​ក្រុម​កូរ៉េខាងជើង តែ​ចាញ់​គ្រាប់​បាល់​ទាត់​បញ្ចូល​ទី រី​ឯ​ក្រុម​វៀតណាម វិញ​ជា​ក្រុម​លេខ ២ នៅ​ក្នុង​ពូល I មាន ៦ ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​ក្រុម​ខ្លាំង​ប្រចាំ​តារាង ជប៉ុន​មាន ៩ ពិន្ទុ។

 

ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ចំនួន ៤៣ បាន​ចូលរួម​ប្រកួត​ប្រជែង ដោយ​ចែក​ជា ១០ ពូល ដើម្បី​ចម្រាញ់​យក​ក្រុម​ចំនួន ១៦ ឡើង​ទៅ​ជុំ​បន្ទាប់។ ក្រុម​លេខ១ តាម​ពូល​មាន​ឈ្មោះ​ឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​លេខ ២ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន ៦ ក្រុម​នឹង​មាន​កៅអី​ឆ្លង​ទៅ​ជុំ​បន្ត​ដូច​គ្នា។

 
 

ក្រុម​វៀតណាម (ក្រហម) កាល​ប្រកួត​ជាមួយ ម៉ាឡេស៊ី (រូបថត៖ Zing)

 

គិត​ត្រឹម​ពេល​នេះ​ AFC (សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី) ស្វែង​រក​បាន​ក្រុម​ចំនួន ១៤ ហើយ ក្រោយ​ពូល B ដែល​រៀបចំ​​នៅ​កីឡដ្ឋាន  Punjab Stadium ក្នុង​ទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន ត្រូវ​លើក​ពេល និង ប្ដូរ​ទីកន្លែង​ប្រកួត វិញ ព្រោះ​បញ្ហា​អសន្តិសុខ។ ដូច្នេះ​លទ្ធផល ២ ក្រុម​ទៀត​នឹង​ស្វែង​រក​ឃើញ​ក្រុម ក្រោយ​ពូល B ដែល​ប្ដូរ​ទៅ​លេង​នៅ​ប្រទេស​ហ្សកដានី​ ប្រកួត​រូចរាល់។

 

គិត​ត្រឹម​វគ្គ​ជម្រុះ​នេះ កីឡាករ Omar Khribin របស់​ប្រទេស​ស៊ីរី រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ពោល​គឺ ៦ គ្រាប់​ម្នាក់​ឯង​ក្នុង​ចំណោម ៣ ប្រកួត តាម​ពី​ក្រោយ​ដោយ​កីឡាករ  Jamie Maclaren របស់​អូស្រ្តាលី រក​បាន ៥ គ្រាប់។

 

2016 AFC U-23 Championship ជុំ​ផ្ដាច់ព្រ័ត្រ រៀបចំ​នៅ​ប្រទេស​កាតារ ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ៣០ ខែ មករា ឆ្នាំ ២០១៦ ហើយ​ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ដល់ លេខ ៣ នឹង​មាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​ពាន​រង្វាន់​កីឡា​អូឡាំពិក​រដូវក្ដៅ​នៅ​ប្រទេស​ប្រេស៊ីល ក្នុង​ឆ្នាំ ២០១៦ តំណាង​ឱ្យ​ទ្វីប​អាស៊ី ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ៕

 
ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ
.រ​ ឈ្មោះ​ក្រុម​ ចំណាត់ថ្នាក់​ ពូល​
១​ អ៊ីរ៉ាក់​ ១​ A
២​ អារ៉ាប៊ីសាអ៊ូឌីត​ ១​ C
៣​ អារ៉ាប់រួម​ ១​ D
៤​ ស៊ីរី​ ១​ E
៥​ អូស្ត្រាលី​ ១​ F
៦​ កូរ៉េខាងជើង​ ១​ G
៧​ កូរ៉េខាងត្បូង ១​ H
៨​ ជប៉ុន​ ១​ I
៩​ ចិន​ ១​ J
១០​ ថៃ​ ២​ G
១១​ អ៊ីរ៉ង់​ ២​ C
១២​ វៀតណាម​ ២​ I
១៣​ យេមែន​ ២​ D
១៤​ កាតារ​ ម្ចាស់​ផ្ទះ​

 

អត្ថបទ៖ ម៉ឺន រស្មី