​គោម​ខ្មែរ​​​​៤០០​គោម​ នឹង​​​ដាក់​តាំង​នៅ​ស្តាត​អូឡាំពិក​​​​ចុង​សប្ដាហ៍​នេះ

  • 2015-04-01 16:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​គោម​​ខ្មែរ​​ ដែល​ប្រជាជន​​​ខ្មែរ​ស្ទើរ​តែ​បំភ្លេច​​ចោល​ ជំនួស​វិញ​ដោយ​​ការ​ប្រើ​អំពូល​​​​ភ្លើង​ពណ៌​​​ ​​តុបតែង​​រាន​​សែន​ទេវតា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ចំនួន​ ៤០០​គោម នឹង​ដាក់​តាំង​បង្ហាញ​​​​នៅ​​ពហុ​កីឡដ្ឋាន​​​ជាតិ​​​​​រាត្រី​ថ្ងៃ​សុក្រ​និង​​​​សៅរ៍​សប្ដាហ៍​នេះ។

 

ការ​តាំង​បង្ហាញ​​គោម​​​ដែល​​​​​ដាក់​អំពូល​​ភ្លើង​ឲ្យ​ចាំង​​​ពន្លឺ​រាប់​រយ​ គោម នេះ​​​​គឺ​​ជា​ផ្នែក​មួយ​​​នៃ​​​​​រាត្រី​ពិព័រណ៍​​ម្ហូប​ខ្មែរ​​ ​​​​របស់​អង្គការ​ PSE ​ដើម្បី​​​រៃ​អង្គាស​​​ថវិកា​សប្បុរសធម៌ ​ទ្រទ្រង់​​​ការ​រស់​នៅ​​​ក្មេង​ក្រីក្រ​​ចំនួន​៧​ពាន់​នាក់​។

 

អនុ​ប្រធាន​កម្មវិធី​នៃ​អង្គការ​ដើម្បី​​​​ភាព​ញញឹម​នៃ​កុមារ​លោក អ៊ុក សុវណ្ណ លើក​ឡើង​ថា​​ គោម​ខ្មែរ ​ដែល​ធ្លាប់​​​តាំង​​​ថ្ងៃ​ចូល​ឆ្នាំ​ ​ស្ទើរ​​ត្រូវ​គេ​បំភ្លេច​ចោល​ គឺ​​សេសសល់​តិច​បំផុត។ ដូច្នេះ​ការ​ដាក់​តាំង​​គោម​​៤០០​គោម ចុង​សប្ដាហ៍​នេះ គឺ​ការ​រំលឹក​ឡើង​វិញ​នូវ​​ប្រពៃណី​​មួយ​​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​ស្ទើរ​​ផុត​រលត់​​។

 

«​កាល​ដែល​នៅ​តូច​​​​ ​យើង​ឃើញ​​​​ឪ​ពុក​​ម្ដាយ​យើង​ តាំង​វា​​លើ​ផ្ទះ​​​នៅ​ពេល​ឆ្នាំ​ថ្មី​ តែ​​​​​​ឥឡូវ​គេ​បំភ្លេច​​វា​ចោល​ តែ​បើ​​ចូល​ឆ្នាំ​ចិន​គេ​​តាំង​គោម​ចិន​​​​​​​ គឺ​វា​​​គួរ​ឲ្យ​ស្ដាយ​»​។  ​លោក សុវណ្ណ ​រំលឹក​។

 

 

និមល និស្សិត​ធនាគារ​​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ថា​កាល​​ពី​ក្មេងៗ​​​​អ្នក​ភូមិ​កញ្ញា​នៅ​​ខេត្ត​​កំពត ចូល​ចិត្តតាំង​​លម្អ​​​គោម​ផ្កាយ​នៅ​​​រាន​ទេវតា​ថ្ងៃ​ចូល​ឆ្នាំ។ ប៉ុន្តែ​ឥឡូវ​នេះ ​គេ​លែង​និយម​ ហើយ​មិន​សូវ​ដែល​ឃើញ​​ដូច​មុន​ដែរ គឺ​តាម​ផ្ទះ​​គេ​​បែរ​​​ចូល​ចិត្ត​ដាក់​ភ្លើង​អំពូល​ពណ៌​​តូច​​ៗ ចម្រុះ​ពណ៌​ទៅ​វិញ​ គឺ​មិនមាន​គោម​បែប​ហ្នឹង​ទៀត​សោះ​​។ «​នឹក​ឃើញ​តើ ឲ្យ​តែ​ពេល​ហ្នឹង​គេ​ព្យួរ​រណេង​រណោង​ យើង​មក​ពី​លេង​វត្ត​វិញ​យប់​ៗ​ហ្នឹង​ គឺ​ភ្លឺ​​តាម​បង្អួច​​ផ្ទះ​គ្រប់​ៗ​ផ្ទះ​​ នឹក​រឿង​គោម​ហ្នឹ​គឺ​នឹក​ផ្ទះ​នឹក​ថ្ងៃ​ចូល​ឆ្នាំ​ហ្មង​នៀក​​» និមល​​​រំលឹក​។

 

លោក សុវណ្ណ ​ថា​គោម​ខ្មែរ​ មាន​សណ្ឋាន​​ច្រើន​បែប​ដែរ តែ​គោម​ដែល​នឹង​តាំង​នៅ​ចុង​សប្ដាហ៍​នេះ​ គឺ​ធ្វើ​ឡើង​មាន​រាង​​ជា​​ផ្កាយ​ទាំង​អស់ ​​មាន​៣​ពណ៌​គឺ ខៀវ​ ក្រហម លឿង។ ​លោក​​បាន​​អំពាវនាវ​​​ដល់​ជន​រួម​ជាតិ​​​ ឲ្យ​ចូល​រួម​​​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​​នេះ ដើម្បី​​​រំលឹក​អនុស្សាវរីយ៍​​​​​គោម​ខ្មែរ និង​​​​ថែម​​ទាំង​​ទស្សនា​ ទិញ​​ទទួល​ទាន​​ ​​នូវ​​ម្ហូប​ខ្មែរ​ពី​គ្រប់​ទិស​ទី​​ជាង​៧០​មុខ​។

 

​​ប្រភព​បន្ត​ថា​​​​​ប្រជាជន​​​​ខ្មែរ​ដែល​​ចង់​​ឃើញ ​អាច​​​រំលឹក​​​​​អនុស្សាវរីយ៍ មុខ​ម្ហូប​តាម​ខេត្ត​ក្រុង​របស់​ខ្លួន​ និង​​អាច​​ទិញ​ញ៉ាំ​សប្បាយ​​ក្នុង​តម្លៃ​សមរម្យ​​មួយ​ចាន​ពី​១​ដុល្លារ​ទៅ​១​ដុល្លារ​​កន្លះ​ប៉ុណ្ណោះ។ ​ ​ការ​ចូល​រួម​បន្តិច​បន្តួច​ក្នុង​កម្មវិធី​នេះ ​នឹង​​​​​​​​ជួយ​ដល់​​ការ​​រស់​នៅ​របស់​កុមារ​ក្រីក្រ គ្មាន​ទី​ពឹង​​​ជា​ច្រើន​នាក់​​នៅ​កម្ពុជា​​​​​។

 

សំបុត្រ​​ចូល​​រួម​ពិព័រណ៍​ម្ហូប​ខ្មែរ​​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​​​ មាន​ទាំង​​ការ​តាំង​គោម​៤០០​គោម​នេះ មាន​ដាក់​​លក់​នៅ​តាម​​ស្ថានីយ​ប្រេង Total ​ហាង​កាហ្វេ​ Brown ភោជនីយដ្ឋាន​​ទូលូស​ប្លង់​ បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ និង​​មុខ​ពហុកីឡដ្ឋាន​ជាតិ​។ គេ​រំពឹង​ថា​ហោច​ណាស់​ភ្ញៀវ​ចំនួន​១​ម៉ឺន​នាក់​នឹង​ចូល​រួម​ក្នុង​រាត្រី​សប្បុរសធម៌​នេះ​។ អាច​ទាក់​ទង​សាកសួរ​​ឬ​ទិញ​សំបុត្រ​​តាម​ទូរសព្ទ​លេខ​ ០១៧ ៧៧ ៦១ ៤៤ ឬ​ ០៨៦ ៨៤ ៤៤​១១៕

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

អត្ថបទថ្មី