តំបន់​កម្សាន្ត​ល្បី​ៗ​ទាំង​៥​ មនុស្ស​​ទៅ​លេង​ច្រើន​ថ្ងៃ​​​ចូល​ឆ្នាំ​ថ្មី​

  • 2015-04-07 19:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ថ្មី​មិន​មែន​ត្រឹម​តែ​ជា​ឱកាស​ ដែល​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​បាន​ជួបជុំ​បង​ប្អូន​ ធ្វើ​ម្ហូប​អាហារ​ជូន​ចាស់​ៗ​ និង​ទៅ​វត្ត​ប្រគេន​លោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​​ពេលវេលា​​ដែល​ទាំង​អស់​គ្នា​អាច​ទៅ​លំហែ​កាយ​នៅ​រមណីយដ្ឋាន​ណា​មួយ។ ក្រោយ​ពី​ជួប​ជុំ​ជូន​បាយ​សម្ល​បង​ប្អូន​ និង​ប្រគេន​ចង្ហាន់ព្រះ​សង្ឃ​​រួច​ គេ​តែង​សង្កេត​ឃើញ​ថា​ មនុស្ស​ជា​ច្រើន​បាន​​ទៅ​លេង​នៅ​តំបន់​កម្សាន្ត​ផ្សេង​ៗ។

 

ក្នុង​ចំណោម​តំបន់​កម្សាន្ត​នានា​​ ខាង​ក្រោម​ជា​កន្លែង​ដ៏​ទាក់​ទាញ​មាន​មនុស្ស​ទៅ​លេង​​ច្រើន​​រាល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្ដង​ៗ។

 

កោះ​ដាច់​ រាជធានី​ភ្នំពេញ​

 

 

បើ​អ្នក​ពុំ​ធ្វើ​​ដំណើរ​ទៅ​​ខេត្ត​ ឬ​ត្រូវ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ ប៉ុន្តែ​ចង់​រក​កន្លែង​កម្សាន្ត​ណា​ក្បែរ​ផ្ទះ​ អ្នក​អាច​ទៅ​កម្សាន្ត​នៅ​កោះ​ដាច់។ កោះដាច់​មាន​ឆ្នេរ​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​មួយ។ នៅ​ទី​នោះ​ អ្នក​អាច​អង្គុយ​​លើ​ខ្យុស​ (ខ្ទម​ឫស្សី)​ ដែល​ដាក់​ក្បែរ​មាត់​ទឹក​ កម្សាន្ត​អារម្មណ៍​ ញ៉ាំ​អាហារ​ផ្សេង​ៗ​​ និង​ងូត​ទឹក​លេង។

 

 

ភ្នំ​បូកគោ​ ខេត្ត​កំពត​​

 

 

ជា​រមណីយដ្ឋាន​ដ៏​ល្បី​ល្បាញ​មួយ​របស់​ខេត្ត​កំពត​ មាន​មនុស្ស​ទៅ​កម្សាន្ត​មិន​សូវ​ដាច់​ សូម្បី​តែ​ថ្ងៃ​ធម្មតា។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រាល់​ឆ្នាំ​ មនុស្ស​ម្នា​ជា​ច្រើន​បាន​ទៅ​កម្សាន្ត​ទៅ​ទី​នោះ។ អ្នក​ដំណើរ​ទាំង​ឡាយ​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤០​នាទី​ដើម្បី​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ តាម​មធ្យោបាយ​ជា​រថយន្ត​ ឬ​ទោចក្រយានយន្ត។ គេ​នឹង​ប្រទះ​ឃើញ​កាស៊ីណូ​ទាំង​ថ្មី​ ទាំង​ចាស់។ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​និយម​ទៅ​កម្សាន្ត​នៅ​លើ​ភ្នំ​បូកគោ​នេះ​ គឺ​គេ​អាច​ឃើញ​ពពក​អណ្ដែត​នៅ​ក្បែរ​ខ្លួន​គេ​ ឯ​អាកាស​ធាតុ​ក៏​ត្រជាក់​ខ្លាំង​ណាស់​ដែរ។

 

 

ចំបក់​ ខេត្ត​កំពង់​ស្ពឺ​

 

 

ជា​ទូទៅ​គេ​ស្គាល់​គិរីរម្យ​យ៉ាង​ច្បាស់​ ខណៈ​រមណីយដ្ឋាន​ចំបក់​វិញ​គឺ​ពុំ​សូវ​ស្គាល់​ប៉ុន្មាន​នោះ​ទេ។ ចំបក់​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គិរីរម្យ​ប៉ុន្មាន​ឡើង​ គឺ​មាន​ច្រក​ចូល​តែ​មួយ​ ប៉ុន្តែ​បែក​គ្នា​ត្រង់​​កន្លែង​ឆ្លង​ស្ពាន ដោយ​​ផ្លូវ​ទៅ​គិរីរម្យ​ត្រូវ​ជិះ​ឡើង​ភ្នំ​តាម​ផ្លូវ​ខាង​ឆ្វេង​ដៃ​ ហើយ​ផ្លូវ​ទៅ​ចំបក់​ត្រូវ​ទៅ​មុខ​ត្រង់។ ពេល​ទៅ​ដល់​ទីស្នាក់ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​ចំបក់​ អ្នក​មក​កម្សាន្ត​ទាំង​អស់​តម្រូវ​ឲ្យ​ថ្មើរ​ជើង​ ឬ​ជិះ​រទេះ​គោ​ ដើម្បី​កុំ​ឲ្យ​មាន​សំឡេង​ម៉ាស៊ីន​រំខាន​ដល់​ពពួក​សត្វព្រៃ​ទាំង​ឡាយ។ គេ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា​បួន​គីឡូ​ទើប​ទៅ​ដល់​ទឹក​ធ្លាក់​ ដែល​មាន​កម្ពស់​ជិត​១០​ម៉ែត្រ។ អ្នក​ដំណើរ​ទាំង​ឡាយ​តែង​មក​អង្គុយ​លេង​ជា​ក្រុម​គ្រួសារ​ គូ​ស្នេហ៍​ មិត្តភ័ក្ដិ​ ញ៉ាំ​អាហារ​កម្សាន្ត​លើ​ផ្ទាំង​ថ្ម​ ក្រោម​ម្លប់​ឈើ​ព្រៃ​ និង​មាន​ទឹក​ធ្លាក់​បាច​សាច​បន្តិច​ៗ​ ញ៉ាំ​ឲ្យ​បរិយាកាស​នៅ​ទី​នេះ​មាន​សភាព​ត្រជាក់។

 

សេក​សក​ បាត់ដំបង

 

 

ជា​រមណីយដ្ឋាន​ដ៏​ល្បី​របស់​អ្នក​ខេត្ត​បាត់​ដំបង។ រាល់​ពេល​បុណ្យ​ទាន​ធំ​ៗ​ម្ដង​ៗ​ យុវជន​យុវតី​ មនុស្ស​ចាស់​ប្រុស​ស្រី​តែង​នៅ​កម្សាន្ត​ហែល​ទឹក​លេង​ ក្បែរ​ផ្ទាំង​ថ្ម​ដ៏​ធំ​ល្វឹងល្វើយ ​ក្នុង​ស្ទឹង​នៃ​រមណីយដ្ឋាន​សេក​សក​នេះ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។

 

បឹង​យក្ស​ឡោម​ ខេត្ត​រតនគិរី

 

 

បឹង​ភ្នំ​ភ្លើង​នេះ​តែង​មាន​មនុស្ស​ទៅ​កម្សាន្ត​ជា​ប្រចាំ​ ហើយ​បើ​ចំ​ថ្ងៃ​បុណ្យ​ទាន​អីចេះ​ទៀត​នឹង​រឹត​តែ​សម្បូរ​មនុស្ស​ទៅ​កម្សាន្ត។ អ្នក​ដំណើរ​ទាំង​ឡាយ​អាច​​ក្រាល​កន្ទេល​ ញ៉ាំ​អាហារ​ជួប​ជុំ​គ្រួសារ​ ញាតិ​មិត្ត​ និង​គូ​ស្នេហ៍​ នៅ​ជុំ​វិញ​មាត់​បឹង។ ក្រោយ​ញ៉ាំ​អាហារ​រួច​ គេ​អាច​គេង​កម្សាន្ត​ និង​ងូត​ទឹក​បឹង​យក្សឡោម​ដ៏​ថ្លា​យង់​ ត្រជាក់​ដល់​ថ្លើម៕

 

ម៉េច​ដែរ​ ប្រិយមិត្ត​មាន​ចង់​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ណា​មួយ​ទេ​ ចូល​ឆ្នាំ​នេះ?