ពិធី​ដង្ហែ​​ វីរនារី កែ ឡេង​ កក្រើក​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្តើម​ស្អែក​

  • 2015-04-08 16:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ អ្នក​ស្រី កែ ឡេង​ នឹង​ទទួល​បាន​នូវ​ពិធី​ដង្ហែ​ដ៏​​​អធិកអធមមួយ​នៅ​រាជ​ធានី​ភ្នំពេញ​វេលា​ម៉ោង​២:៣០​​រសៀល ថ្ងៃ​ស្អែក ​ដើម្បី​ជា​សក្ខីភាព​នៃ​ការ​លើក​កម្ពស់​ និង​អបអរសាទរ​ចំពោះ​ស្នាដៃ​ដែល​អ្នក​ស្រី​ទទួល​បាន​កន្លង​មក​សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ​នៅ​ឆាក​អន្តរជាតិ។

 

 

តាមរយៈ Page របស់ NOCC ថា ពិធី​ដង្ហែ​ដ៏​ធំ​នេះ​នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​វេលា​ម៉ោង​២:៣០​​រសៀល​ ថ្ងៃ​ទី​៩ ខែ​មេសា​ ចេញ​ពី​វិមាន​សន្ដិភាព​ឆ្ពោះ​ទៅ​កាន់​​វិមានឯករាជ្យ​ ហើយ​បន្ដ​ទៅ​សួរ​ច្បារ​សម្ដេចតេជោ​ ហ៊ុន សែន​ មុន​ពេល​បន្ត​ដង្ហែ​ទៅ​បញ្ចប់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ នៅ​ទៅ​នោះ​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​ ប្រជា​ពលរដ្ឋ​ និង​លោក​ ថោង ខុន រដ្ឋ​មន្ដ្រីក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ NOCC, ​លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ព្រម​ទាំង​​កីឡាករ​ ការិនី​​ជា​ច្រើន​ទៀត។

 

ប៉ុន្តែ​​មុន​​ពិធី​ធី​ដង្ហែ​ក្បួន​អបអរសារទ​ចេញ​ដំណើរ ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ កែ ឡេង​ នឹង​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ជួប​សម្តេច​ ហ៊ុន សែន​ និង​អត្តពលិក​ពីរ​ប្រភេទ​ទៀត​គឺ​កីឡា​យូដូ និង​សីប៉ាក់តាក្រ​ក៏​ចូល​រួម​ដែរ​នៅ​វិមាន​សន្តិភាព។ សម្ដេច​ ហ៊ុន​ សែន​ នឹង​សំណេះ​សំណាល​​ជា​មួយ​កីឡាករ-កីឡា​ការិនី​ទាំង​ ៣ប្រភេទ ព្រម​ទំាង​​មាន​កញ្ចប់​ប្រាក់​រង្វាន់​លើក​ទឹ​កចិត្ត​​​ចំនួន​៦៤​លាន​រៀល និង​បំពាក់​គ្រឿងឥស្សរិយយស​ជាតិ​ថ្នាក់មហា​​សេរីវឌ្ឍន៍​​ដល់ កែ ឡេង។

 

កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ កែ ឡេង​ បានឈ្នះ​មេដាយ​មាស​ប៉េតង់ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ ​Women’s World Championship of petanque នៅ​ប្រទេស​បារាំង​ កាល​ពីឆ្នាំ២០១៣ និង​ឈ្នះ​មេដាយ​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​ទៀត។ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ អ្នកស្រី​​ក៏​ទើប​ឈ្នះ​បាន​មេដាយ​មាស​ពីរ​គ្រឿង​ទៀត​ពី​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់។ ពិធី​ដង្ហែ​នេះ​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​សហព័ន្ធ​ប៉េតង់​កម្ពុជា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា