ជយោ!នំ​អន្សមយក្ស​​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក​ Guinness World Records​

  • 2015-04-14 00:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​អន្សម​យក្ស​ ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ ២០១៥ ត្រូវ​បាន​​ចៅ​ក្រម​អន្តរជាតិ​សម្រេច​ដាក់​ចូល​​ទៅ​ក្នុង​​កំណត់ត្រា​ពិភពលោក Guinness World Records ដោយ​ជោគ​ជ័យ​ហើយ​ នា​រសៀល​ថ្ងៃទី ១៣ ខែ ​មេសា​ ឆ្នាំ​២០១៥​។ ​នេះ​បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​​។

 

នំអន្សម​យក្ស​មាន​ទម្ងន់​​ដល់​ទៅ​ប្រមាណ​ជាង ៤ តោន ក្រោយពី​បាន​ចម្អិន​អស់​រយៈ​ពេល ​៤៥ ​ម៉ោង ដែល​ទម្ងន់​នេះ ​ជា​ទម្ងន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នំអន្សម​នេះ​ ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ស្លឹក​ចេក​ទម្ងន់​ ៣៣៣ ​គីឡូ​ក្រាម​ ​និង ​ខ្សែ​ចេក​ចំនួន​ ៣៧៥ គីឡូក្រាម​ ​ដោយ​មាន​គ្រឿង​ផ្សំ​ ​អង្ករ​ដំណើប​១,០០០​ គីឡូក្រាម​ ខ្ទិះ​ដូង ​៤៩៩ ​គីឡូ​ក្រាម​​ អំបិល ១៥ ​គីឡូ​ក្រាម​ ​សណ្ដែក​បាយ​ ៤៩៩ ​គីឡូក្រាម​ ​សាច់​ជ្រូក​បី​ជាន់​ ៥០៧​ គីឡូ​ក្រាម​ ស្ករ​៤​គីឡូ​ក្រាម​ ​ម្រេច​កំពត ​៣ ​គីឡូ​ក្រាម ​ខ្ទឹម​ចិញ្ច្រាំ​ ១០ ​គីឡូក្រាម ​និង​ ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ​ ១៦​ គីឡូក្រាម​។ ​នំអន្សម​នេះ ​ត្រូវ​បាន​ចម្អិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ និង​ មាន​រស​ជាតិ​ទាក់​ទាញ​ ជា​ពិសេស​នំ​អន្សម​នេះ ​ត្រូវ​បាន​ចម្អិន​ឡើង​ដោយ​ក្រុម​មេ​ចុង​ភៅខ្មែរ ​និង ​កូន​កំាំបិត​ចំនួន​ ១០​០​នាក់។​ ​

លោក ​ចាន់​ សុភា ​តំណាង​សមាគម​ចុង​ភៅ​កម្ពុជា​បា​ន​និយាយ​ក្នុ​ងទឹក​មុខ​រីក​រាយ​ថា ក្នុង​​នាម​ជា​តំណាង​សមាគម​ចុង​ភៅ ​ក៏ដូចជា ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ​លោក​​ពិត​ជា​​មាន​មោទនភាព ដែល​ក្រុម​ការងារ​​ទាំង​អស់​បាន​រួមគ្នា​​ធ្វើឲ្យ​កម្ពុជា​បាន​លេច​ធ្លោ​នៅ​ក្នុង​ពិភពលោក។ ​

​ នំអន្សម ជាទូទៅ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ធ្វើ​ឡើង​ដើម្បី​យក​ទៅ​ប្រ​គេន​ព្រះសង្ឃ​ និង​ សែន​ព្រេន​ដល់​​បុព្វបុរស​របស់​ខ្លួន ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ជា​​អំណោយ​សម្រាប់​សាច់ញាតិ ​បងប្អូន និង​មិត្តភ័ក្ដិ​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ដូច​ជា​ ​ពិធីបុណ្យ​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម​ ហើយ​សូម្បី​តែ​ពិធីមង្គល​ការ​ក៏​មាន​​នំអន្សម​ដែរ។​

គួរ​បញ្ជាក់ថា នំ​អន្សម​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគម​ចុងភៅ​កម្ពុជា សហការ​ជា​មួយ​នឹង​​សមាគម​ស្រូវ​អង្ករ​កម្ពុជា​ ក្រសួងពាណិជ្ជកម្ម​ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ ​​។

 

 

 

 

 

អត្ថបទ៖មៃ សុខលីម

 

អត្ថបទថ្មី