ដឹង​ថា កុំកុំ ធ្លាប់​ខ្ចីបុល​គេ​នៅ​ពេល​ណា​អត់?

  • 2015-04-17 23:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ Talk Show ​ដ៏​ពេញ​និយម "Telling Maria" រដូវ​កាល​ទី​២ របស់​អ្នកស្រី Luisa Maria Leitao ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែមេសា តារា​ក្បាច់គុន កុំកុំ ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស។ បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទាំង​ពីរ​វគ្គ តារា​រូបនេះ​បាន​លាតត្រដាង​ពី​ការ​តស៊ូ​ មុន​ក្លាយ​ជា​តារា​​ភាពយន្ត​ល្បី ​​ក្នុង​​រយៈពេល​៣០​ឆ្នាំ​មកនេះ។ មិន​តែ​ប៉ុណ្ណោះលោក​ក៏បាន​​បង្ហើប​ឱ្យ​ដឹង ពី​​រឿងរ៉ាវមួយ​ចំនួន​ទៀត ​មុន​ជួប​អ្នកដឹកនាំ​រឿង លោក Yuen Woo Ping ផង​ដែរ។ ​

 

 

ជួប​អ្នកដឹកនាំ​រឿង Yuen Woo Ping ក្នុង​ឆ្នាំ​១៩៨០ តួឯក​រឿង "Ip Man” បាន​​ធ្វើ​ជា​អ្នក​សម្ដែង​ឈុត​ពិបាក (Stuntman) របស់​លោក Woo Ping អស់​ពីរ​បី​ឆ្នាំ មុន​បាន​សម្ដែង​រឿង “Drunken Tai Chi" ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​១៩៨៤។ ក្រោយ​ជោគជ័យក្នុងវិស័យ​​ភាពយន្ត និង​ទូរទស្សន៍​អស់ជា​​ច្រើន​ឆ្នាំ តារា​វ័យ​៥១​ឆ្នាំ​ បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​ភាពយន្ត Bullet Films ដោយ​ខ្លួន​ឯង នៅ​​ឆ្នាំ​១៩៩៦ តែ​ត្រូវ​ជួប​វិបត្តិ​ហិរញ្ញវត្ថុធ្ងន់ធ្ងរ។

 

តារា​កូន​បី​និយាយ​ថា លោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ខណៈ​ពេល​ថត​ភាពយន្ត​ "Legend of the Wolf” ដែល​ថត​បាន​បន្តិច មុនតំបន់​អាស៊ី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​ ក្នុង​ឆ្នាំ​១៩៩៧។ ​ពេល​នោះ​អ្នក​ទីក្រុង Guangzhou គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​បង់​ថ្លៃ​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​ និងថ្លៃ​​ម្ហូប​អាហារ​ទេ ហើយ​លោក​ក៏​ទៅ​ខ្ចី​បុល​​ពី​អ្នក​ចង់​ការប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​។ ​

ដោយ​មាន​ការ​ព្យាយាម​ តារា​រូប​នេះ បាន​បន្ត​ថត​​ខ្សែ​ភាពយន្ត​គ្មាន​ឈប់​ រហូត​ដល់​ពេល​នេះ ដោយ​​រង​គ្រោះថ្នាក់​ជាច្រើន។ កុំកុំ​បន្ថែម​ថា ខ្លួន​របស់​លោក​ដូចជា​យ៉ាប់យ៉ឺនហើយ "ឥលូវ​​​ខ្ញុំ​មាន​អារម្មណ៍​ថា ឆ្អឹង​ខ្នង​ខ្ញុំ​ដូច​ជា​​បាក់​អីចឹង។ ខ្ញុំជួប​​គ្រោះថ្នាក់​លើស​១០០ដង ច្រើន​ជាង Nicholas Tse ទៅ​ទៀត”។

 

បច្ចុប្បន្ន កុំកុំ កំពុង​ថត​រឿង "Ip Man 3" ជាមួយ​អតីត​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់ ម៉ៃថៃសាន់ ហើយ​លោក​នឹង​ថត​​ខ្សែភាពយន្ត​ហូលីវូដ "Noodle Man” នៅ​ខែ​មិថុនា ​ខាង​មុខ៕

 

 

 

កុំកុំ​ថា ​នឹង​ឈប់​សម្ដែង​រឿង​វាយ​តប់​ក្រោយ​ថត​ចប់​រឿង​ “Ip Man 3″

ដឹងអត់​តារា​​ណា​នាំ​ក្បាច់គុន “កុងហ្វូ” ​ឱ្យ​ពិភពលោក​ស្គាល់​មុន​គេ?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ chinatopix