James Wan ​អ្នក​ដឹក​នាំ​រឿង​​មក​ពី​អាស៊ី​ដ៏​ល្បី​​ ជា​ម្ចាស់​ស្នាដៃ​រឿង “Furious 7”

  • 2015-04-21 15:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាពយន្ត​ "Furious 7” ដែល​កំពុង​ចាក់​បញ្ចាំង​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទូទាំង​ពិភពលោក គឺ​ជា​ខ្សែ​ភាពយន្ត​អាមេរិក និង​ចូលរួម​សម្ដែង​ដោយ​តារា​អាមេរិក​ស្ទើរ​តែ​ទាំង​អស់ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​ថា​​ លោក James Wan ដែល​ជា​អ្នក​ដឹកនាំ​រឿង​នេះ មិន​មែន​ជា​ជនជាតិ​អាមេរិក​ឡើយ ប៉ុន្តែ​គឺ​ជា​អាស៊ី? ដើម្បី​​ជ្រាប​កាន់​តែ​ច្បាស់ ថ្ងៃ​នេះ Sabay សូម​លើក​យក​ជីវប្រវត្តិ​របស់​អ្នក​ដឹកនាំ​រឿង​រូប​នេះ​មក​ផ្សាយ​ជូន​ប្រិយមិត្ត​​បាន​ដឹង​ទាំង​អស់​គ្នា៖

 

​កុមារភាព និង​ការ​សិក្សា

 

James Wan គឺ​ជា​អ្នក​ដឹកនាំ​សញ្ជាតិ​អូស្ត្រាលី និង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ ប៉ុន្តែ​គេ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ចិន​សុទ្ធសាធ។ Wan កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ១៩៧៧ នៅ​ទីក្រុង Kuching រដ្ឋ Sarawak  ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ឪពុក​ម្ដាយ​គឺ​ជា​ជនជាតិ​ចិន។ គ្រួសារ​របស់ Wan បាន​ផ្លាស់​មក​រស់​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ពេល​ដែល​គេ​មាន​អាយុ ៧ឆ្នាំ។ Wan មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​ផលិត​ភាពយន្ត​តាំង​ពី​អាយុ ១១ឆ្នាំ។ ដូច្នេះ​ក្រោយ​ចប់​មធ្យម​សិក្សា គេ​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Royal Melbourne ដោយ​បាន​បញ្ចប់​ថ្នាក់​​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ។ មុន​នឹង​​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ក្នុង​វិស័យ​ភាពយន្ត Wan បាន​ផលិត​ភាពយន្ត​ “Stygain” ជាមួយ Shannon Young ដែល​​រឿង​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ “Best Guerrilla Film” ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​ Melbourne កាល​ពី​ឆ្នាំ​២០០០។

 

 

ជោគជ័យ​ក្នុង​អាជីព​ដឹកនាំ​ភាពយន្ត

 

Wan បាន​ជួប Leigh Whannell ដែល​ជា​​មិត្តភ័ក្ដិ​និង​ដៃ​គូ​ពាណិជ្ជកម្ម​របស់​គេ​ពេល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។ ក្រោយ​មក​​នៅ​​ឆ្នាំ ២០០៣ គេ​បាន​ដឹកនាំ​រឿង “Saw” ដោយ Whannell គឺ​ជា​អ្នក​និពន្ធ​អត្ថបទ​រឿង ដែល​រឿង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​គេ​ចាប់​ផ្ដើម​ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ។ ចំណាយ​ដើម​ទុន​ត្រឹម ១,២លាន​ដុល្លារ ពួក​គេ​មិន​រំពឹង​ថា​រឿង​នេះ​នឹង​ទទួល​បាន​ចំណូល​ច្រើន​ពី​ការ​បញ្ចាំង​តាម​រោងភាពយន្ត​ឡើយ ដោយ​គិត​ថា​សម្រាប់​ចេញ​លក់​ជា DVD ប៉ុណ្ណោះ។ យ៉ាង​ណា ក្រោយ​ពេល​ចេញ​បញ្ចាំង "Saw” អាច​រក​ចំណូល​បាន​ជាង ១០២លាន​ដុល្លារ​ជុំវិញ​ពិភពលោក ដែល​លើស​ពី​ការ​រំពឹង​ទុក​ជា​ច្រើន​ដង។​​

 

ក្រោយ​មក Wan និង Whannell បាន​ក្លាយ​ជា​ផលិតករ​សម្រាប់​ខ្សែ​ភាពយន្ត Saw ជា​ច្រើន​វគ្គ​ទៀត​ រួម​មាន​ Saw II, Saw III, Saw IV, Saw V, Saw VI និង Saw 3D។ នៅ​ឆ្នាំ​២០០៧ James Wan បាន​បន្ត​ពង្រឹង​ស្នាដៃ​ដឹកនាំ​ភាពយន្ត​រន្ធត់​បន្ត​ទៀត តាម​រយៈ​រឿង "Dead Silence” និង​រឿង "Death Sentence”។ ស្នាដៃ​ជោគជ័យ​បន្តបន្ទាប់​ទៀត​របស់​លោក​មាន​ដូច​ជា​រឿង "Insidious” , “The Conjuring” , “Annabelle” និង "Furious 7”។

 

 

“Furious 7” គឺ​ជា​ភាពយន្ត​ធំ​បំផុត​របស់ James Wan

 

ប្រៀបធៀប​នឹង​ខ្សែ​ភាពយន្ត​មុន​ៗ "Furious 7” គឺ​ជា​ភាពយន្ត​​ធំ​បំផុត​ក្នុង​អាជីព​របស់ James Wan គិត​ទាំង​ទ្រង់ទ្រាយ​ផលិតកម្ម និង​ការ​ចំណាយ​ដើម​ទុន។ ទោះ​យ៉ាង​ណា នៅ​ពេល​សារព័ត៌មាន​សួរ​ថា គេ​មាន​ការ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ អ្នក​ដឹកនាំ​រូប​នេះ​និយាយ​ថា គេ​មិន​មាន​ការ​ភ័យ​ខ្លាច​ដោយ​សារ​ទំហំ​ភាពយន្ត​ឡើយ។ Wan និយាយ​ថា "ចំពោះ​ខ្ញុំ វា​នៅ​តែ​ជា​ការ​ផលិត​ភាពយន្ត​ដដែល គ្រាន់​តែ​ចំណាយ​ពេល​យូរ​ជាង​មុន និង​ត្រូវ​ចាត់ចែង​ការងារ​ច្រើន​ជាង​មុន​តែ​ប៉ុណ្ណឹង។ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ទៅ​វិញ​ទេ ព្រោះ​​មាន​មនុស្ស​ច្រើន​ និង​សុទ្ធ​តែ​ជា​អ្នក​មាន​សមត្ថភាព​ដើម្បី​ជួយ​ខ្ញុំ​ក្នុង​ដំណើរការ​ផលិត​រឿង​នេះ" ៕

 

ចុចអាន៖‘Furious 7′ រក​​លុយ​​បាន​​១​​ពាន់​​លាន​​​ដុល្លារ​ត្រឹម​១៧​ថ្ងៃ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ filmibeat ,hollywoodreporter
អត្ថបទថ្មី