​សិស្ស​​ឆ្នើម​​គណិត​វិទ្យាទូទាំង​ប្រទេស​​ចែក​​​បទ​ពិសោធ​ន៍បាន​​អាហារូបករណ៍​​សិក្សា​នៅ​​កូរ៉េ​ខាង​ត្បូង​​​​​

  • 2015-04-22 15:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សាកលវិទ្យាល័យ​សាន់​មូន​ ​សម្រាប់​ភាសា​កូរ៉េ​ ​រដូវ​ផ្ការីក​ អាគារ​ទោល​របស់ សាកលវិទ្យាល័យ​សាន់​មូន​លេច​ឡើង​នៅ​ចំ​កណ្ដាល​ព្រៃ​ឈើ​ដ៏​ខៀវ​ស្រងាត់​ ខាង​មុខ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម​។​ ក្នុង​ធ្លា​សាលា ​ដើម​ឈៀរ​រី​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ជាមួយ​ផ្កា​ពណ៌​ស-​ផ្កា​ឈូក​ស្អាត​បំផុត​។​ កណ្ដឹង​ចុង​ក្រោយ​បាន​បន្លឺ ​ម៉ោង​សិក្សា​បាន​បញ្ចប់​ សិស្ស​បោះ​ជំហាន​ចេញ​ពី​សាលា​ដោយ​ទឹក​មុខ​រីក​រាយ​ ​បង្កប់​នូវ​ក្តី​បារម្ភ ​ខ្លាច​យប់​នឹង​​អត់​បាន​ដេក​ពួន​ ព្រោះ​អី​ការងារ​ផ្ទះ​ច្រើន​ពេក​។​ ទោះ​យ៉ាង​នេះ​ក្តី​ នា​ពេល​ដ៏​ល្អ​នេះ​ ​សិស្ស​នៅ​ទី​នេះ​ហាក់​ប្លែក​ខុស​ពី​ធម្មតា​។​ ទោះ​បី​ម៉ោង​សិក្សា​បាន​បញ្ចប់​ ​ការងារ​ផ្ទះ​ច្រើន​យ៉ាង​ណា ​ពួក​យើង​ឥត​ខ្ចី​ ​ទៅ​អន្តេ​អី​ទេ​ គឺ​ជាប់​រវល់​ថត​រូប​ជាមួយ​ដើម​ឈើ ​គឺ​ដើម​ផ្កា​ឈៀររី​ដ៏​ស្រស់​ស្អាត​ដែល​រីក​តែ​ម្ដង​ក្នុង​មួយ​ឆ្នាំ​។​ពួក​គេ​មើល​ទៅ​ហាក់​សប្បាយ​រីក​រាយ​ ​និង​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​នឹង​វប្បធម៌​ និង​អាកាសធាតុ​ថ្មី​នៅ​ទី​នេះ​។ ​តែ​សម្រាប់​ខ្ញុំ​វិញ​ ​ជីវិត​នៅ​ទី​នេះ​ ថ្វី​បើ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ក៏​មាន​ការ​លំបាក​ខ្លះ​ដែរ​។ លំបាក​គឺ​បញ្ហា​អាកាស​ធាតុ​ ភាសា​ និង​អាហារ​ ប៉ុន្តែ​​សង្ឃឹម​ថា​ ​​ពេល​វេលា​រំកិល​ទៅ​មុខ ​ជីវិត​នៅ​ទីនេះ​នឹង​អាច​ល្អ​ប្រសើរ​”។​​ ទាំង​នេះ​​គឺ​ជា​​ការ​​រៀប​រាប់​ របស់​ កញ្ញា ជេត ​ឆរីវណ្ណ ​​និស្សិត​អាហារូបករណ៍​ខ្មែរ​​​ឆ្នាំ​ទី​​១ នៃ​សាកលវិទ្យាល័យ​ Kyung Hee ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​ថ្នាក់​បរិញ្ញាបត្រ​។ កញ្ញា​​បាន​រៀប​រាប់​ពី​អារម្មណ៍​ឯកា​លើក​ដំបូង​​​​​​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​​បង​ប្អូន ​​ក៏​ដូច​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​​នៅ​​​​បន្ត​ភាព​រីក​រាយ​​​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​​​នៅ​ឡើយ​។​

​​​

មាន​​ទី​កន្លែង​​នៅ​​ភូមិ​​អង្គសេរី​ ​ឃុំ​រកា​ធំ​​ ក្រុង​ច្បារមន​​ ខេត្ត​​កំពង់​ស្ពឺ​ កញ្ញា​ ជេត ឆរីវណ្ណ ​ជា​កូន​ទី​២​ ​ក្នុង​ចំណោម​បង​ប្អូន​​បី​នាក់​បាន​ប្រលង​​ជាប់​​អាហារូបករណ៍​ទៅ​​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​កាល​​ពី​​ដើម​​ឆ្នាំ​នេះ​​​។ បច្ចុប្បន្ន​​​កញ្ញា​កំពុង​សិក្សា​​ភាសា​កូរ៉េ​​នៅ​នៅ​​សាកលវិទ្យាល័យ​ ​​Sun Moon ​ប្រទេស​កូរ៉េ ​ខាង​ត្បូង​។អតីត​​សិស្ស​ឆ្នើម​លេខ​១​គណិតវិទ្យា​ទូទាំង​ប្រទេស​​ឆ្នាំ​២០១៤​  រូប​នេះ​​​ទទួល​បាន​​និទ្ទេស​ B ក្នុង​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​​សិក្សា​សិក្សា ទុតិយភូមិ​(បាក់​ឌុប)​​កាល​​​ពី​ឆ្នាំ​​២០១៤​ ចំ​ពេល​​​ការ​ប្រលង​មាន​​ការ​រឹត​បន្តឹង​ខ្លាំង​។

 

 

កញ្ញា ​បាន​ជាប់​អាហារូបករណ៍​​សិក្សា​នៅ​សាកលវិទ្យាល័យ​​​ឯកជន​​មួយ​​ចំនួន​ បន្ទាប់​ពី​ប្រលង​ជាប់​បាក់​ឌុប​។ ប៉ុន្តែ​បាន​សម្រេច​បោះ​បង់​ចោល​ទៅ​វិញ​​ ដោយ​សារ​​មាន​​ឱកាស​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​​អាហារូបករណ៍​នេះ​មាន​ឈ្មោះ ​KGSP ​(Korean ​Government ​Scholarship ​Program)​​​ ដែល​ថ្នាក់​បរិញ្ញាបត្រ​ត្រូវ​បាន​គេ​ហៅ​ថា​ ​KGSP-U ​ដែល ​U ​តំណាង​ឱ្យ ​Undergraduate​។​ អាហារូបករណ៍​​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ និង​រ៉ាប់​រង​ដោយ​ ​NIIED ​(National ​Institute ​of​ International Education) ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​។​ រៀង​រាល់​ឆ្នាំ ​សាធារណរដ្ឋ​កូរ៉េ​​​តែង​ផ្ដល់​អាហារូបករណ៍ ​១១០​ ​កន្លែង​ដល់ ៦៤​ ប្រទេស​ដែល​ក្នុង​នោះ​កូរ៉េ​ផ្ដល់​ឱ្យ​និស្សិត​កម្ពុជា​ចំនួន​ ​២​ កន្លែង ​ព្រម​ទាំង​បម្រុង​ ១​ កន្លែង​។

 

​​ជេត ឆរីវណ្ណ ​រៀប​រាប់​​ថា​​​នេះ​ជា​អាហារូបករណ៍​រដ្ឋ​ដំបូង​ដែល​បើក​ទទួល​​យក​និស្សិត​អាហារូបករណ៍​បរទេស​​ ក្រោយ​​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​ ​ដែល​​ជា​ទូទៅ​​​ប្រកាស​បើក​ទទួល​ពាក្យ​នៅ​ខែ​កញ្ញា ​និង​បញ្ចប់​នៅ​ខែ​តុលា​ នៅ​ឯ​ស្ថាន​ទូត​កូរ៉េ​ និង​នាយកដ្ឋាន​វប្បធម៌ ​និង​អាហារូបករណ៍​។​ ខុស​ពី​អាហារូបករណ៍​ដទៃ​ ​ការ​ប្រកួត​ប្រជែង​ដំបូង​​​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ ​Application Form។ ​Application​ ​Form ​នេះ​ជា​ចំណុច​​សំខាន់​មួយ​នៃ​ការ​ដាក់​អាហារូបករណ៍​។​ ដូច្នេះ​ Application ​Form ​នេះ​មាន​លក្ខណៈ​តឹង​រ៉ឹង​។ ​ជា​ធម្មតា​មាន​បេក្ខជន​មិន​លើស​ពី​ ១០​ រូប​ឡើយ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ទៅ​វគ្គ​បន្ទាប់​។​ ​Requirement ​របស់ ​Application Form  នេះ មាន​ដូច​ជា​៖​ ​Personal Statement, Study Plan, Recommendation Letters, Graduation Certificate of High School, High School Grade Transcript។

  “​​ខ្ញុំ​យល់​ថា​ ​ប្រសិន​បើ​បេក្ខជន​អាច​ធ្វើ​ឱ្យ​ ​Application ​Form ​ របស់​ខ្លួន​មាន​​លក្ខណៈ​ ពិសេស​ប្លែក​ពី​គេ​ ​នោះ​ពិត​ជា​​​ល្អ​ប្រសើរ​។​​ បន្ទាប់​ពី​វគ្គ​ជម្រុះ ​Application Form ​បេក្ខជន​ នឹង​ត្រូវ​សម្ភាសន៍​នៅ​ឯ​ស្ថានទូត​​នា​ចុង​ខែ​តុលា​។​ តាម​បទពិសោធន៍​របស់​ខ្ញុំ​ ការ​សម្ភាសន៍​នេះ​មាន​រយៈ​ពេល​ប្រហែល ​៣០​​នាទី​ ដែល​នៅ​ពេល​នោះ​សំនួរ​ទាក់​ទង​នឹង​បេក្ខជន​ ការ​រួម​ចំណែក​ជួយ​ប្រទេស​ជាតិ​ ​និង​សំនួរ​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​បក​ស្រាយ​។​បេក្ខជន​ ២​រូប ​ព្រម​ទាំង​បម្រុង​១​រូប​នឹង​ត្រូវ​ជ្រើស​រើស​”​។ ​​ ឆរីវណ្ណ ​បន្ថែម​​។

 

លទ្ធ​ផល​ផ្លូវ​ការ​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្ដាល​ខែ​មករា​ ហើយ​ ​បេក្ខជន​ជាប់​ពេញ​សិទ្ធិ​ចេញ​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​​នៅ​ចុង​ខែ​កុម្ភៈ​ ដើម្បី​សិក្សា​ភាសា​កូរ៉េ ​១​ ឆ្នាំ ​និង​ជំនាញ​ ៤​ឆ្នាំ​។ ងាក​មក​ការ​​ចាប់​យក​ជំនាញ​វិស្វកម្ម​​នេះ​ កញ្ញា​ ឆរីវណ្ណ ​​​​ឱ្យ​ដឹង​ថា​ ​កម្ពុជា​​​ ជា​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ដូច្នេះ​ការ​ស្ថាបនា​សំណង់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជា​​ការ​ចាំបាច់​។​ ទៅ​ថ្ងៃ​អនាគត​កញ្ញា​នឹង​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ជំនាញ​ និង​សមត្ថភាព ដើម្បី​​ចូល​​រួម​​បម្រើ​ប្រទេសជាតិ​។​ ​ ឆរីវណ្ណ បាន​​ផ្តាំ​ផ្ញើ​ទៅ​និស្សិត​ទាំង​អស់​ថា​ បើ​ចង់​បាន​អាហារូបករណ៍​សិក្សា​នៅ​​បរទេស​​ទាំង​អស់​គ្នា​គួរ​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ឱ្យ​កាន់​តែ​ល្អ​ត្បិត​អី​ការ​ប្រកួត​ប្រជែង​អាហារូបករណ៍​ភាគ​ច្រើន​ប្រើ​ភាសា​អង់គ្លេស​​ជា​ត្រី​មុខ​។​ ​ត្រូវ​ Like ​Page ​អាហារូបករណ៍​ និង​ឧស្សាហ៍​ទៅ​មើល​ក្តារ​ខៀន​ព័ត៌មាន​នៅ​នាយកដ្ឋាន​​វប្បធម៌ ​និង​អាហារូបករណ៍​។ បេក្ខជន​គួរ​ រៀប​ចំ​ឯកសារ​ដែល​ជា​ ​Requirement ​របស់ ​Application Form​ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​៕

 

អានអត្ថបទ៖ នៅ​ក្មេង​ហ៊ាន​បើក​អាជីវកម្ម​ទាំង​មិន​ដែល​ប្រឡូក​ដោយ​មិន​ខ្លាច​បរាជ័យ

អានអត្ថបទ៖ បណ្ណាល័យ​​​​ធំ​ៗ​៥​​នៅ​​​ភ្នំពេញ ​​សិស្ស​និស្សិតអាចស្រាវជ្រាវ​​ ខ្ចី​សៀវភៅ​អ្វី​ក៏​មាន ​មិន​បាច់​អស់​ប្រាក់

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី