ជា សត្យា ក្រៅ​ពីចូលរួម​ស្រាវជ្រាវ​រក​ឃើញ​ធ្នូ​បុរាណ​ខ្មែរ តែ​ជា​អ្នក​និពន្ធ​បទ​ភ្លេង​លាក់មុខ

  • 2015-04-22 23:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពីសហការ​ចូលរួម​ស្រាវជ្រាវ​រក​ឃើញ​ធ្នូ​បុរាណ​ខ្មែរដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំជាមួយលោក ទិល ចាន់លីន ​ដែល​​ជា​អ្នក​ស្រាវជ្រាវ​ផ្ទាល់ ការ​ពិត​ លោក ជា សត្យា ក៏​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ពូកែ​ម្នាក់​តាំង​ពី​ឆ្នាំ​ ១៩៩៨ ហើយ​ប្រកប​ដោយ​ឆន្ទៈ​មិន​ចម្លង​ពី​បរទេស​ទៀត​ផង។

 

 

“បទ​របស់​ខ្ញុំ​ភាគ​ច្រើន​ផលិត​ហើយ គឺ​បោះ​ទៅ​ឱ្យ​ផលិតកម្ម​នៅ​ក្រៅ​ស្រុក​ប៉ុណ្ណោះ ទើប​មិន​សូវ​មាន​អ្នក​ស្គាល់"។ ជា សត្យា បញ្ជាក់​មក​កាន់​ Sabay​ រសៀល​នេះ។ លោក​បញ្ជាក់​ថា ដោយ​រវល់​នៅ​ក្នុង​ការងារ​ស្រាវជ្រាវ​ផ្សេងៗ​រួម​ទាំង​ធ្នូ​បុរាណ​ខ្មែរ ដែល​បាត់បង់​ទៅ​ជា​ច្រើន​រយ​ឆ្នាំ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​មាន​អង្គរវត្ត​ជា​ដើម​នោះ ធ្វើ​ឱ្យ​មិន​មាន​ពេល​គ្រប់គ្រាន់​នៅ​ក្នុង​ការ​សរសេរ​ Melody ប៉ុន្មាន​ទេ។

 

​រហូត​មក​ដល់​អ្នក​និពន្ធ​ខាង​លើ ​និពន្ធ​បទ​ភ្លេង​ថ្មី​បាន​ប្រមាណ​ជាង ​១០០ ​បទ ​មកហើយ។ បទ​ចម្រៀង​មួយ​ចំនួន​បាន​ទទួល​ការ​គាំទ្រ​គួរ​កត់​សម្គាល់​ដូច​ជា​ បទ "បើ​សិន​គ្មាន​អូន" និង "កុំ​អាណិត​បង" ច្រៀង​ដោយ Jimmy Kiss។ ក្រៅ​ពី​នេះ​ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន ដែល​មិន​ទាន់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ និង​ ស្ថិត​នៅ​ក្នុង​គម្រោង​ដ៏​ខ្លី​ខាង​មុខ។

 

 

អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា៖ " អ្នក​និពន្ធ​សំខាន់ សរសេរ​ឱ្យ​មាន​លក្ខណៈ​ខ្មែរ និង​ ច្រៀង​មាន​ដង្ហើម​ជា​ខ្មែរ​ផង​ដែរ"។ អ្នក​ស្រាវជ្រាវ​ខាង​លើ​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​បាន​សាច់​ភ្លេង​ដូច្នេះ​ទាល់​តែ​ព្យាយាម​សិក្សា​ពី​មូលដ្ឋាន​ភ្លេង​ខ្មែរ ឬ​បទ​ភ្លេង​ចម្រៀង​ផ្សេងៗ​របស់​អ្នក​និពន្ធ​ជំនាន់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។

 

អ្នក​និពន្ធ​រូប​នេះ​បាន​បញ្ជាក់​ថា កំពុង​រៀបចំ​ផែនការ​ពង្រឹង​ការ​តែង​និពន្ធ​បទ​ភ្លេង​ថ្មី​បន្ថែម​ទៀត ដោយ​សហការ​ជាមួយ​លោក យឹង យ៉ន, Jimmy Kiss និង​ សមាជិក​មួយ​ចំនួន​ទៀត ដើម្បី​ប្រកួត​ប្រជែង ឬ​បង្ហាញ​ចម្រៀង​មាន​លក្ខណៈ​ខ្មែរ ​ទៅ​កាន់​ពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​​ជាសមាជិក​អាស៊ាន ក៏ដូចជា ពិភព​លោក៕

 

អាន​អត្ថបទ៖ ក្រុម​ហ៊ុន​ធំៗ ៣ ប្រាប់​ថា វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​កំពុង​​​រីកចម្រើន

អាន​អត្ថបទ៖ នាយ កុយ បញ្ជាក់​ពី​វត្តមាន​របស់​នាយ ក្រឹម យប់​មិញ

 

បទ៖ បើ​សិន​គ្មាន​អូន

បទ៖ កុំ​អាណិត​បង

អត្ថបទ៖ សំ ជំនាញ