Tao ព្រម​ចាកចេញ​ពី​ក្រុម EXO តាម​បំណង​ឪពុក

  • 2015-04-23 22:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ ឪពុក​របស់​តារា​ចម្រៀង Tao សមាជិក​ក្រុម EXO បាន​ទម្លាយ​​ប្រាប់​សារព័ត៌មាន​ចិន Sina ថា​កូន​ប្រុស​របស់​លោក បាន​យល់​ព្រម​ចាក​ចេញ​ពី​ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ តាម​បំណង​លោក​​ហើយ។

 

 

ឪពុក​របស់​តារា​ចម្រៀងជនជាតិ​​ចិន​រូប​នេះ បាន​បញ្ជាក់​ថា​ហេតុផល​ធំ​បំផុត​ដែល​លោក​ចង់​ឲ្យ​កូន​ប្រុស​ចាក​ចេញ​គឺ ដោយ​សារ​បញ្ហា​សុខភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ "រយៈ​ពេល ៣ឆ្នាំ​បន្ទាប់​ពី​ចូល​ក្រុម​ EXO      Tao បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេង​ៗ​ស្ទើរ​គ្មាន​ពេល​សម្រាក​ ដែល​នាំ​ឲ្យ​សុខភាព​របស់​គេ​ប្រឈម​នឹង​បញ្ហា​​ច្រើន។ ខ្ញុំ​ឈឺចិត្ត​ណាស់​ពេល​ឃើញ​ក្រុមហ៊ុន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​ពេល​កូន​ប្រុស​របស់​ខ្ញុំ​មាន​របួស​ដោយ​សារ​ការ​សម្ដែង​ម្ដង​ៗ"។ ឪពុក​របស់ Tao និយាយ។

 

លោក​បាន​បន្ត​ថា “លើក​មុន​ពេល​ខ្ញុំ​ទៅ​លេង​ប្រទេស​កូរ៉េ និង​ព្យាយាម​នាំ​កូន​មក​ព្យាបាល​នៅ​ចិន​វិញ ក្រុមហ៊ុន​បាន​​ហៅ​ខ្ញុំ​មក​ពិភាក្សា​គ្នា​ពី​អនាគត​របស់ Tao។ នៅ​ពេល​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​គិត​ថា​ពួក​គេ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន​ប្រុស​ខ្ញុំ។ ប៉ុន្តែ​ចុង​បញ្ចប់​គ្រប់​យ៉ាង​មិន​កើតឡើង​ដូច​អ្វី​ដែល​គេ​និយាយ​ទេ។ ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​កូន​ប្រុស​ខ្ញុំ​ត្រូវ​តែ​ចាកចេញ។ វា​ជា​រឿង​ពិបាក និង​ឈឺចាប់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​សម្រេច​ចិត្ត​បែប​នេះ។ Tao ស្រឡាញ់​តន្ត្រី និង​ក្រុម​របស់​គេ​ណាស់។ បើ​ទោះ​ជា​គេ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នៅ​ពេល​ជួប​គ្រោះថ្នាក់ ​របួស​ផ្សេង​ៗ ក៏​គេ​មិន​ដែល​បន្ទោស​ខាង​ក្រុមហ៊ុន​ម្ដង​ណា​ឡើយ។ ទោះ​យ៉ាង​ណា ក្នុង​នាម​ជា​ឪពុក ខ្ញុំ​មិន​អាច​ទ្រាំ​មើល​កូន​ប្រុស ឡើង​សម្ដែង​លើ​ឆាក​ទាំង​មាន​របួស​ត​ទៀត​បាន​ទេ"។

 

កាល​ពី​ម្សិលមិញ​នេះ ឪពុក​របស់ Tao បាន​សរសេរ​សារ​ដ៏​វែង​មួយ​លើ​បណ្ដាញ​សង្គម Weibo របស់​ខ្លួន ដែល​បង្ហាញ​ពី​បំណង​ឲ្យ​កូន​ប្រុស​ចាកចេញ​ពី​ក្រុម EXO និង​ត្រលប់​មក​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​វិញ។ ដោយ​ឡែក​ផលិតកម្ម SM Entertainment បាន​និយាយ​ថា​បច្ចុប្បន្ន​គេ​កំពុង​ព្យាយាម​ពិភាក្សា​ជាមួយ Tao និង​ឪពុក​របស់​គេ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ។

 

ថាតើ Tao នឹង​អាច​ចេញ​ពី​ក្រុម EXO ដូច Kris និង Luhan ដែរ​ឬ​យ៉ាង​ណា សូម​រង់​ចាំ​តាមដាន​ជាមួយ Sabay បន្ត​ទៀត ៕​

 

ចុចអាន៖Kai សមាជិក​​ក្រុម​ EXO​ សុំ​​ក្មេង​​ស្រី​​អាយុ​​ ៧​​ឆ្នាំ​​រៀប​ការ​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo ,allkpop