​Gerrard និង​ Lampard ឈ្នះ​ពាន​កិត្តិយស មុន​ចេញ​​​ទៅ​លីក MLS

  • 2015-04-27 18:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​​២​រូប​ Steven Gerrard និង Frank Lampard ​បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​ PFA Merit កាល​ពី​ម្សិល​មិញ មុន​ពេល​ដែល​កីឡាករ​ទាំង​២​រូប​នេះ ចាក​ចេញ​ពី​ Premier League ​ទៅ​លេង​នៅ​លីក​អាមេរិក Major League Soccer ក្រោយ​ចប់​រដូវ​កាល​នេះ។

 

 

 

 

Gerrard និង​ Lampard គឺជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ "រជ្ជកាល​មាស" ខណៈ​ដែល​អ្នក​ទាំង​​២​នេះ​បង្ហាញ​ខ្លួន​ឲ្យ​អង់គ្លេស​សរុប​រួម​បញ្ចូល​គ្នា ​បាន​ដល់​ទៅ​ ២២០​ប្រកួត។

 

 

​ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool (Gerrard) ​បាន​និយាយ​​​ចំពោះ​ដៃ​គូ​មិត្ត​រួម​ជាតិ​ Lampard ថា៖ "យើង​លេង​រួម​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​យូរ​ណាស់​មក​ហើយ ហើយ​ខ្ញុំ​ពិត​កោត​សរសើរ​ដល់​ Frank ​ខ្លាំង​ណាស់ ចំពោះ​​​ទម្រង់​លេង និង​ភាព​ជោគជ័យ​របស់​គាត់​នៅ​ក្រុម​ Chelsea។ គាត់​ជា​កីឡាករ​​ម្នាក់​លំដាប់​ពិភពលោក។ ខ្ញុំ​រីក​រាយ​ណាស់ ដែល​បាន​ទទួល​រង្វាន់​នេះ ព្រោះ​វា​ជា​សមិទ្ធផល​ដែល​អ្នក​បាន​ធ្វើ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ ហើយ​ខ្ញុំ​ពិត​ជា​ខិត​ខំ​ខ្លាំង​ណាស់​ ទម្រាំ​បាន​មក​ដល់​ថ្ងៃ​នេះ"។

 

 

រីឯ​​អតីត​កីឡាករ​​ក្រុម Chelsea (Lampard) បាន​និយាយ​ថា៖ "ខ្ញុំ​រីក​រាយ​ណាស់ ព្រោះ​វា​​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​ចំណាយ​ពេល​​ជា​ច្រើន​លេង​នៅ​ Premier League ហើយ​ Gerrard ក៏​ដូច​គ្នា។ ខ្ញុំ​គោរព​ដល់​ Gerrard ខ្លាំង​ណាស់ ទោះ​បី​ជា​យើង​ទាំង​២​ប្រកួត​តទល់​គ្នា​ក្រុម​ផ្សេង​គ្នា ពេល​ខ្លះ១ឆ្នាំ​​ប៉ះ​គ្នា​៦​ដង​ក៏​មាន​ បើ​បាន​លេង​ Champions League ប៉ុន្តែ​គាត់​នៅ​តែ​ជា​មិត្តភក្តិ​ដ៏​ល្អ​របស់​ខ្ញុំ ហើយ​យើង​តែង​រីក​រាយ​ជាមួយ​គ្នា​ ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស"។

 

 

យ៉ាង​ណា​ក្តី​ កីឡាករ​ទាំង​២​នេះ នឹង​​ទៅ​លេង​នៅ​លីក​ MLS របស់​អាមេរិក​ ក្នុង​ក្រុម​ផ្សេង​គ្នា និង​​ប្រជែង​គ្នា​ទៀត ខណៈ​ដែល​ Gerrard ​នឹង​បញ្ចប់​អាជីព​១៧​ឆ្នាំ​របស់​ខ្លួន​ជាមួយ Liverpool ផ្ទេរ​ទៅ​កាន់​ក្លិប​ LA Galaxy រីឯ​ Lampard នឹង​បញ្ចប់​កិច្ចសន្យា​ខ្ចីជើង​ជាមួយ​ Manchester City ហើយ​ត្រឡប់​ទៅ​កាន់​ក្លិប​ដែល​ទើប​តែ​បង្កើត​ថ្មី​ New York City FC ​ក្រោយ​ចប់​រដូវ​កាល​នេះ​ដូច​គ្នា៕

 

-ចុចអាន៖ Gerrard ​នឹង​រស់​នៅ​ក្នុង​វិមាន​តម្លៃ​ជិត​​២៥​​លាន​​ដុល្លារ ​នៅ​អាមេរិក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី