​៤ យ៉ាង អ្នក​​តែងតែ​យល់​​​ច្រឡំ​​​ថា​ គេ​ក៏​ស្រលាញ់​យើងដែរ

  • 2015-04-29 15:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ស្នេហា​មាន​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​យល់​ច្រឡំ ដោយសារ​តែ​សកម្មភាព​ផ្សេងៗ និង ​ការ​គិត​ស្មាន​ ទាំង​ដែល​ភាគី​ម្ខាង​ទៀត​អត់​ដឹង​អ្វី​សោះ នេះ​ក៏​ព្រោះ​តែ​គ្រប់​យ៉ាង​អ្នក​ស្រមើល​ស្រមៃ​ម្នាក់​ឯង។

 

ខាង​ក្រោម​នេះ ​Sabay នឹង​បង្ហាញ​​បួន​ចំណុច ដែល​អ្នក​អាច​យល់​ច្រឡំ​លួច​គិត​តែ​ឯង​ពី​ស្នេហា​ថា​ គេ​ស្រលាញ់​អ្នក ៖

 

រូបតំណាង

 

ឲ្យ​តែ​លួច​ស្រលាញ់​គេ ​​គិត​ថា ​គេ​លួច​ស្រលាញ់​ខ្លួន​ឯង​ដែរ

 

"បើ​កំពុង​លួច​ស្រលាញ់​នរណា​ម្នាក់​ហើយ​គិត​ថា​ គេ​ក៏​ស្រលាញ់​អ្នក​ដែរ បែប​នេះ​អ្នក​គិត​ខុស​ហើយ"។ បូ​រ៉ា អាយុ​ ២០ ​ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ និយាយ។ មនុស្ស​ភាគ​ច្រើន​តែង​តែ​មាន​កូន​អារម្មណ៍​គិត​បែប​នេះ​ឲ្យ​តែ​លួច​ស្រលាញ់​គេ គិត​ថា​គេ​លួច​ស្រលាញ់​វិញ​ដែរ​ តែ​តាម​ពិត ​គឺ​គិត​ខុស​តែ​ម្នាក់​ឯង។

 

និស្សិត​សិក្សា​ជំនាញ ច្បាប់ ឆ្នាំ​ទី​ ២ បន្ត​ថា "មិន​ខុស​អី​ពី​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ដែរ លួច​ស្រលាញ់​អ្នក​រៀន​ជាមួយ​គ្នា ហើយ​គិត​ថា​ គេ​ក៏​លួច​ពេញ​ចិត្ត​វិញ​ តែ​តាម​ពិត​ខាង​គេ​អត់​ដឹង​អី​សូម្បី​បន្តិច។ ពួក​ម៉ាក​ខ្ញុំ​ប្រាប់​ថា មក​ពី​ឃើញ​គេ​ធ្វើ​ល្អ​ដាក់​ ហើយ​ទៅ​ណា​មក​ណា​ឲ្យ​តែ​ជួប​ដឹង​តែ​ញញឹម​រក ដល់​តែ​អ៊ីចឹង មិត្ត​ខ្ញុំ​ក៏​តាំង​គិត​ថា​ច្បាស់​ណាស់ ១០០% គេ​កំពុង​លួច​ស្រលាញ់​ដែរ។ ដល់​ពេល​សារភាព​ប្រាប់​គេ ម្នាក់​ស្រី​នោះ​ថា ​គេ​មិន​បាន​ស្រលាញ់​វិញ​ឡើយ ហើយ​អ្វី​ដែល​នារី​នោះ​ធ្វើ គឺ​គេ​ធ្វើ​បែប​នេះ​ដាក់​គ្រប់​គ្នា​​ទេ"។​

 

 

លួច​ស្រលាញ់​គេ​ម្នាក់​ឯង ដល់​​ឃើញ​គេpostអ្វី គឺ​សំដៅ​មក​លើ​ខ្លួន​ទាំង​អស់

  កិត្យា និស្សិត​ជំនាញ IT សាកលវិទ្យាល័យ​មួយ ប្រាប់​ថា អ្នក​លួច​ស្រលាញ់​គេ តែង​គិត​ថា​ គ្រប់​យ៉ាង​អ្វី​ដែល​គេ​បង្ហាញ ឬ​និយាយ​សុទ្ធ​តែ​សំដៅ​មក​លើ​ខ្លួន​ទាំង​អស់។ ដូច​ជា សម័យ​ឥលូវ​គេ​និយម​លេង Facebook ហើយ​ឲ្យ​តែ​ឃើញ​គេ post អី ដឹង​តែ​រើស Status នោះ​យក​ទុក​ខ្លួន​ឯង ហើយ​បើ​គេ post ពី status ស្នេហា​ទៀត គឺ​រំភើប​គិត​តែ​ម្នាក់​ឯង​ថា status នោះ​សំដៅ​មក​លើ​ខ្លួន​ជាក់​ជា​មិន​ខាន។

 

រូបតំណាង

 

​យុវជន​អាយុ ២១ ឆ្នាំ​រូប​នេះ​បន្ត​ថា អ្នក​ដែល​លួច​ស្រលាញ់​គេ ភាគ​ច្រើន​តែង​លួច​ចូល​ទៅ​មើល Profile គេ​ជា​ញឹក​ញយ ហើយ​បើ​ឃើញ Status បែប​ស៊ី​អារម្មណ៍​ដែល​និយាយ​ពី​អត្ថន័យ​ស្នេហា​ទៀត កាន់​តែ​គិត​ថា ​គេ​សំដៅ​មក​លើ​ខ្លួន។ លុះ​ក្រោយ​មក ក៏​ខក​ចិត្ត​ពេល​ឃើញ​គេ​ដាក់ In a relationship ជាមួយ​អ្នក​ផ្សេង បាន​ភ្ញាក់​ខ្លួន​ថា គ្រប់​យ៉ាង​យល់​ច្រឡំ​ខ្លួន​ឯង តាម​ពិត​គេ​សំដៅ​អ្នក​ផ្សេង​សោះ។

 

គ្រាន់​​និយាយ​លេង​ជាមួយ​ច្រើន គិត​ថា ​គេ​កំពុង​លួច​ស្រលាញ់​ហើយ​

 

យុវ​សិស្ស ស៊ុន ណា​រី សិស្ស​ថ្នាក់​ទី​ ១១ វិទ្យាល័យ​ច្បារ​អំពៅ និយាយ​ថា រឿង​មួយ​ទៀត​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​តែង​ច្រឡំ​ គេ​កំពុង​បាក់​ចិត្ត​ស្រលាញ់​គឺ​នៅ​ពេល​ឃើញ​គេ​តែង​ឧស្សាហ៍​មក​និយាយ​លេង​មុន​ ​ឬ​សួរ​សុខ​ទុក្ខ​ពី​នេះ​ពី​នោះ​ ឲ្យ​តែ​ជួប​មុខ​ពេល​ណា​ដឹង​តែ​មាន​រឿង​និយាយ​សួរ​នាំ​រហូត។

 

នាង​បន្ត​ថា​ ៖ "អ្នក​ខ្លះ​ លួច​គិត​ស្រមៃ​ម្នាក់​ឯង​ថា គេ​ប្រហែល​លួច​ចាប់​ចិត្ត​លើ​យើង​ហើយ បាន​ជា​ជួប​ពេល​ណា​សំបូរ​រឿង​សួរ​នាំ​មិន​ឈប់​ដូច្នេះ​នោះ។ ប៉ុន្តែ​តាមពិត​គេ​មិន​បាន​គិត​អ្វី​ក្រៅ​ពី​មិត្តភ័ក្ដិ​ ដោយសារ​វា​អាច​ជា​ស្ទីល​របៀប​ទំនាក់​ទំនង​របស់​គេ​ជាមួយ​មនុស្ស​ជុំ​វិញ​ឬ​អ្នក​ទើប​ស្គាល់​គ្នា​ថ្មី​ៗ ​ក៏​ថា​បាន"។

 

អផ្សុក​ពេក​មិន​ដឹង​ធ្វើ​អ្វី លេង FB ជាមួយ​ច្រើន បែរ​ជា​លង់​គិត​ថា ​គេ​ស្រលាញ់

 

សា​រ៉ា​នី និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ប្រាប់​ថា៖ "ពេល​យើង​លួច​ស្រលាញ់​នរណា​ម្នាក់ មិន​ប្រាកដ​ថា ​គេ​កំពុង​គិត​បែប​នេះ​ដូច​យើង​ឡើយ។ ពេលខ្លះ សកម្មភាព​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល មិន​អាច​បញ្ជាក់​គ្រប់​គ្រាន់​ថា​គេ​លួច​ស្រលាញ់​យើង​វិញ​ឡើយ។ ជួន​កាល វា​អាច​មក​ពី​កត្តា​អ្វី​ផ្សេង ដែល​ជា​មូល​ហេតុ​គេ​មក​ធ្វើ​បែប​នេះ ដែល​យើង​គិត​មិន​ដល់"។

 

អតីត​និស្សិត​រូប​នេះ ថា អ្នក​ខ្លះ​យល់​ច្រឡំ​ការ​ស្រលាញ់​តាម​រយៈ​ចុចlike និង Comment ច្រើន។ ឲ្យ​តែpost អី ដឹង​តែ​ឃើញ​មាន​ឈ្មោះ​គេ​មក​ចុចlike ឬ​ចូល​មក Comment ឆ្លើយ​ឆ្លង​ជាមួយ​មិន​ដែល​ដាច់ ធ្វើ​ឲ្យ​ចិត្ត​សប្បាយ រួច​លួច​គិត​ម្នាក់​ឯង​ថា គេ​ប្រហែល​ចាប់​អារម្មណ៍​មក​លើ​ហើយ បាន​ជា​តាម​ដាន​សឹង​តែ​គ្រប់ status ហើយ like និង Comment មិន​ដែល​ខាន​អ៊ីចឹង តែ​តាម​ពិត​ម្នាក់​នោះ​អាច​ជា​មនុស្ស​អផ្សុក​ញៀន​នឹង​លេង Facebook សោះ​ក៏​ថា​បាន ។

 

សម្រាប់​មិត្ត​យុវវ័យ​វិញ យល់​ថា​នៅ​សល់​ចំណុច​ណា​ទៀត​ដែល​អាច​ជា​ការ​យល់​ច្រឡំ​គិត​ម្នាក់​ឯង​ថា គេ​កំពុង​លួច​ស្រលាញ់​?

 

 

សូមអាន ៧​យ៉ាង​​​ធ្វើ​ឲ្យ​ស្នេហា​ដែល​នៅ​ឆ្ងាយ​គ្នា ​​គង់វង្ស​យូរ​អង្វែង អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី