កាយវិការបង្ហាញថាអ្នកលួចស្រលាញ់គេតែព្យាយាមលាក់
- 2015-05-03 22:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការបង្ហាញថាអ្នកលួចស្រលាញ់គេតែព្យាយាមលាក់
ចន្លោះមិនឃើញ
មានស្នេហាគឺជារឿងធម្មតារបស់មនុស្សទៅហើយ ទោះពេលខ្លះមាត់ខំប្រឹងទប់មិនឲ្យធ្លាយចេញមកក្រៅ តែបេះដូងនៅតែថ្ងូរម្នាក់ឯងថាត្រូវការ។ អារម្មណ៍បែបនេះ អ្នកណាមិនធ្លាប់ជួបប្រទះនោះ។ មនុស្សឲ្យតែពេញវ័យចេះដឹងរៀងច្រើនបន្តិច ក៏ចាប់ផ្ដើមចេះស្គាល់ស្នេហា ខុសគ្នាតែត្រង់ថា អ្នកខ្លះក្លាហានមានសង្សារបណ្ដើរ ឯអ្នកខ្លះទៀតលឹបលៗមិនហ៊ានបង្ហើបការពិតបានត្រឹមកួចចិត្តប្រតិព័ទ្ធម្នាក់ឯង។ យ៉ាងណាមិញ ទោះលាក់យ៉ាងណា ក៏នៅមានកាយវិការមួយចំនួនអាចបង្ហាញចេញមកដែរ។
ខាងក្រោមនេះ គឺជាកាយវិការ ៨យ៉ាង បង្ហាញថាអ្នកកំពុងលួចស្រលាញ់គេ៖
១. មានសុខក៏នឹកដល់គេ កើតទុក្ខក៏នឹកដល់គេ
ពេលចាប់អារម្មណ៍លើនរណាម្នាក់ អ្នកប្រាកដជាចង់ចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយគេ។ ពេលជួបភាពរីករាយ ទទួលបានជោគជ័យនឹកឃើញចង់ប្រាប់ និងចែកស្នាមញញឹមជាមួយគេ។ ពេលកើតទុក្ខនឹកឃើញដល់មនុស្សម្នាក់នោះ ចង់ឲ្យគេនិយាយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត។
២. ធ្វើឫកនៅមុខ តែលួចនឹកក្រោយខ្នង
នៅមុខគេធ្វើឫកណាស់ ធ្វើដូចមិនចង់ឃើញមុខ។ គ្រប់ពេលមិនដែលមានពាក្យល្អ បង្អាប់គេជាប់រហូត មាត់រឹងណាស់តែចិត្តវិញទន់ដូចសំឡី។ ភាគច្រើននិយាយមិនសូវត្រូវជាមួយគេទេ ព្រោះខ្លាចដឹងថាខ្លួនឯងកំពុងលួចស្នេហ៍ ប៉ុន្តែពេលគេចេញផុតពីមុខ បែរជាលួចនឹក ខ្លាចគេខឹង ចង់លួងលោម។
៣. ចាប់ផ្ដើមបារម្ភពីគេ
អារម្មណ៍ពីមុនធ្លាប់គិតតែខ្លួនឯង ពេលនេះបែរជាចែករំលែកដល់អ្នកដទៃ។ ចាប់ផ្ដើមបារម្ភពីគេ ចង់ដឹងសុខទុក្ខគ្រប់ពេលមិនថាទៅណាមកណា។ បើមិនបានដឹង អារម្មណ៍នៅមិនសុខ ចាំទូរសព្ទក្រែងគេផ្ញើសារមកប្រាប់។
៤. មានអារម្មណ៍មិនសុខពេលឃើញអ្នកដទៃនៅក្បែរគេ
ពេលមាននរណានៅក្បែរគេ អារម្មណ៍អ្នកចាប់ផ្ដើមនៅមិនសុខ មិនស្រឡះក្នុងខ្លួន។ កាយវិការធ្វើមិនខ្វល់ហាក់ដូចមិនដឹង តែប្រឹងលួចសំឡឹងចាំមើលគេនិយាយអ្វីខ្លះ ធ្វើអ្វីខ្លះ។ ចង់ទៅក្បែរគេ ហើយនិយាយប្រាប់ថានេះជាមនុស្សដែលខ្លួនស្រលាញ់ តែខំអត់ទ្រាំខាំមាត់សង្កត់ចិត្ត។
៥. ប្រកែកនឹងពាក្យចំអន់ តែចិត្តចង់បាន
ពេលអ្នកដទៃចំអន់ខ្លួនឯងជាមួយគេនោះ មាត់ចេះតែប្រកែក។ ប្រាប់គេឲ្យឈប់និយាយអ៊ីចឹងទៀត ប៉ុន្តែចិត្តនេះចង់ឲ្យគេនិយាយរាល់ថ្ងៃ។ ពេលគេចំអន់ចំមនុស្សបែបនេះ ដូចចាក់ចំបេះដូង មានអារម្មណ៍ថារំភើបខុសពីធម្មតា សប្បាយចិត្តរកអ្វីមកនិយាយមិនបាន។
៦. ពេលនឹកឃើញគេ បែរជាញ៉ាំបាយលែងចូល
សាកគិតមើល៍ មានធ្លាប់ឬអត់? កំពុងតែញ៉ាំបាយសុខៗ ស្រាប់តែស្រមៃឃើញមុខគេ នឹកឃើញពេលធ្លាប់នៅក្បែរ។ ដល់ពេលអ៊ីចឹង អារម្មណ៍ហាក់រំភើបខុសពីធម្មតា បាយមិនទាន់ឆ្អែតផង ក៏មានអារម្មណ៍ថាលែងឃ្លាន ចាប់ផ្ដើមនឹកស្រមៃគិតវែងឆ្ងាយ។
៧. ទៅដើរលេងមិនសូវសប្បាយដូចមុន
កាលពីមុនមានខ្លួនមួយ ទៅណាមកណាម្នាក់ឯង មិនដែលចេះស៊ាំញ៉ាំគិតអ្វីច្រើនទេ ប៉ុន្តែចាប់តាំងពីលង់ចិត្តលើគេមក ចេះតែស្រមៃថាបានទៅជាមួយគេ។ ពេលទៅណាម្នាក់ឯង ភាពឯកាចាប់ផ្ដើមធ្វើទុក្ខនៅមិនសុខ ទាញទូរស័ព្ទមកមើលរូបគេ អារម្មណ៍ក៏ស្លុងទៅតាមនោះដែរ។ ចេះតែស្រមៃថាអាចកាន់ដៃគេដើរលេង ហើយលែងសូវមានអារម្មណ៍ដើរជាមួយមិត្តភ័ក្ដិដូចមុន។
៨. រំលឹកពីអ្នកផ្សេង និងចូលចិត្តឌឺគេ
នៅមុខគេចូលចិត្តរំលឹកពីអ្នកផ្សេងណាស់ ចូលចិត្តឌឺដងនិយាយបង្អាប់។ គេធ្វើអ្វីមិនដែលសរសើរទេ និយាយលើកពីអ្នកផ្សេងមកបញ្ឈឺ។ នេះហើយគឺការលួចស្រលាញ់តែមិនបង្ហើបប្រាប់គេឲ្យបានដឹង ឯចិត្តវិញសរសើរថាគេជាមនុស្សល្អគ្មានទាស់ចន្លោះកន្លែងណាឡើយ។ នរណាក៏មិនអាចឆ្លងផុតពីដំណាក់កាលស្នេហាដែរ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ បើដាក់ចិត្តថាស្រលាញ់គេហើយ ព្យាយាមបន្តិចទៅកុំនៅបង្អង់យូរពេក អាចនាំចិត្តពិបាកឯកាតែឯង។ កុំប្រឹងធ្វើពុតជាមនុស្សចិត្តដែក ព្រោះបានតែសម្បកក្រៅ ចំណែកអ្នករងទុក្ខខ្លាំងគឺបេះដូងឯណោះទេ។
ចុចអាន៖ ៧យ៉ាងបញ្ជាក់ថាមិត្តប្រុសស្រលាញ់អ្នកជាងគេទាំងអស់
ដោយ៖ គង់ វិសាល ប្រភព៖ Likelovequote