Floyd ​ត្រូវ​អតីត​សង្សារ​ប្ដឹងទារ​​លុយ​២០​លាន​ដុល្លារ

  • 2015-05-06 22:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Josie Harris ​​អតីត​សង្សារ​របស់ Floyd Mayweather ​បាន​សើរើ​រឿង​ក្ដី​ដែល​រូប​នាង​ត្រូវ​កំពូល​អ្នក​ប្រដាល់​អាមេរិក​វាយ​ដុំ​កាល​ពី​ឆ្នាំ​២០១០ ហើយ​ការ​រក​រឿង​ជា​ថ្មី​នេះ​ដែរ​ រូប​នាង​ទាមទារ​សំណង​ជា​ប្រាក់​សុទ្ធ​២០​លាន​ដុល្លារ​អាមេរិក។

 

 

 

បើ​គិត​ត្រលប់​ក្រោយ​បន្តិច​​​វិញ Floyd មាន​សង្សារ​ម្នាក់​ឈ្មោះ Josie Harris ហើយ​ពួកគេ​​រស់​នៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​រហូត​បាន​កូន​៣​នាក់។ លុះ​មក​ដល់​ឆ្នាំ​២០១០ ​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ក៏​ដល់​ទី​បញ្ចប់​ បន្ទាប់​ពី​ Floyd ​កើត​រោគ​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក រហូត​ដល់​មាន​ថ្ងៃ​មួយ​រូបគេ​ស្រវឹង​មក​ដល់​ផ្ទះ​វិញ ចាប់ Josie ​បោច​សក់ ដាល់​មុខ​នៅ​ចំពោះ​មុខ​កូន​ៗ​។ គ្រា​នោះ​ហើយ ដែល​នារី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ទ្រាំ​ពុំ​បាន​ក៏​ហៅ​ប៉ូលិស​មក​ចាប់​ Floyd ​ចូល​គុក​តែ​ម្ដង ពី​បទ​ប្រើ​អំពើហិស្សា​លើ​គ្រួសារ​។

 

 

 

ក្រោយ​ពី​នោះ​មក ដោយសារ​តែ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ខាង​លើ​នេះ​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​លោះ​ខ្លួន​ ក៏​រូប​គេ​អាច​ចេញ​ពី​គុក​បាន ប៉ុន្តែ​រឿង​ក្ដី​ជម្លោះ​ក្នុង​គ្រួសារ​នេះ​នៅ​តែ​មិន​ទាន់​កាត់​សេចក្ដី​ឱ្យ​ស្រេច​បាច់​នៅ​ឡើយ​ទេ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ព្រោះ​ខាង​អ្នក​ស្រី Josie ​មិន​សូវ​មាន​ប្រាក់​ត​​តាំង​​ក្ដី។ ខណៈ​ដែល​ពេល​នេះ ក៏​មាន​ដំណឹង​ជា​ថ្មី​មក​ទៀត​ថា ស្រ្ដី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​រូប​នេះ​កំពុង​តែ​ដាក់​ពាក្យ​បណ្ដឹង​ជា​ថ្មី​ដើម្បី​ទទួល​បាន​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក ក្នុង​នាម​ជា​អ្នក​មើល​ថែ​កូន​ទាំង​៣​នាក់។ នេះ​បើ​តាម​​អ្នក​កាសែត​អាមេរិក​ Katie Couric បាន​និយាយ។

 

 

សូម​រំលឹក​ថា ​បច្ចុប្បន្ន​នេះ​ដែរ​អតីត​ប្រពន្ធ​កំពូល​អ្នក​ប្រដាល់​លុយ​ចាយ​មិន​អស់​ខាង​លើ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​គឺ​រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង Las Vegas ​ដែល​មាន​ចម្ងាយ​ដល់​ទៅ​៨០​គីឡូម៉ែត្រ​ឯ​ណោះ ហើយ​កូន​ទាំង​៣​នាក់​ Koraun, Zion and Jirah ក៏​រស់​នៅ​ជាមួយ​អ្នក​ស្រី​ដែរ៕

 

ចុចអាន៖Pacquiao កំពុង​ធ្លាក់​ចូល​ទឹក​ក្ដៅ​ហើយ ព្រោះ​អាច​ជាប់​គុក​៤​ឆ្នាំ​​ផង អ្នក​គាំទ្រ​ប្ដឹង​ផង

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ eonline