​តួឯក​ក្នុង​វីដេអូ​គ្លីប​​ផ្ទុះ​សំណើច​​ពេញ​បណ្តាញ​សង្គម​ ហាន​ គីមហាំ​ ​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​?

  • 2014-10-09 23:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មិន​​តិច​ទេ ​​បាន​​​​​​ផ្ទុះ​សំណើច​​ និង​កោត​សរសេើ​​គ្រប់​ៗ​​​គ្នា​ ពី​​​​ភាព​​ក្លាហាន​​​​​របស់​យុវជន​ម្នាក់ ​ហ៊ាន​​​ឡើង​និយាយ​​​​ចំណាប់​អារម្មណ៍​​ផ្ទាល់​ខ្លួន​​ ​​និង​ទស្សនៈ​​កែ​លម្អ​រមួយ​ចំនួន​ ក្នុង​នាម​អ្នក​សង្កេត​ការណ៍​ ស្ម័គ្រ​ចិត្ត​​ប្រលង​សញ្ញាបត្របាក់​ឌុប ​​លើក​ទី​១​ ​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង ​ឯកឧត្តម​​ទេសរដ្ឋមន្រ្តី​​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​ រួម​ទាំង​សិស្ស​និស្សិត និង​បញ្ញាវន​​​ជា​ច្រើន​​នាក់​។ ​ថ្វី​មាត់​​ និង​របៀប​នៃ​ការ​និយាយ​ នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​​​ដាក់​ងារ​​ជា​​​រដ្ឋមន្រ្តី​វ័យ​ក្មេង​។​ ចង់​ដឹង​យុវជន​​រូប​នេះ​​​​ឈ្មោះ​អ្វី​ ? ​ការ​សិក្សា​ និង​មាន​ស្រុក​កំណើត​នៅ​ឯណា?  ​​Sabay​ ​បាន​​​ធ្វើ​បទ​​សម្ភាស​​ជាមួយ​ នឹង​យុវជន​រូប​នេះ​ដូច​តទៅ​៖​

 

 

Sabay ៖​ តើ​អាច​ជម្រាប​​ឈ្មោះ​ និង​​ជីវប្រវត្តិ​​​ផ្ទាល់​ខ្លួន​​ដល់​មិត្ត​អ្នក​អាន​បាន​ទេ? ​​​​

ហាន​ គីម​ហាំ ៖ បាទ​! ខ្ញុំ​ឈ្មោះ​​ ហាន​ គីម​ហាំ ​អាយុ ​១៨ ឆ្នាំ​។​ មាន​ស្រុក​​កំណើត​ នៅ​​ភូមិ​កែវ​ស្នា​ ឃុំព្រៃ​ឃ្នេស​ ស្រុក​មេសាង​ ខេត្ត​ព្រៃ​វែង​។​ ខ្ញុំ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៤ នាក់​។ ចំណែក​ឪពុក​ម្តាយ​ ជា​កសិករ​។ ប៉ុន្តែ​តាំង​ពី​តូច​​មក​​គាត់​តែង​ជម្រុញ​កូន​​ឲ្យ​សិក្សា​ជា​និច្ច​។

 

Sabay ៖​ តើ​ គីម​ហាំ ​​ប្រលង​បាក់​ឌុប​នៅ​ឆ្នាំ​ណា​ និង​មាន​ប្រវត្តិ​សិក្សា​យ៉ាង​​ណា​ដែរ?

 

ហាន​ គីម​ហាំ ៖ បាទ​!​ ខ្ញុំ​ប្រលង​បាក់​ឌុប​​កាល​ពី​ឆ្នាំ​២០១៣​ ទទួល​បាន​និទ្ទេស​ B  លំដាប់​ពិន្ទុ​៩៨​។ ខ្ញុំ​ជា​អតីត​សិស្ស​ពូកែ​​ខ្មែរ​ថ្នាក់​ទី​៩ និង​ជា​អតីត​សិស្ស​​ពូកែ​ខ្មែរ​ថ្នាក់​ទី​​១២​ ទូទាំង​ខេត្ត​ព្រៃ​វែង​​។ បច្ចុប្បន្ន​ខ្ញុំ​ជា​និស្សិត​អាហារូបករណ៍​​ នៅ​សាកលវិទ្យាល័យ​​​ភូមិន្ទ​និត្តិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ឆ្នាំ​ទី​​២​ ជំនាញ​រដ្ឋបាល​សាធារណៈ​។ ខ្ញុំ​ស្នាក់​នៅ​​​អង្គការ​​គ្រិស្ត​បរិស័ទ​​មួយ ​មាន​ទីតាំង​ស្ថិត​​នៅ​បឹង​ទំពុន​ ដោយ​អង្គការ​​​បាន​​​​ផ្តល់​​កន្លែង​ស្នាក់​នៅ​ និង​​រ៉ាប់​រង​លើ​ការ​ហូប​ចុក​​​។

 

Sabay ៖​ ក្នុង​នាម​យុវជន​ម្នាក់​តើ​ គីម​ហាំ​ ​ធ្លាប់​ចូល​រួម​​ការងារ​សង្គម​អ្វី​ខ្លះ​?

 

គីម​​ហាំ​៖ ខ្ញុំ​ធ្លាប់​​ចូល​រួម​ជា​យុវជន​ស្ម័ក្រ​ចិត្ត​សង្កេតការណ៍​​ប្រលង​បាក់​ឌុប​​លើក​ទី​១ កន្លង​មក​ ដែល​ខ្ញុំ​គិត​ថា​នេះ ​គឺ​ជា​ជោគ​ជ័យ​ ​ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ហើយ​លើក​​ទី​​២​នេះ​ ខ្ញុំ​ក៏​បាន​ចូល​រួម​សង្កេត​ការណ៍​​ផង​ដែរ​។ កាល​នៅ​វិទ្យាល័យ​ខ្ញុំ​ជា​​សមាជិក​​ម្នាក់​​នៅ​​សមាគម​កាយ​រិទ្ធិ​​កម្ពុជា និង​ជា​សមាជិក​គាំទ្រ​​ចូល​រួម​​វិភាគ​​ទាន​​ ថវិកា​តិច​តួច​ដល់​​កាក​បាត​ក្រហម​កម្ពុជា​​​​។ ម្យ៉ាង​ខ្ញុំ​គិត​ថា​​ កាក​បាទ​ក្រហម​កម្ពុជា​គឺ​ជា​ស្ថាប័ន​មនុស្ស​​ធម៌មួយ​​ជួយ​ដល់​ជន​ក្រី​ក្រ​ គ្រោះ​ទឹក​ជំនន់​ គ្រោះ​អគ្គីភ័យ​ អញ្ចឹង​​​ទោះ​តិច​ក្តី​ច្រើន​​​គឺ​ជា​ការ​រួម​​ចំណែក​មួយ​ជួយ​ដល់​សង្គម​។

 

​​Sabay ៖​ តើ​ការ​ផ្លាស់​​មក​សិក្សា​នៅ​ភ្នំពេញ​ជួប​ការ​លំបាក​ និង​​ភាព​ងាយ​ស្រួល​យ៉ាង​ណា​ដែរ?

 

គីម​​ហាំ​៖ ​ការ​​សិក្សា ​នៅ​រាជ​ធានី​ភ្នំពេញ​ គឺ​ត្រូវ​​ចំណាយ​ច្រើន​ ក្នុង​នោះ​មាន​ការ​ហូប​ចុក​ និង​សម្ភារៈ​សិក្សា​​ជា​ដើម​។ ​​ខ្ញុំ​ត្រេក​អរ​ ដែល​​អង្គការ​គ្រឹះ​បរិស័ទ​​បាន​ជួយ​ខ្ញុំ​​ មួយ​ចំណែក​​ធំ​ ​ ​មាន​ការ​ហូប​ចុក​ ស្នាក់​នៅ​ ​និង​​ការ​ព្យាបាល​ប្រសិន​​បើ​​ខ្ញុំ​មាន​ជំងឺ​ល្មម​ៗ។ ដូច្នេះ​ខ្ញុំ​គិត​ថា​ ​វត្ត​មាន​​របស់​អង្គការ​គ្រឹះ​បរិស័ទ​ ពិត​​ជា​​ដើរ​តួនាទី​​សំខាន់​​ណាស់​ ក្នុង​ការ​ជួយ​ដល់​និស្សិត​​ក្រី​ក្រី​​ខ្មែរ​ជា​ច្រើន​។ រៀន​ដល់​​ឆ្នាំ​ទី​២​ ហើយ​ ខ្ញុំ​មិន​ទាន់​មាន​​កុំ​ព្យូទ័រ​ប្រើ​ហ្នឹង​​គេ​ទេ​។ ​ចំណែក​​មធ្យោបាយ​​​ធ្វើ​ដំណើរ​គឺ​​ជិះ​កង់​។ ​​​ ​

 

Sabay ៖​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ​ជា​ច្រើន​​បាន​កោត​សរសើរ​​​​ ចំពោះ​ភាព​​ក្លាហាន​ របស់ ​​គីម​​ហាំ​ ក្នុង​​នាម​យុវជន​ម្នាក់​ហាន​លើក​​ឡើង​ពី​បញ្ហា​ប្រឈម​ និង​មតិ​​រិះ​គន់​ ក្នុង​ន័យ​កែ​លម្អ នៅ​​ចំពោះ​មុខ ​ឯកឧត្តម​​រដ្ឋមន្រ្តី​អប់រំ​ និង​​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​។ ជា​ថ្មី​ម្តង​ទៀត​​ តើ​​​ ​​គីម​​ហាំ គិត​ថា​ចំណុច​​​​លើក​ឡើង​​មាន​ភាព​ចាំ​បាច់​យ៉ាង​ណា?​​

 

គីម​​ហាំ៖ ខ្ញុំ​គិត​​ថា​​ចំណុច​ ដែល​​បាន​​លើក​ឡើង​​គឺ​មាន​សារៈ​សំខាន់​បំផុត​ ព្រោះ​ការ​​កែ​ទម្រង់​​មិន​មែន​ធ្វើ​តែ​ត្រឹម​កម្រិត​មធ្យម​សិក្សា​​នោះ​​ទេ​។ យើង​ត្រូវ​តែ​ធ្វើ​តាំង​ពី​ថ្នាក់​ក្រោម​ រហូត​ដល់​ថ្នាក់​ឧត្តម​​សិក្សា​ ទើប​ទទួល​​បាន​ជោគជ័យ​​ខ្ពស់​។​ ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ខ្ពស់​ យើង​ក៏​ត្រូវ​គិត​គួរ​ដល់​ប្រាក់​បៀវត្ស៍របស់​គ្រូ​បង្រៀន​​ឲ្យ​គាត់​រស់​នៅ​ ក្នុង​​ជីវភាព​​មួយ​សមរម្យ ​ព្រម​​ទាំង​​មាន​ការ​ចូល​​រួម​ជម្រុញ​ពី​ផ្នែក​ពាក់​ព័ន្ធ​ ក្នុង​​កំណែ​ទម្រង់​នេះ​ផង​ដែរ។ ​

 

Sabay ៖​ ​​ជា​យុវជន​ម្នាក់​រស់​នៅ​ទី​ជន​​បទ​ដាច់​ស្រយាល​ និង​គ្រួសារ​លំបាកខ្លាំង តើ​​កត្តា​អ្វី​ខ្លះ​ ដែល​នាំ​​ គីម​​ហាំ ​ជន្នះ​ការ​​លំបាក​ទាំង​នេះ​ ហើយ​ ​តស៊ូ​មក​បន្ត​ការ​សិក្សា​​​នៅ​រាជ​ធានី​ភ្នំពេញ​?

 

​​គីម​​ហាំ៖​ ដូច​សុភាសិត​ខ្មែរ​មួយ​ឃ្លា​​មួយ​​បាន​លើក​ឡើង​ថា​ "ល្ងង់​នាំ​ឲ្យ​ក្រ​ តែ​ក្រ​នាំ​ឲ្យ​ល្ងង់​ជា​ការ​មិន​ពិត​” ​អញ្ចឹង​ខ្ញុំ​ក្រ​មែន​ពិត​ ប៉ុន្តែ​​ខ្ញុំ​ជម្នះ​ ខិត​ខំ​ប្រឹង​ប្រែ​រៀន​សូត្រ​តាំង​ពី​បឋម​សិក្សា​រហូត​​មក​ដល់​ពេល​​នេះ ដោយ​មាន​ឪពុក​ម្តាយ​​ខ្ញុំ​ជម្រុញ​​រហូត​​។ ទោះ​បី​ខ្ញុំ​ក្រ​ ខ្ញុំ​មិន​ដែល​នឹក​ថា​ ធ្វើ​អ្វី​មិន​​មាន​ប្រយោជន៍​ដល់​ខ្លួន​ និង​សង្គម​​​នោះ​ទេ​។ ខ្ញុំ​តែង​គិត​ថា​ ខ្លួន​ឯង​គឺជា​សរសេរ​​ទ្រូង​សម្រាប់​​​គ្រួសារ​ និង​សង្គម​ ព្រោះ​ពេល​រៀន​ចប់​​​​មាន​ការងារ​ធ្វើ​ ខ្ញុំ​​ត្រូវ​​ជួយ​ដល់​ប្អូន​​ៗ​ខ្ញុំ​ច្រើន​នាក់​ទៀត​​។​ ពេល​មក​ភ្នំពេញ​ដំបូង ​ខ្ញុំ​​យំ​នឹក​ផ្ទះ​​មែន​​ទែន​ ​ជា​ពិសេស​ពេល​​មេឃ​ភ្លៀង​ និង​ពេល​​មេឃ​ក្តៅ​​​ខ្លាំង​។​ ​​សព្វ​ថ្ងៃ​នេះ​​ក៏​អញ្ចឹង ​​ខ្ញុំ​នៅ​តែ​យំ​​​​នឹក​ស្រណោះ​​ឪពុក​ម្តាយ​ ដែល​សុខចិត្ត​​​ស៊ូ​ទ្រាំ​ និង​កម្តៅ​ថ្ងៃ​ និង​ទឹក​​ភ្លៀង​ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​បាន​អង្គុយ​ ក្នុង​ថ្នាក់​រៀន​។

 

Sabay ៖​ ក្រោយ​ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ តើ​ គីម​​ហាំ​ មាន​បំណង​បន្ត​ការ​សិក្សា​ ឬ​ធ្វើ​ការងារ​នៅ​ផ្នែក​​​ណា​ដែរ? ​

គីម​​ហាំ៖​ ក្រោយ​ចប់​ការ​សិក្សា​ ខ្ញុំ​មាន​បំណង​​​ធ្វើ​ការងារ​ផ្នែក​​សាធារណៈ​ ​គឺ​មន្រ្តី​រាជ​ការ​ នៅ​ក្រសួង​ ឬ​ស្ថាប័ន​សាធារណៈ​ ក្នុង​ទិសដៅ​​​យ៉ាង​​ណា​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​ជួយ​​គេ​ អ្វី​ដែល​ខ្ញុំ​អាច​​ជួយ​បាន​ ខ្ញុំ​នឹង​ខិត​ខំ​ដើម្បី​បង​ប្អូន​ខ្ញុំ​ និង​សម្រាប់​សង្គម​ជាតិ​ខ្ញុំ​។​​ ជាក់​ស្តែង​ដូច​​ពេល​​ដែល​ខ្ញុំ​ ចូល​រួម​​​ជា​បុគ្គលិក​​ស្ម័គ្រ​ចិត្ត​សង្កេត​ការណ៍​ប្រលង​បាក់​ឌុប ខ្ញុំ​បាន​​ប្រាប់​ឯកឧត្តម​​ ទេសរដ្ឋមន្រ្តី​ រួច​ហើយ​​ថា​ កម្លាំង​ខ្ញុំ ពេល​​វេលា​ខ្ញុំ​ លុយ​ខ្ញុំ​ គឺ​ដើម្បី​សង្គម​ជាតិ​របស់​ខ្ញុំ​។ ហើយ​ត​ទៅ​​​មុខ​បើ​មាន​ឱកាស​ ខ្ញុំ​ចង់​​ក្លាយ​ជា​តំណាង​រាស្រ្ត​ ​ព្រោះ​ថា​ តំណាង​រាស្រ្ត​ គឺ​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទាំង​មណ្ឌល​ មិន​មែន​​តែ​តំណាង​ប្រជាពលរដ្ឋ​ តែ​​​ក្នុង​មណ្ឌល​នោះ​ទេ។ ​ខ្ញុំ​នឹង​អាច​បម្រើ​​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​​ឡើង​។ ខ្ញុំ​មាន​គំនិត​នេះ​តាំង​ពី​តូច​មក​ម្ល៉េះ​។

 

Sabay ៖​ ​​អ្វី​ដែល គីម​​ហាំ ចង់​ផ្តាំ​ទៅ​យុវជន​?​

 

គីម​​ហាំ៖​ ​យុវជន​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​​សូត្រ​ អ្វី​ដែល​យើង​​អាច​ធ្វើ​បាន​​សម្រាប់​សង្គម​ ក្នុង​នាម​យុវជន​គួរ​តែ​ធ្វើ​៕ ​​​​​​ https://www.youtube.com/watch?v=Er2jeFLTO4I

អានអត្ថបទ៖ យុវតី​ខ្មែរ​រៀន​សុទ្ធ​តែ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ថៃ ​រំពៃ​ចង់​បាន​ការងារ​នៅ​ទី​នោះ​ទៀត! ចុច​ត្រង់​នេះ

អត្ថបទ៖មៃ សុខលីម

​​ ​

អត្ថបទពេញនិយម