ប្រធានាធិបតី​ឈីលី​ប្រាប់​រដ្ឋមន្ត្រី​ទាំង​អស់​ឲ្យ​​លាលែង​ពី​តំណែង​ព្រោះរឿង​អាស្រូវ​ច្រើន

  • 2015-05-07 22:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ប្រធានាធិបតី​របស់​ប្រទេស​ឈីលី លោក​ស្រី Michelle Bachelet បាន​ប្រាប់​រដ្ឋមន្ត្រី​ទាំង​អស់​​ឲ្យ​លាលែង​ពី​តំណែង ព្រម​ទាំង​បញ្ជាក់​ថា​លោក​ស្រី​នឹង​រើស​គណៈរដ្ឋមន្ត្រី​ថ្មី​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​រឿង​អាស្រូវ​លេច​ឮ​ឡើង​ក្នុង​ជួរ​រដ្ឋាភិបាល។

 

 

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Canal 13 លោក​ស្រី Bachelet បា​និយាយ​ថា ការ​ផ្លាស់​ប្ដូរ​ត្រូវ​តែ​ធ្វើ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​កំណែ​ទម្រង់​នានា។ "កាល​ពី​ប៉ុន្មាន​ម៉ោង​មុន ខ្ញុំ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ទាំង​អស់​លាលែង​ពី​តំណែង... ហើយ​ខ្ញុំ​នឹង​ប្រើ​ពេល ៧២​ម៉ោង ដើម្បី​សម្រេច​ថា​នរណា​អាច​នៅ​បន្ត នរណា​ត្រូវ​ទៅ។ នេះ​គឺ​ជា​ពេល​វេលា​ផ្លាស់​ប្ដូរ​គណៈ​រដ្ឋមន្ត្រី"។ លោក​ស្រី Bachelet ​ប្រធានាធិបតី​ឈីលី​និយាយ។ ​​

 

នា​ពេល​ថ្មីៗ​នេះ ប្រជាប្រិយភាព​របស់​លោក​ស្រី Bachelet បាន​ធ្លាក់​ចុះ​ជា​លំដាប់ ក្រោយ​មាន​រឿង​អាស្រូវ​នយោបាយ​កើត​ឡើង​បន្ត​បន្ទាប់។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ កូន​ប្រុស​របស់​ប្រធានាធិបតី​ស្រី​រូប​នេះ បាន​លាលែង​ពី​តំណែង​ប្រធាន​អង្គការ​សប្បុរសធម៌​របស់​រដ្ឋាភិបាល បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​ប្រើ​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

 

លោក Sebastian Davalos ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ស្រី Bachelet ត្រូវ​បាន​គណៈ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា ប្រើ​អំណាច​ផ្ទាល់​ខ្លួន​ដើម្បី​ខ្ចី​លុយ​ធនាគារ ១០​លាន​ដុល្លារ​ឲ្យ​ប្រពន្ធ។ ក្រុមហ៊ុន​របស់​ប្រពន្ធ​លោក Sebastian បាន​ប្រើ​ប្រាស់​លុយ​នេះ ទៅ​ទិញ​ដី​ឡូត៍​ជ​ច្រើន​កន្លែង នៅ​ភាគ​កណ្ដាល​ប្រទេស​ឈីលី រួច​លក់​ទៅ​វិញ​រក​ប្រាក់​ចំណេញ​ដាក់​ហោប៉ៅ។

 

បើ​ទោះ​បី​និយតករ​ធនាគារ​ជាតិ​ឈីលី បាន​ជម្រះ​ជាមួយ​កំហុស​របស់​លោក Sebastian រួច​ទៅ​ហើយ​ក្ដី ក៏​បញ្ហា​នេះ​បាន​ក្លាយ​ទៅ​ជា​រឿង​អាស្រូវ​មួយ រហូត​ប៉ះ​ពាល់​ដល់​ប្រជាប្រិយភាព​របស់​លោក​ស្រី Bachelet ដែល​ត្រូវ​ជា​ម្ដាយ និង​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង៕

 

ចុចអាន៖ ទិដ្ឋភាព​ភ្នំភ្លើង​ផ្ទុះ​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​ប្រទេស​ឈីលី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ businessinsider