មាន់​ជល់ ៣ក្បាល​លក់​បាន​​ជាង ៧ម៉ឺន​ដុល្លារ​នៅ​ថៃ

  • 2015-05-07 23:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ម៉ៅការ​សាង​សង់​អគារ​ម្នាក់​ក្នុង​ប្រទេស​ថៃ បាន​ជះ​លុយ ២,៥​លាន​បាត (ប្រហែល៧៤៤០៣​​ដុល្លារ) ទិញ​មាន់​ជល់​បី​ក្បាល ពី​កសិដ្ឋាន​មួយ​នៅ​ខេត្ត Roi Et ដែល​ជា​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ​នេះ។

 

​​​ បើ​តាម​សារព័ត៌មាន Bangkok Post បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ បុរស​វ័យ ៤២​ឆ្នាំ​ឈ្មោះ Payungsak Saengchan រស់នៅ​ខេត្ត Nonthaburi បាន​ចំណាយ​លុយ ២,៥​លាន​បាត ទិញ​មាន់​ជល់​បី​ក្បាល​ពី​កសិដ្ឋាន Kittisak ស្រុក Muang ខេត្តRoi Et។ មាន់​ជល់​នីមួយៗ មាន​អាយុ ២​ឆ្នាំ ហើយ​មាន់​ឈ្មោះ Vanorn បាន​ប្រកួត​ឈ្នះ ៨ដង មាន់​ឈ្មោះ Chao Mafueng បាន​ប្រកួត​ឈ្នះ​ជាប់​គ្នា ៣ដង និង​មាន់​មួយ​ទៀត​ឈ្មោះ Chao Si Nor។

 

ម្ចាស់​កសិដ្ឋាន​ឈ្មោះ Kittisak Chanthong បាន​កំណត់​ថ្លៃ​មាន់​របស់​ខ្លួន​ទាំង​បី​ក្បាល​ក្នុង​តម្លៃ​កប់​ពពក ដោយ​ក្នុង​មួយ​ក្បាល​មាន​តម្លៃ ១​លាន​បាត។ ក្រោយ​មក​បុរស​វ័យ ៣៦​ឆ្នាំ​នេះ បាន​យល់​ព្រម​លក់​មាន់​ទាំង​បី​ក្បាល​របស់​ខ្លួន​ទៅ​ឲ្យ​លោក Payungsak ក្នុង​តម្លៃ ២,៥​លាន​បាត។

 

លោក Payungsak បាន​និយាយ​ថា ខ្លួន​ធ្វើ​ដំណើរ​​ទៅ​ដល់​កសិដ្ឋាន បន្ទាប់​ពី​ឮ​ដំណឹង​មាន​ពូជ​មាន់​ជល់​​ល្អ។ លោក​ចង់​បាន​មាន់​ទាំង​បី​នេះ ដើម្បី​បង្កាត់​ពូជ​នៅ​ឯ​កសិដ្ឋាន​របស់​ខ្លួន​ក្នុង​ខេត្ត Nonthaburi។ បន្ទាប់​មក លោក​នឹង​លក់​កូន​មាន់​ដែល​មាន​អាយុ ២ ទៅ ៣​ខែ ក្នុង​តម្លៃ​ពី ២៥០០ ទៅ ៥០០០​បាត​ក្នុង​មួយ​គូ។

 

លោក Kittisak ដែល​ជា​ម្ចាស់​កសិដ្ឋាន បាន​និយាយ​ថា មាន​ទាំង​បី​នេះ បង្កាត់​ពូជ​មក​ពី​មាន់​ជល់​ម្ចាស់​ជើង​ឯក Chao Kheng Khao ដែល​លក់​បាន​តម្លៃ ១ ០៥៩ ៩៩០​បាត កាល​ពី​ឆ្នាំ​២០០៨។ សព្វថ្ងៃ​នេះ កសិដ្ឋាន​របស់​លោក​មាន​មាន់​ជល់​ជាង ២០០០​ក្បាល៕

 

ចុចអាន៖ សេះ​៥​ក្បាល​មហា​ថ្លៃ​​ មួយ​ៗ​តម្លៃ​អាច​ទិញឡាន Lamborghini រាប់​សិប​គ្រឿង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bangkokpost