អៃយ៉ា! ​មាន​អ្នក​ប្រជែង​ធ្វើ​ប្រធាន​ FIFA ​ជាមួយ​ Blatter ​ហើយ​តើ!

  • 2014-09-16 16:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​បារាំង​ Jerome Champagne ​បាន​ចេញ​មុខ​បញ្ជាក់​ថា​លោក​គ្រោង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រជែង​លោក Sepp Blatter ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA អាណត្តិ​​ថ្មី​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​មហាសន្និបាត​ FIFA ​នា​ខែ​មិថុនា​ឆ្នាំ​២០១៥។ ​ការ​បញ្ជាក់​នេះ​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​ពី​មេ​ធំ​ FIFA បច្ចុប្បន្ន​លោក​ Blatter ​ប្រកាស​ពី​បំណង​កាន់​តំណែង​ជា​លើក​ទី​៥​របស់​ខ្លួន។​

អតីត​ឯក​អគ្គរដ្ឋទូត​បារាំង​វ័យ​៥៦​ឆ្នាំ​លោក​ Champagne ​ដែល​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រី​ប្រតិបត្តិ​ម្នាក់​របស់​ FIFA ​​ពី​ឆ្នាំ​១៩៩៩​ដល់​២០១០​ ​និយាយ​ថា​៖ “ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​បោះឆ្នោត​របស់​ FIFA ​ដើម្បី​បញ្ជាក់​ពី​បំណង​របស់​ខ្ញុំ​ក្នុង​ការ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​ប្រធាន​ FIFA។ យើង​ត្រូវ​តែ​គិត​ឱ្យ​ច្បាស់​ថា​តើ​យើង​ចង់​បន្ត​ឱ្យ​មាន​ការ​បែកខ្ញែក​ផ្នែក​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​​ដែល​បណ្ដាល​ឱ្យ​កើត​អតុល្យភាព​កីឡា​ជា​បន្ត​ទៀត​ ឬ​​​សម្រួច​ឆន្ទៈ​ជួយ​ឱ្យ​ការ​ប្រកួត​មាន​តុល្យភាព​ឡើង​វិញ​ក្នុង​សកលភាវូបនីយកម្ម​សតវត្ស​ទី​២១​របស់​យើង​នេះ? ​១០​ឆ្នាំ​ខាង​មុខ​គឺ​ជា​រយៈ​ពេល​ដ៏​សំខាន់​ចំពោះ​បាល់ទាត់ ជា​ពិសេស​គឺ​សម្រាប់ FIFA តែ​ម្ដង ដែល​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក​ ហើយ​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​ចាំបាច់”។

លោក Blatter ជនជាតិ​ស្វីស​​ដែល​បច្ចុប្បន្ន​​​មាន​វ័យ​៧៨​ឆ្នាំ​​ កាន់​តំណែង​ជា​ប្រធាន​ FIFA ​៤​អាណត្តិ​រួច​មក​ហើយ​ គឺ​ជាប់​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៨, ២០០២, ២០០៧ ​និង​២០១១៕

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់ ប្រភព​៖ bbc
អត្ថបទថ្មី