២​នាក់​ស្លាប់ ក្នុង​ករណី​បាញ់​បោះ​នៅ​ជំរំ​ទ័ព Psy កំពុង​ហ្វឹកហាត់

  • 2015-05-14 16:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​បាញ់​បោះ​មួយ​បាន​កើត​ឡើង នៅ​ជំរំ​​ទ័ព​កូរ៉េខាងត្បូង ជា​កន្លែង​ដែល​​​តារា​ចម្រៀង Psy, Jang Soo Won និង​តារា​សម្ដែង Jung Suk Won កំពុង​ហ្វឹកហាត់ បណ្ដាល​ឱ្យ​​មនុស្ស​ពីរ​នាក់​ស្លាប់។

 

 

យោង​តាម​សារព័ត៌មាន​ Joongang Daily បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​​ថ្ងៃទី១៣ ឧសភា ម្សិលមិញ នៅ​ជំរំ​ហ្វឹកហាត់ទ័ព Naegok-dong ក្នុង​ស្រុក​ Seocho ទីក្រុង​សេអ៊ូល។

 

ចំណែក​សារព័ត៌មាន​ Yonhap News បាន​ស្រង់​សម្ដី​របស់​យោធា​ម្នាក់​ថា៖ ​"ទាហាន​បម្រុង​បង្កហេតុ បាន​បាញ់​សំដៅ​លើ​មិត្ត​របស់​ខ្លួន (ទាហាន) នៅ​​ជំរំ Naegok-dong ភាគ​ខាងត្បូង​ ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ម៉ោង​ប្រហែល ១០:​៤៤​នាទី​ព្រឹក"។

 

ជនសង្ស័យ​មាន​វ័យ​២៣​ឆ្នាំ ឈ្មោះ Choi ដែល​ដំបូង​ឡើយ​​រូបគេបាញ់​​ចំ​គោលដៅ​ហ្វឹកហាត់​ចំនួន​១០គ្រាប់។ បន្ទាប់​មក​ដោយ​គ្មាន​ការព្រមាន ទាហាន​រូប​នោះ បាន​បង្វែរ​កាំភ្លើង K-2 បាញ់​សំដៅ​លើ​គ្នា​របស់​ខ្លួន កំពុង​ឈរ​ជាជួរ​នៅ​ពីក្រោយ។

 

បុរស​រូប​នេះ បាន​សម្លាប់​ទាហាន​ពីរ​នាក់ និង​យ៉ាង​ហោច​ណាស់​មនុស្ស​បី​ទៀត​រង​របួស។ ប្រភព​បញ្ជាក់​ថា ទាហាន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង ខណៈមួយ​​រូប​ទៀត​ ស្លាប់​តាម​ផ្លូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នករបួស ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាហាន​នៅ​ទីក្រុង​សេអ៊ូល។ យ៉ាងណាមិញ ក្រោយ​កើតហេតុ ជនសង្ស័យ​ក៏​​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

 

ទោះបីជា​យ៉ាងណា តារា​បី​រូប​ខាងលើ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល តែ​ពួកគេ​មាន​សុវត្ថិភាព​ទេ ដោយ​ក្នុង​ថ្ងៃ​នោះ​មាន​អ្នកខ្លះ​ចេញ​មុន។ គួរ​បញ្ជាក់​ថា ​​បុរស​កូរ៉េ​ខាង​ត្បូង​ទាំង​អស់ ដែល​មាន​អាយុ​ចន្លោះ​១៨ និង​៣៥​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​បម្រើ​យោធា​ រយៈពេល​ពីរ​ឆ្នាំ៕

 

មក​ដល់​ឆ្នាំ​នេះ “Gangnam Style” មាន​អ្នក​​មើល​​​២,២​ពាន់​លាន​ដង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ kdramastars