ពិការ​ម្យ៉ាង​ ដែល​កើត​មាន​លើ​កុមារ​កម្ពុជា អាច​ព្យាបាល​បាន​

  • 2015-05-14 20:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិការភាព​ម្យ៉ាង​ ដែល​ពុំ​សូវ​មាន​គេ​ចាប់​អារម្មណ៍​ បាន​កើត​ឡើង​ចំពោះ​កុមារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ថ្មី​ៗ​នេះ​ អ្នក​ធ្វើ​ការ​ផ្នែក​អភិវឌ្ឍ​សមត្ថភាព​ជន​ពិការ​បាន​ប៉ាន​ស្មាន​ថា ​ប្រជាជន​ខ្មែរ​ប្រហែល​៦០​ម៉ឺន​នាក់​មាន​បញ្ហា​ពិការភាព​ម្យ៉ាង​ នោះ​គឺ​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​បែប​ “Speech Therapy”​ ឬ​ “ការ​ព្យាបាល​ពិការ​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ”​ ក្នុង​ប្រទេស​កម្ពុជា។

 

បច្ចុប្បន្ន​ពួក​គេ​កំពុង​ដំណើរ​ការ​ គម្រោង​មួយ​ឈ្មោះ​ថា​ OIC: The Cambodia​ Project​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៤​ ដោយ​ប្រមូល​ករណី​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​ផ្សេង​ៗ ​កើត​ឡើង​លើ​កុមារ​កម្ពុជា​ ដើម្បី​​​ជូន​​រដ្ឋាភិបាល​ និង​អង្គការ​សហប្រជាជាតិ។

 

 

 

អ្នក​នាង​ ជា​ ភារម្យ​ អាយុ​៣៤​ មន្ត្រី​ផ្នែក​ស្ដារ​កុមារ​ នៃ​អង្គការ​អភិវឌ្ឍន៍​សមត្ថភាព​ជន​ពិការ​​​ ដែល​កំពុង​ជួយ​ព្យាបាល​កុមារ​៣០​នាក់​ តាម​សហគមន៍​ក្នុង​ខេត្ត​សៀមរាប​ សង្កេត​ឃើញ​ថា​ ៧០​ភាគ​រយ​នៃ​កុមារ​ដែល​ខ្លួន​កំពុង​ជួយ​ព្យាបាល​ មាន​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​នេះ។ កុមារ​ខ្លះ​មាន​បញ្ហា​មិន​អាច​និយាយ​បាន​ ឬ​ញ៉ាំ​អាហារ​បាន​ដោយ​ខ្លួន​ឯង​​តាំង​​ពី​កំណើត​ ឬ​ក្រោយ​ជួប​ឧប្បត្តិហេតុ​ផ្សេង​ៗ។

 

​ កាល​ពី​ប្រាំ​ឆ្នាំ​មុន​ភារម្យ​បាន​ជួប​​កុមារ​មួយ​រូប​ឈ្មោះ​ អ៊ុក​ លិន​ រស់​នៅ​ក្នុង​ភូមិ​បេង​ ឃុំ​ដាន់រុន​ ក្នុង​ស្រុក​សូទ្រ​និគម​ ខេត្ត​សៀមរាប។ លិន​ មាន​បញ្ហា​ទាក់​ទង​នឹង​ខួរ​ក្បាល​តាំង​ពី​កំណើត​ ដែល​ធ្វើ​ឲ្យ​គេ​​មិន​អាច​និយាយ​ ឬ​​បញ្ជា​កាយវិការ​​របស់​ខ្លួន​បាន។

 

ភារម្យ​ថា៖ “លិន​ត្រូវ​បាន​អ្នក​ភូមិ​គិត​ថា​ ជា​ក្មេង​វិកលចរិត។ កុមារ​រូប​នេះ​ពិបាក​ក្នុង​ការ​និយាយ​ ហើយ​ស្ទើរ​រៀង​រាល់​ពេល​និយាយ​ស្ដី​ សមាជិក​គ្រួសារ​ដែល​ស្ដាប់​មិន​យល់​ មិន​ដែល​បន្ត​សួរ​ ឬ​បង្រៀន​គ្នា​ឲ្យ​កាន់​តែ​និយាយ​ច្បាស់​ទេ​​ ពួក​គេ​តែង​តែ​ដើរ​ចេញ”។

 

នៅ​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​នេះ​ គឺ​បន្ទាប់​ពី​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​របៀប​ព្យាបាល​បែប​ “Speech Therapy” ឬ​ “ការ​ព្យាបាល​ពិការ​ទំនាក់​ទំនង”​ ភារម្យ​បាន​ធ្វើ​ការ​ព្យាបាល​លិន​ដោយ​ផ្ទាល់​​ និង​​មាន​ការ​សហការ​ពី​សមាជិក​គ្រួសារ​ ព្រម​ទាំង​គ្រូ​បង្រៀន​នៅ​សាលា​​ ធ្វើ​​ឲ្យ​កុមារ​រូប​នេះ​ចាប់​ផ្ដើម​អាច​និយាយ​បាន​ក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ។

 

“ឥឡូវ​នេះ​ លិន​ និយាយ​បាន​ច្បាស់​ច្រើន​ហើយ។ ពេល​ទើប​ចេះ​តិច​ៗ​ដំបូង​​ ពាក្យ​ខ្លះ​និយាយ​មិន​ត្រូវ​ទេ”។ ភារម្យ​បន្ថែម​យ៉ាង​ដូច្នេះ។

 

លិន​ មាន​បញ្ហា​ចលនា​មាត់​ និង​សំឡេង​មិន​ស៊ី​គ្នា​ ដែល​ធ្វើ​ឲ្យ​និយាយ​មិន​ច្បាស់។ ប៉ុន្តែ​ក្រោយ​ពី​ព្យាបាល​តាម​រយៈ​ការ​បង្ហាញ​រូបភាព​ ការ​លេង​ល្បែង ឬ​ការ​ហ្វឹក​​ហាត់​​ផ្សេង​ៗ​ គាត់​អាច​និយាយ​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​បាន​ទាំង​អស់។ បច្ចុប្បន្ន​អតីត​កុមារ​ពិការ​រូប​នេះ​កំពុង​រៀន​ថ្នាក់​ទី​បី​ហើយ​ និង​ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់​នៅ​ក្នុង​ថ្នាក់​ផង។

 

នៅ​ប៉ុន្មាន​ជិត​បី​ខែ​មុន​ មន្ត្រី​ផ្នែក​ស្ដារ​កុមារ​ដដែល​ក៏​​បាន​ជួប​ករណី​ដោយឡែក​មួយ​ទៀត ​កើត​ឡើង​​លើ​កុមារ​ អាន សុខ​វិសាល ​អាយុ​៤​ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែថ្លុង​ ឃុំ​ដំដែក​ ស្រុក​សូទ្រ​និគម​ ក្នុង​ខេត្ត​សៀម​រាប​នោះ​ដេរ។ ពេល​អាយុ​៣​ឆ្នាំ​ វិសាល​ជា​កុមារ​ពូកែ​សំដី​ម្នាក់​ ដែល​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ស្រឡាញ់​រូប​គេ​ជា​ខ្លាំង​ ប៉ុន្តែ​ថ្ងៃ​មួយ​ វិសាល​បាន​ធ្លាក់​ចូល​ក្នុង​បង្គន់​ ដែល​គ្មាន​អ្នកណា​ដឹង​រហូត​ដល់​៣​ម៉ោង។ បង​ប្រុស​វិសាល​ ដែល​ចូល​ទៅ​បត់ជើង​បាន​ប្រទះ​ឃើញ​ ហើយ​ក៏​សង្គ្រោះ​កុមារ​រូប​នេះ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ប៉ុន្តែ​ក្រោយ​ពី​សង្គ្រោះ​ចេញ​ពី​ក្នុង​បង្គន់​នោះ​មក​ វិសាល​ រង​ទង្គិច​បញ្ហា​ខួរ​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ មិន​អាច​បញ្ជា​កាយវិការ​​ មិន​អាច​និយាយ​ និង​មិន​អាច​ញ៉ាំ​អាហារ​បាន​ទាំង​អស់​ ដែល​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ ទំនង​បណ្ដាល​មក​ពី​ការ​ស្រូប​យក​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក្នុង​បង្គន់​នោះ​ជា​ច្រើន​ម៉ោង​ពេក។

 

រាល់​ថ្ងៃ​ វិសាល​ត្រូវ​ញ៉ាំ​អាហារ​ដោយ​ការ​បញ្ច្រក​តាម​ទុយយោ​បញ្ចូល​តាម​ច្រមុះ។ ដោយសារ​កុមារ​រូប​នេះ​មាន​ពិការភាព​ស្ទើរ​តែ​ពេញ​រាង​កាយ​ទាំង​មូល​ ភារម្យ​បាន​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល​លើ​ផ្នែក​អាទិភាព​មុន​ ដោយ​ដំបូង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​រូប​នេះ​អាច​ញ៉ាំ​អាហារ​តាម​មាត់​បាន។

 

ភារម្យ​បន្ត​ថា៖ “ខ្ញុំ​បាន​ធ្វើ​ការ​ម៉ាស្សា​មាត់​ឲ្យ​គេ​ ដើម្បី​រំញោច​សាច់​ដុំ​ថ្គាម​ អណ្ដាត​ និង​បបូរ​មាត់​ឡើងវិញ។ កាល​ពី​មុន​គេ​អត់​ដឹង​ថា​ អាហារ​ចូល​ដល់​ក្នុង​មាត់​គេ​ផង​ ដូច្នេះ​មិន​ដឹង​ឲ្យ​គេ​ទំពា​​យ៉ាង​ម៉េច​កើត។ ខ្ញុំ​ចាប់​ផ្ដើម​ដាក់​អាហារ​ឲ្យ​ដល់​កណ្ដាល​អណ្ដាត​ និង​បន្ត​ធ្វើ​ម៉ាស្សា​ផ្សេង​ៗ​រហូត​មក​ដល់​ឥលូវ​ គេ​​អាច​លេប​អាហារ​មួយ​ថ្ងៃ​បាន​បី​​ស្លាបព្រា​ហើយ។ ចំណែក​អាហារ​ដែល​បញ្ចុក​តាម​ស្លាប​ព្រា​ ធម្មតា​រៀង​ខាប់​ជាង។ ក្រៅ​ពី​នេះ​ ខ្ញុំ​ឲ្យ​វិសាល​រៀ​ន​ជញ្ជក់​ក្បាល​ដោះ​ ដោយ​មាន​រសជាតិ​ផ្សេង​ៗ​ ដើម្បី​ឲ្យ​គេ​ចាប់​ផ្ដើម​ស្គាល់​រសជាតិ។ ឥឡូវ​ គេ​​អាច​ជញ្ជក់​ក្បាល​ដោះ​ម្ដង​បាន​ដល់​ទៅ​១៥​នាទី”។

 

ភារម្យ​នឹង​ធ្វើ​ការ​សង្កេត​ថា​តើ​កុមារ​រូប​នេះ​ឈឺ​ត្រង់​កន្លែង​ណា​ផ្សេង​ទៀត​នៃ​រាង​កាយ​​ មុន​នឹង​ឈាន​ទៅ​ធ្វើ​ការ​ព្យាបាល​បន្ត​ ហើយ​លទ្ធផល​នេះ​ធ្វើ​​ឲ្យ​ឪពុក​ម្ដាយ​ វិសាល​ ក៏​ដូច​ជា​ឪពុក​ម្ដាយ​ឯទៀត​ ដែល​មាន​កូន​មាន​បញ្ហា​ពិការ​របៀប​នេះ​ បាន​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ខ្លួន។

 

មន្ត្រី​ផ្នែក​ស្ដារ​កុមារ​បន្ថែម​​ទៀត​ថា៖ “ប្រជាជន​តែង​គិត​ថា​ ទាល់​តែ​គាត់​ដាច់​ដៃ​ដាច់​ជើង​ បាត់​អវយវៈ​ណា​មួយ ​ទើប​​​ពិការ​ ប៉ុន្តែ​មិនមែន​អីចឹង​ទេ។ មាន​អវយវៈ​គ្រប់​ក៏​អាច​ថា​ពិការ​បាន​ដែរ។ ពេល​ដែល​យើង​អាច​ជួយ​ព្យាបាល​កូន​របស់​គាត់​បាន​អីចឹង​ គឺ​អាច​ជួយ​កាត់​បន្ថយ​ទុក​លំបាក​គ្រួសារ​របស់​គាត់​បាន​ច្រើន​មែន​ទែន។ ខ្ញុំ​គិត​ថា​ បើ​យើង​មាន​សេវា​នេះ​នៅ​តាម​មន្ទីរ​ពេទ្យ​ នោះ​ពេល​កូន​របស់​ពួក​គាត់​មាន​បញ្ហា​បែប​នេះ​ គាត់​ដឹង​ថា​ត្រូវ​ទៅ​រក​ជំនួយ​ខាង​ណា​មិន​ខាន”។

 

 

 

 

 

អ្នកនាង​ Emma ​Blint អ្នក​គ្រប់​គ្រង​នៃ​ការ​រៃ​អង្គាស​ថវិកា​​​របស់​គម្រោង​នេះ​​ ឲ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​៦០​ម៉ឺន​នាក់​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ មាន​ពិការ​ផ្នែក​ទំនាក់​ទំនង​ និង​ការ​លេប​អាហារ​ ដូច្នេះ​ចាំ​ចាប់​ត្រូវ​មាន​ការ​ព្យាបាល​បែប​ “Speech Therapy”។ គម្រោង​សាក​ល្បង​កំពុង​ធ្វើការ​ប្រមូល​ និង​ព្យាបាល​នៅ​​ខេត្ត​សៀមរាប​ ហើយ​គ្រោង​ពង្រីក​បន្ថែម​នៅ​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ព្រៃ​វែង​ទៀត។ បច្ចុប្បន្ន​ OIC: The Cambodia​ Project​ កំពុង​រៃ​អង្គាស​ថវិកា​ចំនួន​ ២៨០០០​ ដុល្លារ​ ដើម្បី​ធ្វើ​ការ​​បណ្ដុះ​បណ្ដាល​អ្នក​ព្យាបាល​ និង​​គ្រូ​បង្រៀន​តាម​សាលា។

 

Emma បន្ថែម​ថា៖ “យើង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​រឿង​ទាំង​នេះ​ ហើយ​យើង​នឹង​ជម្រាប​ជូន​ទៅ​​រដ្ឋាភិបាល​ថា​ ប្រជាជន​ត្រូវ​ការ​ “Speech Therapy”។  យើង​អាច​ផ្លាស់​ប្ដូរ​បញ្ហា​ពិការភាព​របស់​កុមារ​ទាំង​នេះ​បាន។ បច្ចុប្បន្ន​ពួក​គេ​មិន​ដឹង​ទៅ​រក​សេវាកម្ម​ទាំង​នេះ​នៅ​ទី​ណា​នោះ​ទេ។ នៅ​ អាមេរិក​ គេ​មាន​មណ្ឌល​ព្យាបាល​ បែប Speech Therapy​ ដល់​ទៅ​១២០​ ០០០​កន្លែង​ នៅ​អូស្ត្រាលី​មាន​៧​០០០​កន្លែង ​នៅ​អង់គ្លេស​មាន​១៤​ ៥០០​​កន្លែង​ និង​នៅ​សាំងហ្គាពួរ​ ដែល​ជា​ប្រទេស​តូច​មួយ​ ក៏​មាន​៤០០​កន្លែង​ដែរ”៕

 

OIC: The Cambodia​ Project​ កំពុង​រៃ​អង្គាស​ថវិកា​ចំនួន​ ២៨០០០​ដុល្លារ​ រហូត​ដល់​ថ្ងៃ​១៩​ ខែ​ឧសភា។ អ្នក​ដែល​ចង់​បរិច្ចាគ​ អាច​បរិច្ចាគ​ផ្ទាល់​តាម​រយៈ OIC: The Cambodia​ Project​ នេះ​ផ្ទាល់។

 

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទថ្មី