សំបុត្រទស្សនា Arsenal នៅសិង្ហបុរីខែកក្កដា ចេញលក់ហើយ
- 2015-05-14 21:44:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រទស្សនា Arsenal នៅសិង្ហបុរីខែកក្កដា ចេញលក់ហើយ
ចន្លោះមិនឃើញ
អាចថាជាដំណឹងល្អសម្រាប់អ្នកគាំទ្រក្រុម Arsenal ក៏ថាបាន ត្បិតអីក្រុមរបស់អង់គ្លេសមួយនេះ នឹងមកប្រកួតក្នុងពានរង្វាន់ Barclays Asia Trophy នៅប្រទេសសិង្ហបុរី នាខែកក្កដាខាងមុខនេះ។ យោងតាមវិបសាយផ្លូវការរបស់ក្លិបនេះ បានឲ្យដឹងថាសំបុត្រទស្សនាបានចេញលក់ហើយ។
ពានសម្រាប់ត្រៀមបើករដូវកាលថ្មីនេះ នឹងធ្វើឡើងក្នុងកីឡដ្ឋានជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកអ្នកទស្សនាបាន៥៥០០០នាក់។ ការប្រកួតដែលមាន៤ក្រុម ប្រកួតតាមរូបមន្តចាញ់ធ្លាក់នេះ នឹងធ្វើឡើង២ថ្ងៃ គឺថ្ងៃទី១៥ កក្កដា និង១៨កក្កដា។
នេះជាការធ្វើដំណើរមកកាន់សិង្ហបុរីជាលើកដំបូងសម្រាប់ Arsenal គិតចាប់ពីឆ្នាំ១៩៩១មក ហើយក៏ជាលើកដំបូងដែរសម្រាប់ក្រុមលោក Arsene Wenger ដែលចូលរួមក្នុងពានរង្វាន់នេះ។
ក្រុម៣ផ្សេងទៀតដែលត្រូវប្រជែងនឹងកាំភ្លើងធំ រួមមាន Everton, Stoke City និង Singapore XI។ រីឯកម្មវិធីប្រកួត គឺ Everton ត្រូវប៉ះ Stoke City ឯ Arsenal ប៉ះម្ចាស់ផ្ទះ Singapore XI នាថ្ងៃទី១៥ កក្កដាដូចគ្នា។ ក្រុមណាដែលឈ្នះ នឹងឡើងជួបគ្នានាវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៨ ឯក្រុមចាញ់ត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៣។
សំបុត្រទស្សនា គឺមានតម្លៃ ១០៥ដុល្លារសិង្ហបុរី (ជាង៧៩ដុល្លារអាមេរិក) សម្រាប់ការប្រកួតថ្ងៃទី១៥ និង១១៥ដុល្លារសិង្ហបុរី (ជាង៨៧ដុល្លារអាមេរិក) សម្រាប់ប្រកួតថ្ងៃទី១៨។ សម្រាប់ការកក់ទុកមុន នឹងមានការគិតតម្លៃបន្ថែម៤ដុល្លារសិង្ហបុរី បូកបន្ថែមថ្លៃផ្ញើសំបុត្រទៅក្រៅប្រទេស។ ការទិញផ្ទាល់នៅសិង្ហបុរី មិនគិតថ្លៃបន្ថែមនោះទេ។
ក្រៅពីប្រកួតនៅសិង្ហបុរី ក្រុមកាំភ្លើងធំ Arsenal ក៏អាចនឹងធ្វើដំណើរបន្តទៅប្រកួតទល់នឹងក្រុមថៃនាខែកក្កដាដដែលផងដែរ (ចុចអានលម្អិត)។
*ចង់ទិញសំបុត្រទស្សនា សូមចុចត្រង់នេះ
យ៉ាងណាដែរ មានប្រិយមិត្ត Arsenal ណាចាប់អារម្មណ៍ឬអត់?
ចុចអាន៖ Arsenal មានគម្រោងទៅលេងមិត្តភាពនៅថៃ
ប្រភព៖ arsenal