ស្ទើរ​មិន​គួរ​ឲ្យ​ជឿ!​ បង្កើត​ក្រុមហ៊ុន​ជា​មួយ​​ដើម​ទុន ​ត្រឹម​​ម៉ូតូ​​ល្អ​​មួយ​​គ្រឿង​

  • 2014-10-10 16:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ទទួល​បក​ប្រែ​​មួយ​ ដែល​មាន​​ទីតាំង​ស្ថិត​​នៅ​ម្ដុំ​ទួល​ស្វាយ​ព្រៃ​ I ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​បង្កើត​ឡើង​​​​ជាមួយ​​នឹង​​​ដើម​​ទុន​ចំនួន​​​ ២​ពាន់​ដុល្លារ​ ​​ស្មើ​នឹង​ម៉ូតូ​ល្អ​មួយ​គ្រឿង​ប៉ុណ្ណោះ​អាច​ដំណើរ​ការ​បាន​​​។ លោក​ ​ស៊ុំ ស៊ី​ថែន​ ​​គឺជា​ម្ចាស់​អាជីវកម្ម​ ក្នុង​ទីតាំង​ខាង​​លើ។​​​ ​​​

​លោក​ថា ទម្រាំ​ក្រុមហ៊ុន​នេះ​លេច​ចេញ​ជា​រូបរាង​បាន​ដូច​សព្វ​ថ្ងៃ​ លោក​ត្រូវ​ពុះ​ពារ​ឧបសគ្គ​តូច​ធំ​សព្វ​បែប​យ៉ាង​។ ប៉ុន្តែ​ដំបូង​ឡើយ លោក ស៊ី​ថែន​បាន​សហការ​គ្នា​ជាមួយ​មិត្ត​ភ័ក្ដិ​ ដែល​មិត្ត​របស់​លោក​ជា​អ្នក​ចេញ​ដើម​ទុន​ ដូច​ជា​ផ្ទះ​សម្រាប់​បង្កើត Office ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ ឯ​លោក​​ចេញ​ធនធាន​ជា​អ្នក​ចាត់​ចែង​ការងារ​បុគ្គលិក​ មើល​ការ​ខុស​ត្រូវ​ក្នុង​ការិយាល័យ​ និង​ស្វែង​រក​អតិថិជន​។

​លោក​ ស៊ី​ថែន ​បាន​បង្ហើប​គន្លឹះ​សំខាន់​ថា៖ ” មាន​មនុស្ស​មិន​តិច​ទេ​ដែល​ឆ្ងល់​ថា​ ខ្ញុំ​អត់​មាន​ដើម​ទុន​សូម្បី​បន្តិច​​ហេតុ​អ្វី​មិត្តភ័ក្ដិ​ខ្ញុំ​ព្រម​ ចូល​ហ៊ុន​រក​ស៊ី​បង្កើត​​​ជាមួយ​។ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ជា​មនុស្ស​មាន​សមត្ថភាព​ មាន​អត្តចរិត​អាច​ទុក​ចិត្ត​បាន ម៉្យាង​ចូល​ហ៊ុន​ជាមួយ​គាត់ ខ្ញុំ​ត្រូវ​​ប្រើ​ប្រាស់​ធន​ធាន​កម្លាំង​ប្រាជ្ញា​។ ​ចំពោះ​មុខ​របរ​ធំ​ៗ​ត្រូវ​ការ​លុយ​តម្កល់​ដើម្បី​ទុក​ចិត្ត​គ្នា​ តែ​មុខ​របរ​នេះ​ពឹង​លើ​ដៃ​គូ​​ មិត្ត​ខ្ញុំ​អត់​មាន​ជំនាញ​ខាង​នេះ​ឡើយ​ តែ​ខ្ញុំ​មាន​​​ហើយ​ដៃ​គូ​​ខ្ញុំ​រវល់​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​មើល​ ការ​ខុស​ត្រូវ​ Office ដូច្នេះ​គេ​ផ្ដល់​ទី​កន្លែង និង​ធន​ធាន​ខ្លះ​ៗ​ តែ​ការ​ចែក​ភាគ​រយ​មិន​ស្មើ​គ្នា​ដែរ​ ព្រោះ​ខ្ញុំ​អត់​មាន​ដើម​ទុន​ហើយ​ប្រើ​ប្រាស់​ធន​ធាន​របស់​គេ​មួយ​ចំនួន​។ ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ឆ្ពោះ​ទៅ​មុខ​ និង​សហការ​យ៉ាង​រីករាយ​ជាមួយ​ដៃ​គូ​របស់​ខ្ញុំ​”។ ​

 

 

បើក​ដំណើរ​ការ​ ក្រុម​ហ៊ុន​ដំបូង​ មិន​សូវ​មាន​អតិថិជន​ទេ​ ព្រោះ​គេ​មិន​ទាន់​ស្គាល់។ ក្រោយមក​លោក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​តាម​ Yellow Page និង​ប្រាប់​អ្នក​ស្គាល់​ត​ៗ​គ្នា ម្ល៉ោះ​ហើយ​ក៏​ចេះ​តែ​​មាន​អតិថិជន​កាន់​តែ​ច្រើន​ឡើង​ៗ​។ លុះ​ដល់​ ឆ្នាំ​២០០៩​ លោក​បែក​គំនិត​ព្រោះ​លោក​ចង់​មាន​ភាព​ឯករាជ្យ​លើ​អាជីវកម្ម​មួយ​ពិត​ប្រាកដ​ ។ លោក​និយាយ​៖ “ខ្ញុំ​ជឿ​ថា​ ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​សារ​ខ្ញុំ​មាន​បទពិសោធន៍​ខាង​បក​ប្រែ​ ហើយ​កាល​ដើម​​​ឡើយ​​ខ្ញុំ​ចាប់​ផ្ដើម​ដោយ​គ្មាន​លុយ​សោះ តែ​ឥលូវ​ខ្ញុំ​មាន​ដើម​ទុន​តិច​តួច​ល្មម​អាច​បង្កើត​វា​បាន ដូច​នេះ​ខ្ញុំ​គួរ​តែ​សាក​ល្បង​ធ្វើ​វា​ឡើង​”។

 

​​ដូច​ពាក្យ​គេ​​តែង​​ពោល​ថា​ គ្មាន​អ្វី​កើត​ឡើង​ដោយ​ងាយ​ស្រួល​ឡើយ​។ ស៊ី​ថែន​​ស្ទើរ​តែ​អស់​លុយ​ពី​ខ្លួន​សម្រាប់​មុខ​របរ​មួយ​នេះ​។ ដើម​ទុន​ត្រឹម​ពីរ​ពាន់​ដុល្លារ ត្រូវ​ចំណាយ​​លើ​ថ្លៃ​ជួល​ការិយាល័យ​ ដែល​មាន​ទីតាំង​ច្បាស់​លាស់​នៅ​សង្កាត់ ​ទួល​ស្វាយ​ព្រៃ​ I ខណ្ឌ​ចំ​ការ​មន​ ភ្នំពេញ​ រួម​ទាំង​​សម្ភារៈ​​ទឹក​ភ្លើង​ និង​បុគ្គលិក​ផង​ដែរ​​។ ​

ម៉ូយ​ដំបូង​របស់​ក្រុមហ៊ុន​ទើប​ បង្កើត​ឡើង​នេះ សុទ្ធ​តែ​ជា​មិត្ត​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​របស់​ស៊ី​ថែន​​។ ​ពេល​ទៅ​ណា​មក​ណា​​ លោក ស៊ីថែន​តែង​ប្រាប់​គេ​ឯង​ថា​ បើ​សិន​ជា​ត្រូវ​ការ​បក​ប្រែ​អាច​ទាក់​ទង​លោក​បាន​ ព្រោះ​លោក​បាន​បើក​ក្រុម​ហ៊ុន​ ដែល​មាន​បក​ប្រែ​ភាសា​ដូច​ជា​ភាសា​បារាំង​ អង់គ្លេស​ ថៃ​ វៀតណាម​ ចិន​ ជប៉ុន​ កូរ៉េ​ ម៉ាឡេស៊ី និង​ឡាវ​។ តែ​ពួក​គេ​និយាយ​វិញ​ថា​ ក្រុម​ហ៊ុន​អី គេ​អត់​ដែល​ស្គាល់​ផង​គេ​ស្គាល់​តែ​ក្រុមហ៊ុន​ល្បី​ៗ​ប៉ុណ្ណោះ​​ ហើយ​លោក​ស៊ី​ថែន​​បាន​ប្រាប់​ទៅ​វិញ​ថា​ ក្រុម​ហ៊ុន​លោក​ក៏​មាន​លទ្ធភាព​អាច​បក​ប្រែ​ល្អ​ដូច​គេ​បាន​ដែរ​។

 

ក្រៅពី​វិបត្តិ​ទាំង​នេះ ឧបសគ្គ​ប៉ិន​ភ្នំ​ភ្លើង​ផ្សេង​ទៀត​​ គឺ​ស៊ី​ថែន​ត្រូវ​ប្រឈម​ជាមួយ​ការ​ស្វែង​រក​អតិថិជន​ និង​សេចក្ដី​ទុក​ចិត្ត​ម្ដង​ទៀត​។ ដោយ​លោក​មើល​ឃើញ​ថា ការ​រក​ស៊ី​តែង​មាន​ការ​ប្រកួត​ប្រជែង​ ហើយ​ក្រុមហ៊ុន​លោក​ទើប​បង្កើត ដូចនេះ​លោក​បាន​យក​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ដាក់​បញ្ជី​នៅ​ក្រសួង​ដើម្បី​ឲ្យ​ អតិថិជន​មាន​ទំនុក​ចិត្ត​ ដែល​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ថា​ Diya Translation ព្រម​ទាំង​បង្កើត​គេ​ហ​ទំព័រ​ www.diyatranslation.com  ក្នុង​គោល​បំណង​ឲ្យ​គេ​ស្គាល់​បាន​ទូ​លំ​ទូ​លាយ​ ។ លើស​ពី​នេះ លោក​មាន​សេវាកម្ម​ Promotion ពិសេស​ ដូច​ជា​​​Free មួយ​ទំព័រ​ដើម្បី​ឲ្យ​ភ្ញៀវ​ដឹង​ពី​ស្នាដៃ​ និង​តម្លៃ​ ព្រោះ​បើ​ក្រុមហ៊ុន​ថ្មី តែ​តម្លៃ​ដូច​គេ ​មិន​មាន​ភាព​ទាក់​ទាញ​ឡើយ​​ ដូច​នេះ​លោក​ព្យាយាម​បញ្ចុះ​​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​បក​ប្រែ​ដទៃ ។ ​

លោក បញ្ជាក់​៖ “ខ្ញុំ​ចាប់​ផ្ដើម​​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​ស្វែង​រក​ Free​lancers ឬ​បុគ្គលិក​បណ្ដែត​ណា​ដែល​មិន​មែន​ជា​បុគ្គលិក​ពេញ​ម៉ោង​​ ហើយ​សុខ​ចិត្ត​ចំណេញ​ក្បាល​កាក់​ពី​លើ​ ប្រហែល​ល្អ​ ។ បន្ទាប់មក ខ្ញុំ​ក៏​ទៅ​ទាក់​ទង​ជាមួយ​មិត្ត​ណា​ដែល​ខ្ញុំ​យល់​ថា ​គេ​អាច​មាន​ពេល​សម្រាប់​ការងារ​នេះ​បាន​ ដោយ​ចរចា​ជាមួយ​ប្រាក់​កម្រៃ​។ ដល់​និយាយ​ត្រូវ​រ៉ូវ​គ្នា​ ខ្ញុំ​ចាប់​ផ្ដើម​អនុវត្ត​ ហើយ​ភ្ញៀវ​មិន​ដែល​ក្នក់​ក្នាញ់​​ចិត្ត​ អី​ទេ​។ លើស​ពី​នេះ​គេ​សរសើរ​ថា​ ក្រុម​ហ៊ុន​ខ្ញុំ​មាន​សេវាកម្ម​បក​ប្រែ​ល្អ​ រហ័ស​ទាន់​ចិត្ត​ និង​មាន​តម្លៃ​សមរម្យ។ ​ដោយ​សារ​តែ​លឺ​ពាក្យ​ទាំង​អស់​នេះ​ហើយ​ ទើប​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ចេះ​តែ​បន្ត​វា​រហូត​មក​ វា​ប្រៀប​ដូច​ជា​ឱសថ​ទិព្វ​មក​ពី​ណា​មិន​ដឹង​ទេ មាន​ពេល​ខ្លះ​ខ្ញុំ​ញញឹម​តែ​ហូរ​ទឹក​ភ្នែក​ ព្រោះ​តែ​ពាក្យ​ទាំង​នោះ​”៕

 

អាន​អត្ថបទ៖ ​តួឯក​ក្នុង​វីដេអូ​គ្លីប​​ផ្ទុះ​សំណើច​​ពេញ​បណ្តាញ​សង្គម​ ហាន​ គីមហាំ​ ​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​? សូម​ចុច​ត្រង់​នេះ​

អត្ថបទ៖ ​សុ​នា​

អត្ថបទពេញនិយម